ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឈ្មួញ​ចាក់​ដីខ្សាច់​លុប​បឹង​ធម្មជាតិ​អស់​មួយ​ចំហៀង​​បឹង គ្មាន​ដំណោះស្រាយ​(​វី​ដេ​អូ​)

1 ឆ្នាំ មុន
  • កណ្តាល

សកម្មភាព​រថយន្ត​សម្រុក​ដឹក​ជញ្ជូន​ដីខ្សាច់​ចាក់​លុប​បឹង​សាធារណៈ ដែល​ជា​បឹង​ធម្មជាតិ​សម្បត្តិ​របស់​រដ្ឋ​រាប់រយ​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​អស់​ស្ទើរ​មួយ​ចំហៀង​បឹង​។ មិនតែប៉ុណ្ណោះ

ខេត្តកណ្តាល ៖ សកម្មភាព​រថយន្ត​សម្រុក​ដឹក​ជញ្ជូន​ដីខ្សាច់​ចាក់​លុប​បឹង​សាធារណៈ ដែល​ជា​បឹង​ធម្មជាតិ​សម្បត្តិ​របស់​រដ្ឋ​រាប់រយ​ហិ​កតា ស្ថិត​នៅ​ក្នុងភូមិ​រទាំង ឃុំ​ភូមិធំ ស្រុក​កៀនស្វាយ ខេត្តកណ្តាល យក​ធ្វើ​ជា​កម្មសិទ្ធិឯកជន​អស់​ស្ទើរ​មួយ​ចំហៀង​បឹង​។ មិនតែប៉ុណ្ណោះ លុប​រំ​លោ​.​ភ​ចូល​ដល់​ដីស្រែ​ចម្ការ​​ដែល​ជា​កម្មសិទ្ធិ​របស់​បងប្អូន​ប្រជាពលរដ្ឋ​អស់​ចំនួន​៥​គ្រួសារ​ទៀត ដោយ​អស់​ដី​ម្នាក់​ៗ​ប្រហែល​៤០​ម៉ែត្រ​ទៅ​ជាង​១០០​ម៉ែត្រ ដោយ​គ្មាន​ដំណោះស្រាយ​ថែម​ទៀត​ផង​។

បើ​តាម​ប្រជាពលរដ្ឋ​រស់នៅ​ក្នុងភូមិ​រទាំង បាន​រៀបរាប់​ប្រាប់​អ្នក​សារព័ត៌មាន​ប្រហាក់ប្រហែល​គ្នា​អោយ​ដឹង​កាលពី​រសៀល​ថ្ងៃ​ទី​០១ ខែមករា ឆ្នាំ​២០២៣​នេះ​ថា បឹង​រទាំង​អស់នេះ គឺជា​បឹង​ធម្មជាតិ កើត​មាន​ឡើង​តាំងពី​ដូនតា​មក​ម្ល៉េះ ដែល​មាន​សារៈសំខាន់​ខ្លាំង​ណាស់​សម្រាប់​បងប្អូន​ប្រជាពលរដ្ឋ​ក្នុងស្រុក​កៀនស្វាយ ខេត្តកណ្តាល និង​ប្រជាពលរដ្ឋ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ រាជធានី​ភ្នំពេញ ប្រកប​មុខ​របរ​អាស្រ័យ​ផល​ចិញ្ចឹមជីវិត​ដូច​ជា ៖ យក​ទឹក​ប្រើប្រាស់​ស្រោច​ស្រប​ផលដំណាំ​ផ្សេង​ៗ រក​នេសាទ​ត្រី​លក្ខណៈ​គ្រួសារ​ជា​ប្រចាំ ជា​ពិសេស​ក៏​ជា​ប្រព័ន្ធ​រំដោះ​ទឹក​ដ៏​មាន​សារៈសំខាន់ ដើម្បី​បញ្ជៀ​ស​ជំនន់​ទឹកភ្លៀង​នា​រដូវ​ស្សា ហូរ​ធ្លាក់​ចូល​ទៅ​ទន្លេបាសាក់ កុំអោយ​មានការ​ជន់​លិច​ផលដំណាំ និង​ផ្ទះសម្បែង​របស់​បងប្អូន​ប្រជាជន​រស់នៅ​អម​សងខាង​តាម​មាត់បឹង នៃ​ស្រុក​-​ខណ្ឌ​ទាំង​២​ខាងលើ​។

ពលរដ្ឋ​បន្ត​ថា ពួក​គាត់​រស់នៅ​សុទ្ធតែ​ទទួល​បាន​របប​ដី​ដែល​រដ្ឋអំណាច ចែក​អោយ​តិច ឬ​ច្រើន​ទៅ​តាម​សមាជិកគ្រួសារ ហើយ​ខ្លះ​ក៏​បាន​សាងសង់​លំនៅ​ឋាន​ស្នាក់​នៅ​ជា​អចិន្ត្រៃយ៍ រីឯ​អ្នកខ្លះ​ទៀត​ក៏​បាន​លក់​ដោះ​ដូរ​ដី​បន្ត​ទៅ​អោយ​អ្នក​ផ្សេង ដោយសារ​ក​ក្តា​ជីវភាព​ខ្វះខាត​។ ប៉ុន្តែ​អ្វី​ដែល​សំខាន់ នៅ​ពេល​ដី​មាន​ហាងឆេង ស្រាប់តែ​មាន​ក្រុម​ឈ្មួញ​ចុះ​មក​ទិញ​រៀបចំ​ដី​អោយ​ក្រុមហ៊ុន បុរី​ប៉េង​ហួត រួច​ហើយ​ធ្វើ​សកម្មភាព​ចាក់​ដីខ្សាច់​លុប​យក​បឹង​អស់​ស្ទើរ​មួយ​ចំហៀង​ទៅ​ហើយ និង​រហូត​ចូល​ដល់​ដី​កម្មសិទ្ធិ​របស់​ពលរដ្ឋ​ម្នាក់​ៗ​អស់​ប្រវែង​ចូល​៤០​ម៉ែត្រ​ទៅ​ជាង​១០០​ម៉ែត្រ ដោយ​គ្មាន​ដំណោះស្រាយ​ឡើយ​។

ពលរដ្ឋ​ម្ចាស់​ដី​បាន​និយាយ​បន្ត​ថា ពួក​គាត់​បាន​នាំ​គ្នា​ផ្តិត​មេដៃ​ដាក់​ពាក្យ​ប្តឹង​ទៅ​សាលាឃុំ និង​សាលាស្រុក​ជា​ច្រើ​ក​លើក​ច្រើន​សារ​ហើយ តែ​ដំណោះស្រាយ​មិន​មាន​ប្រសិទ្ធភាព​សោះ ដោយសារ​អាជ្ញាធរ​ដោះស្រាយ​ហាក់បីដូចជា​លំអៀង​ទៅ​ខាង​ក្រុម​ឈ្មួញ​ដី​។ ហើយ​រឿង​ពាក្យបណ្តឹង​របស់​ប្រជាពលរដ្ឋ​អាជ្ញាធរ​ប្រ​ងើយ​កន្តើយ តែបើ​ឈ្មួញ​ដី​ប្តឹង​ពលរដ្ឋ​វិញ គឺ​ដឹង​តែ​ចុះ​មក​អនុវត្ត​លឿន​តែ​ម្តង​។

ប្រភព​ដដែល​និ​យា​យា​ថា ដី​នេះ គឺ​ឈ្មួញ​ដី​ឈ្មោះ អ៊ា​ប ទិ​ត្យ​ឆេ​ង ជា​អ្នកទិញ​រៀបចំ​អោយ​ក្រុមហ៊ុន បុរី​ប៉េង​ហួត​។

ជុំវិញ​បញ្ហា​ខាងលើ​នេះ លោក មាន ណាត មេឃុំ​ភូមិធំ បាន​ប្រាប់​អោយ​ដឹង​តាម​ទូរស័ព្ទ​ថា ដី​នេះ ជា​ដី​មាន​ប្លង់​កម្មសិទ្ធិ​របស់​ឈ្មោះ អ៊ា​ប ទិ​ត្យ​ឆេ​ង បាន​ទិញ​តាំងពី​រូប​លោក​មិន​ទាន់​ឡើង​កាន់​តំណែង​ជា​មេឃុំ​ឯណោះ មិន​ប៉ះពាល់​ដី​បឹង​នោះ​ទេ​។ ចំពោះ​ពាក់ព័ន្ធ​ជាមួយ​ប្រជាពលរដ្ឋ គឺ​អាជ្ញាធរ​ដោះស្រាយ​យោង​ទៅ​តាម​ឯកសារ​ជា​ច្រើន​លើក​ច្រើន​សារ​ហើយ តែ​ពលរដ្ឋ​គាត់​មិន​ព្រម​ទទួលយក​ដំណោះស្រាយ​។

ចំណែក​លោក ឡូ​វ សុខ​សាន អភិបាលស្រុក​កៀនស្វាយ បាន​ប្រាប់​តាម​សម្លេង​តេ​ឡេ​ក្រាម​អោយ​ដឹង​ដែរ​ថា ពលរដ្ឋ​ខ្លះ​គាត់​ទិញ​ដី​គេ​បន្ត ក្នុង​ឯកសារ​មាន​ក្បាលដី​ត្រឹមតែ​១០​ម៉ែត្រ​បណ្តោយ​១០០​ម៉ែត្រ​ប៉ុណ្ណោះ​។ តែ​ដល់​ពេល​គាត់​ទាមទារ​យក រហូត​ដល់​ទៅ​ជាង​១០០​ម៉ែត្រ​លើស​ឯកសារ​។ រីឯ​ការ​ចោទ​ថា អាជ្ញាធរ​លំអៀង​ទៅ​ខាង​ឈ្មួញ​នោះ ក្នុង​នាម​អាជ្ញាធរ​ស្រុក រូប​លោក​សុំ​ច្រានចោល​មិន​អាច​ទទួល​យក​បាន​ទេ ព្រោះ​យន្តការ​ដោះស្រាយ គឺ​ឈរ​នៅ​ខាង​ប្រជាពលរដ្ឋ​ជា​និច្ច​។

រីឯ​ឈ្មួញ​ដី​ដែល​មានឈ្មោះ អ៊ា​ប ទិ​ត្យ​ឆេ​ង​វិញ ភ្នាក់ងារ​យើង​មិន​អាច​ទំនាក់ទំនង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយសារ​គ្មាន​លេខ​ទូរស័ព្ទ​ទាក់ទង​។

ព័ត៌មាន​បន្ថែម​នឹង​មាន​ផ្សាយ​ជូន​នៅ​លើ​កាសែត​កោះសន្តិភាព​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ