ភ្នំពេញ៖ គ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២២ នៅទូទាំងប្រទេស បានកើតឡើងចំនួន ២.៩៧៦លើក បណ្តាលឱ្យស្លា.ប់ ចំនួន ១.៧០៩នាក់ និងរបួសចំនួន ៤.០២៦នាក់ (របួសធ្ងន់ ២.៥៧៩នាក់)។
គណៈកម្មាធិកាជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានឱ្យដឹងថា ក្នុងឆ្នាំ២០២២ ករណីគ្រោះថ្នាក់ចរាចរណ៍ នៅទូទាំងប្រទេស បានកើនឡើង ១៤ភាគរយ បើធៀបនឹងឆ្នាំ២០២១។ ក្នុងនោះ ករណីគ្រោះថ្នាក់ចរាចរណ៍មានជិត ៣ពាន់ករណី និងបណ្តាលឱ្យមានមនុស្សស្លាប់មានជាង ១៧០០នាក់ ខណៈអ្នករងរបួសវិញ មានជាង ៤ពាន់នាក់។ បើតាមគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងចំណោមបទល្មើសចរាចរណ៍ជិត ៣ពាន់ករណីខាងលើ ជនល្មើសចំនួន ៣១៦នាក់ ត្រូវបានបញ្ជូនទៅកាន់តុលាការ។
រាយការណ៍ខាងលើនេះ ត្រូវបានប្រកាស កាលពីព្រឹកថ្ងៃចន្ទ ទី៣០ ខែមករា ឆ្នាំ២០២៣នេះ ក្នុងពិធីបូកសរុបលទ្ធផលការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ ក្រោមអធិបតីភាពសម្ដេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ដ្រី រដ្ឋមន្ដ្រីក្រសួងមហាផ្ទៃ និងជាប្រធានគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក (គ.ស.ច.គ)។
សម្ដេចក្រឡាហោម ស ខេង បានមានប្រសាសន៍ថា ទិន្នន័យគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក នៅឆ្នាំ២០២២ ខាងលើនេះ នៅតែមានហានិភ័យខ្ពស់ ជាងគ្រោះថ្នាក់សង្គមនានា ដែលបានសម្លា.ប់អាយុជីវិតប្រជាពលរដ្ឋរៀងរាល់ថ្ងៃ និងបានបន្សល់ទុកនូវសោកនាដកម្មជាច្រើនដល់ប្រជាពលរដ្ឋ ដូចជា៖ ការរងរបួស ពិការភាព និងការខាតបង់ទ្រព្យសម្បត្តិ ហើយក៏ជាឧបសគ្គ ធ្វើឱ្យរាំងស្ទះដល់ដំណើរការអនុវត្តគោលនយោបាយកាត់បន្ថយភាពក្រីក្រផងដែរ។
សម្ដេចក្រឡាហោម បន្ថែមថា គ្រោះថ្នាក់ទាំងនេះ បានបង្កដោយអ្នកប្រើប្រាស់ផ្លូវមួយចំនួន ដែលមិនគោរពប្រតិបត្តិច្បាប់ ខ្វះសីលធម៌ ខ្វះការយោគយល់ អធ្យាស្រ័យ ហាក់បីដូចជា មិនស្រឡាញ់ជីវិតខ្លួនឯង ឬជីវិតអ្នកដទៃ។
សម្ដេចក្រឡាហោម បញ្ជាក់ថា ស្ថានភាពគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២២ បានតម្រូវឱ្យយើង ត្រូវធ្វើការត្រួតពិនិត្យឡើងវិញនូវចំណុចវិជ្ជមាន និងអវិជ្ជមាន ដើម្បីដកពិសោធន៍ និងដោះស្រាយបញ្ហាប្រឈមឱ្យបានទាន់ពេលវេលា សំដៅកែលម្អ និងបង្កើនប្រសិទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ក្នុងឆ្នាំ២០២៣ នេះ។
ក្នុងន័យនេះ ដើម្បីទទួលជោគជ័យ ក្នុងការរក្សាសុវត្ថិភាពចរាចរណ៍ផ្លូវគោក ឆ្នាំ២០២៣ សម្ដេចក្រឡាហោម ក៏បានណែនាំដល់ថ្នាក់ដឹកនាំគ្រប់លំដាប់ថ្នាក់ ត្រូវបន្តជំរុញអនុវត្តឱ្យបានសម្រេចនូវទិសដៅ ដែលបានដាក់ចេញ និងប្ដេជ្ញាចិត្តដោះស្រាយបញ្ហាប្រឈមនានា សំដៅរួមគ្នាទប់ស្កាត់គ្រោះថ្នាក់ចរារចរណ៍ នៅប្រទេសកម្ពុជាយើង។
ចំពោះប្រតិបត្តិការត្រួតពិនិត្យនូវការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក នៅឆ្នាំ២០២២ នៅទូទាំងប្រទេស សមត្ថកិច្ចបានត្រួតពិនិត្យយានយន្ត សរុបចំនួន ១.១២១.១៣៦គ្រឿង ក្នុងនោះ ម៉ូតូចំនួន ៧៤% ហើយរកឃើញយានយន្ដល្មើស និងពិន័យចំនួន ១៤២.៨១៧គ្រឿង៕
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ