ជំងឺជើងធំដូចដំរីបង្កឡើងដោយពពួកព្រូនដង្កូវឈ្មោះ «វុចឆេរីយ៉ាបង់ក្រូវទី» ដែលធ្វើឲ្យជើងហើមធំដូចជើងដំរី ធ្លាប់កើតមាននៅភាគខាងជើងប្រទេសដូចជារតនគិរី ស្ទឹងត្រែង និងព្រះវិហារជាដើម ។
លោកវេជ្ជបណ្ឌិតលី សូវ៉ាន់ អ្នកនាំពាក្យក្រសួងសុខាភិបាល ឲ្យដឹងថា ជំងឺជើងធំដូចដំរី ឆ្លងតាមរយៈមូសប្រភេទអាណូហ្វែល ដែលធ្វើឲ្យប៉ះពាល់ដល់ប្រព័ន្ធឡាំហ្វាទិក ធ្វើឲ្យជើងឡើងធំដូចជើងដំរី ។ ប៉ុន្តែជំងឺនេះត្រូវបានលុបបំបាត់និងទទួលបានវិញ្ញាបនបត្រ និងពានរង្វាន់លុបបំបាត់ជំងឺជើងធំដូចជើងដំរី (ជំងឺហ្វ៊ីឡារីយ៉ាស៊ីស) ពីអង្គការសុខភាពពិភពលោកប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិកខាងលិចកាលពីថ្ងៃទី១០ ខែតុលាឆ្នាំ២០១៦ ។
លោកវេជ្ជបណ្ឌិតលី សូវ៉ាន បញ្ជាក់ថា កន្លងទៅ ថ្មីៗនេះ នៅតាមហ្វេសប៊ុកមានព័ត៌មានមួយចុះផ្សាយថាប្រទេសកម្ពុជាកើតមានជំងឺជើងធំ ហើយបុគ្គលិករបស់ក្រសួងសុខាភិបាលបានទៅស្រាវជ្រាវ ភ្លាមៗ ប៉ុន្តែវាមិនមែនជាករណីកើតមានជំងឺជើងធំទេ វាជាបញ្ហាស្ទះទឹករងៃ ដូច្នេះមកទល់ពេលនេះមិនមានជំងឺជើងធំដូចដំរីទេ ។ ជំងឺជើងដំរីឆ្លងតាមរយៈមូសប្រភេទអាណូហ្វែល ដូច្នេះត្រូវតែការពារមិនឱ្យមានមូសនិងលុបបំបាត់ជម្រកមូសឱ្យអស់ ពិសេសនៅតាមអាងទឹកនានាត្រូវតែដាក់ត្រីកន្ទុយបីដើម្បីការពារមិនឱ្យមានមូសខាំ និងអាចចម្លងទៅជាជំងឺ ផ្សេងៗ ពិសេសជំងឺគ្រុនឈាម គ្រុនចាញ់និងជំងឺជើងធំដូចដំរីនេះ ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង បញ្ជាក់ថា រាល់ពេលដែលមានអ្វីកើតឡើងប្លែក ដូចជាមានសញ្ញាជើងធំខុសពីធម្មតា ឬក៏មានអាការគ្រុនក្តៅ មានចេញសញ្ញាកន្ទួលក្រហមលើស្បែក មានសញ្ញាពងបែកដៃជើង ឬក៏មានអាការអ្វីខុសប្លែកពីធម្មតា និងមានលក្ខណៈជាក្រុម សូមរាយការណ៍ទៅកាន់លេខ១១៥ ដើម្បីឲ្យមន្ត្រីពាក់ព័ន្ធចុះអន្តរាគមន៍ជាបន្ទាន់ ហើយហៅទៅលេខនេះមិនអស់ប្រាក់ទេ ៕
ចែករំលែកព័តមាននេះ