ខេត្តព្រះសីហនុ ៖ មន្ត្រីនគរបាលអន្តោរប្រវេសន៍ច្រកទ្វារកំពង់ផែអន្តរជាតិខេត្តព្រះសីហនុបានឲ្យដឹងថា នៅព្រឹកថ្ងៃទី២៨ ខែមករា ឆ្នាំ២០២៣នេះ នាវាទេសចរណ៍ខ្នាតធំ១គ្រឿងទៀតមានឈ្មោះ SEABOURN ENCORE សញ្ជាតិ BAHAMAS បានចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ ដើម្បីដាក់ភ្ញៀវទេសចរចុះទស្សនកិច្ចពីតំបន់មានសក្តានុពលធំៗក្នុងខេត្តព្រះសីហនុ។

ប្រភពខាងលើបានឲ្យដឹងបន្ថែមទៀតថា នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មាននាវិកចំនួន៤៤២នាក់ ស្រី៧២នាក់ មាន៤៨សញ្ជាតិ មានភ្ញៀវទេសចរចំនួន៣៣៨នាក់ ស្រី១៦៧នាក់ មាន២២សញ្ជាតិ។នាវាចេញមកពីប្រទេសថៃ ចូលមកប្រទេសកម្ពុជានៅថ្ងៃនេះ និងបន្តចាកចេញទៅកាន់ប្រទេសវៀតណាមវិញមិនទាន់បានកំណត់ម៉ោង។នាវាទេសចរណ៍ខ្នាតធំ SEABOURN ENCORE មានសញ្ជាតិអាមេរិកច្រើនជាងគេចំនួន១២៧នាក់ អង់គ្លេសចំនួន៧៨នាក់ និងអូស្ត្រាលីចំនួន៣៣នាក់។

គួរជម្រាបដែរថា នេះ គឺជាការចូលចតលើកទី៣ បន្ទាប់ពីការអាក់ខានដោយសារវិបត្តិនៃជំងឺកូវីដ១៩ អស់រយៈពេលជាង០២ឆ្នាំកន្លងមកនេះ ដែលនេះជាសញ្ញាវិជ្ជមានបញ្ជាក់ថា ខេត្តព្រះសីហនុជាទីក្រុងវៃឆ្លាត ជាតារារះនាទិសនារតីបម្រើលើវិស័យទេសចរណ៍នៅកម្ពុជា និងធានាបានភាពធន់ហើយបានត្រៀមខ្លួនរួចជាស្រេចសម្រាប់ស្វាគមន៍ភ្ញៀវទេសចរមកពីគ្រប់ទិសទីទាំងផ្លូវអាកាស ផ្លូវគោក និងផ្លូវទឹក៕
ចែករំលែកព័តមាននេះ