ខេត្តសៀមរាប ៖ ផ្ទុះការចាប់អារម្មណ៍ពេញបណ្តាញសង្គម និងមានការចែកចាយយ៉ាងផុសផុលនូវរូបភាពផ្ទះមួយកន្លែងនៅទឹកដីខេត្តសៀមរាប ដែលបានសាងសង់ជាម៉ូដ«យន្តហោះ» ពណ៌សដែលក្រឡែកមួយភ្លែត គឺនឹកស្មានថា ជាយន្តហោះស្លាបដែកពិតៗ។
![Picture]()
ការពិតនៅពីក្រោយការសាងសង់ផ្ទះយន្តហោះដែលមានទីតាំងស្ថិតនៅក្នុងភូមិព្នៅ សង្កាត់សំបួរ ក្រុងសៀមរាប ខេត្តសៀមរាប ពិតជាក្តុកក្តួលណាស់ព្រោះវាជាការតស៊ូមិនធម្មតារបស់បុរសម្នាក់ដែលបានសន្សំលុយកាក់ម្តងបន្តិចៗរយៈពេលជាង៣០ឆ្នាំ ដើម្បីសម្រេចក្តីស្រម៉ៃ និងក្តីប្រាថ្នាដែលចង់ជិះយន្តហោះ និងចង់ចំណាយពេលរាត្រីសម្រាន្តលង់លក់លើយន្តហោះ។
លោក ច្រាច់ ពៅ អាយុ៤៣ ឆ្នាំ មានមុខខរបរជា«មេការសំណង់» និងលក់ផលិតផលឱ្យក្រុមហ៊ុនមួយដែលជាម្ចាស់ផ្ទះយន្តហោះនេះបានទម្លាយប្រាប់ការពិតថា លោកបានធ្វើការជាជាងសំណង់ប្រមាណជិត៣០ឆ្នាំមកហើយរហូតមានជំនាញក្លាយជា «មេការសំណង» នាពេលបច្ចុប្បន្ននេះ។
![Picture]()
លោក ច្រាច់ ពៅ បានពោលទាំងទឹកមុខញញឹមញញែមថា រូបលោកពិតជាសប្បាយចិត្តដែលអាចសម្រេចនូវក្តីស្រម៉ៃមានផ្ទះជាម៉ូដយន្តហោះព្រោះលោកមានក្តីប្រាថ្នានេះយូរមកហើយថា លោកចង់មានផ្ទះជាម៉ូដយន្តហោះលោកចង់រស់នៅលើយន្តហោះ និងចង់ដេកពេលរាត្រីលើយន្តហោះ និងធ្វើអ្វីផ្សេងៗលើយន្តហោះ។
បុរសពោះម៉ាយ វ័យ៤៣ឆ្នាំរូបនេះបន្តថា «ពេលនេះក្តីប្រាថ្នារបស់ខ្ញុំបានក្លាយជាការពិត» ដែលធ្វើឱ្យលោករំភើបឥតឧបមា។បុរសដែលមានសំបុរស្រអែមស្រស់ ពាក់អាវយឺត បង់កក្រម៉ាខ្មែរ និងពាក់មួកស្លឹកត្នោតផងនោះ បានរៀបរាប់ថា តាំងពីដើមមករូបលោកមានជីវភាពមិនសូវធូធារនោះទេ តែដោយក្តីប្រាថ្នាចង់បានផ្ទះយន្តហោះ លោកបានសន្សំលុយពីការងារសំណង់រាប់សិបឆ្នាំ ដើម្បីសង់ផ្ទះយន្តហោះ ព្រោះតាំងពីដើមកគឺគាត់រស់នៅជាយក្បែរ អាកាសយានដ្ឋានសៀមរាប ទើបមានក្តីប្រាថ្នាថា បើមានផ្ទះយន្តហោះរស់នៅមិនដឹងថាសប្បាយយ៉ាងណានោះទេ។
![Picture]()
លោក ច្រាច់ ពៅ ដែលជាម្ចាស់ផ្ទះយន្តហោះខាងលើ បន្តថា គាត់តែងតែទៅមើលយន្តហោះរាល់ពេលគាត់ចេញពីធ្វើការសំណង់ ហើយគាត់គិតថាមួយជីវិតនេះគ្មានឱកាសបានជិះយន្តហោះទេ តែគាត់នឹងធ្វើអ្វីម្យ៉ាងដើម្បីបានយន្តហោះជាកម្មសិទ្ធិសម្រាប់គ្រួសាររបស់លោក និងចាត់ទុកថាក្រុមគ្រួសារគាត់មានយន្តហោះជិះពិតៗ។
លោកបានបន្តថា លោកបានចាប់ផ្តើមសាងសង់ យន្តហោះ ធ្វើអំពីស៊ីម៉ងតិ៍ ចាប់ផ្តើមពីខែ ៣ ឆ្នាំ២០២២ និងបានសាងសង់រួចរាល់នៅក្នុងខែមករា ឆ្នាំ២០២៣ នេះ។ សម្រាប់ផ្ទះយន្តហោះរបស់លោក គឺក្នុងនោះមានបន្ទប់គេង ចំនួន២ និង បន្ទប់ទឹកចំនួន២ និងប្រើប្រាស់ទឹកអណ្តូងស្នប់។ បុរសពោះម៉ាយដែលមាន កូនប្រុសស្រីចំនួន ៣ នាក់ (ក្នុងនោះ ប្រុស ម្នាក់ និងកូនស្រី ២នាក់ ) ក្នុងបន្ទុក។ ភរិយារបស់លោក បានទទួលមរណភាព តាំងពីឆ្នាំ ២០១៣ មកម្លេះ។
![Picture]()
បច្ចុប្បន្ន លោក ច្រាច់ ពៅ ក៏បានបង្ហើបឱ្យដឹងថាលោកកំពុងមានទំនាក់ទំនងសេ្នហាជាមួយស្ត្រីម្នាក់ ដែលជាមេម៉ាយ រស់នៅក្នុងភូមិសង្កាត់ជាមួយគ្នា ហើយគ្រោងនឹងរៀបចំសែនព្រេនជាភរិយាឆាប់នេះផងដែរ។ ងាកមកការសន្សំចិត្តចង់បានផ្ទះយន្តហោះវិញ លោក ច្រាច់ ពៅ បានបញ្ជាក់ថា ដោយក្តីប្រាថ្នាធំរបស់លោក គឺសង់ផ្ទះយន្តហោះ ដូច្នេះគាត់បានសន្សំចិត្តតាំងពីធ្វើកម្មករសំណង់មួយថ្ងៃ ៣០០០៛លុយខ្មែរ រហូតក្លាយជាមេការសំណង់ ក្នុងការងារប្រើកម្លាំងនេះជិត ៣០ឆ្នាំ ទីបំផុត លោកអាចសម្រេចបំណងក្នុងជីវិតរបស់គាត់បានគួរជាទីមោទន។
![Picture]()
បើតាមអ្នកនាង ធីតា ដែលបានចែករំលែកម៉ូដផ្ទះយន្តហោះខាងលើបានប្រាប់ថា អ្នកនាងពិតជាកោតសរសើរនូវទឹកចិត្តរបស់បងប្រុស លោក ច្រាច់ ពៅ ដែលតស៊ូយ៉ាងលំបាកសន្សំប្រាក់ ដើម្បីសង់ផ្ទះយន្តហោះសម្រាប់ក្រុមគ្រួសាររបស់លោក។ អ្នកនាងបន្តថា ផ្ទះយន្តហោះរបស់លោក ច្រាច់ ពៅ ពិតជាគួរឱ្យចាប់អារម្មណ៍ ព្រោះចាត់ទុកជាផ្ទះយន្តហោះដំបូងបង្អស់ដែលសាងសង់នៅស្រុកខ្មែរសម្រាប់ការរស់នៅ។
![Picture]()
តែអ្វីដែលអ្នកនាងយល់ឃើញថា អស្ចារ្យបំផុតនោះ គឺរឿងរ៉ាវនៅពីក្រោយការតាំងចិត្តតស៊ូដើម្បីសម្រេចបាននូវម៉ូដផ្ទះក្នុងក្តីប្រាថ្នាតាមរយៈការសន្សំលុយកាក់ពីការងារប្រើកម្លាំងរបស់ លោក ច្រាច់ ពៅ និងការតាំងចិត្តមិនដែលបោះបង់របស់បុរសរូបនេះ៕
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ