ខេត្តកំពង់ចាម ៖ ក្រោមការយកចិត្តទុកដាក់ពីសំណាក់អាជ្ញាធរមូលដ្ឋាន ក៏ដូចជាស្ថាប័នជំនាញពាក់ព័ន្ធបានចាក់គម្របលូបេតុង ហើយយកមកដាក់លើស្ពានកោះប៉ែន សម្រាប់ធ្វើដំណើរឆ្លងពីក្រុងកំពង់ចាមទៅកោះប៉ែនរួចហើយ។ គម្របបេតុងថ្មីនេះ ត្រូវបានដាក់បំពាក់ ដើម្បីឱ្យគម្របលូទាំងសងខាងមើលទៅស្អាត ហើយងាយស្រួលប្រជាពលរដ្ឋដែលហាត់ប្រាណទៅវិញទៅមក ទាំងពេលព្រឹក និងល្ងាច និងបញ្ចៀសមិនឲ្យមានគ្រោះថ្នាក់ផុងបាក់ជើងដូចកាលពីមុនទៀតទេ ព្រោះពីមុននេះ ដោយសារតែបាត់គម្របលូនេះហើយ ទើបធ្វើឱ្យស្ត្រីវ័យចំណាស់ម្នាក់ផុងដួលបាក់.កជើង នៅពេលដើរហាត់ប្រាណ។
![Picture]()
លោក វ៉ែន នាង មេឃុំកោះមិត្ត បានមានប្រសាសន៍ឲ្យដឹងនៅព្រឹកថ្ងៃទី២៦ ខែមករា ឆ្នាំ២០២៣នេះថា រាប់រយឆ្នាំមកហើយ ដែលអ្នកកោះប៉ែនធ្វើដំណើរមកក្រុងកំពង់ចាម ក្នុងរដូវប្រាំង តាមប្រឌិសឫស្សី និងរដូវវស្សាតាមទូកដរ ដោយត្រូវចំណាយពេលយូរទៀតផង។ ដោយមើលឃើញពីការលំបាកបែបនេះ ត្រូវបានប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានជួយស្ថាបនាស្ពានបេតុងកាប៉ែន ដែលមានទទឹងជាង៩ម៉ែត្រ និងបណ្ដោយប្រវែង៧៧៩ម៉ែត្រ ដើម្បីបង្កលក្ខណៈងាយស្រួលឲ្យពលរដ្ឋឆ្លងកាត់ទៅវិញទៅមកបានទាំងរដូវប្រាំង និងវស្សា។
![Picture]()
មេឃុំកោះមិត្តមានប្រសាសន៍បន្តថា មួយរយៈកន្លងទៅ មានមនុស្សខិលខូចដែលបានមកអង្គុយលេង និងស្រូបយកខ្យល់អាកាសបរិសុទ្ធលើស្ពានកោះប៉ែន ដោយបានវា.យគម្របលូបំបែក និងខ្លះទៀតបានលើកគម្របលូទម្លាក់ចូលទៅក្នុងទឹកទន្លេមេគង្គ។ ហើយកន្លងទៅថ្មីៗ ក៏បានធ្វើឲ្យស្ត្រីចំណាស់ម្នាក់ រស់នៅក្នុងសង្កាត់សំបូរមាស ក្រុងកំពង់ចាម ខណៈដើរហាត់ប្រាណលើស្ពាន ក៏ផុងជើង បណ្ដាលឲ្យបាក់.កជើងម្ខាងតែម្តង។ ក្រោយពីមានហេតុការណ៍នេះកើតឡើង អាជ្ញាធរឃុំ បម្រុងនឹងរៀបចំថវិកា ដើម្បីចាក់គម្របលូបំពាក់ឡើងវិញ តែត្រូវបានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានចាក់ថ្មីយកមកបំពាក់ត្រង់ចន្លោះគម្របលូ ដែលបាត់ និងបែកបាក់នោះ ធ្វើឲ្យស្មើឡើងវិញ នឹងលែងជាបញ្ហាចោទទៀតហើយ។
![Picture]()
ជាមួយនោះ កម្លាំងប៉ុស្តិ៍រដ្ឋបាលកោះមិត្ត និងធ្វើការឃ្លាំមើលមនុស្សខិលខូចណា ដែលបានវា.យគម្របលូបេតុងបែកបាក់ ឬលើកបោះចោលចូលទឹកទន្លេ នៅពេលចាប់បាន គឺត្រូវចាត់ការតាមនីតិវិធី ដោយចោទប្រកាន់ពីបទបំភ្លេចបំផ្លាញទ្រព្យសម្បត្តិសាធារណៈ។ ដូច្នេះយើងគប្បីនាំគ្នាថែរក្សាស្ពានបេតុងកោះប៉ែន ធ្វើយ៉ាងណាប្រើប្រាស់ឲ្យបានយូរទៅថ្ងៃមុខ ហើយក្រុមយុវជនដែលមកលេងអង្គុយហូបនំ សូមកុំបោះសំរាមចោលលើស្ពាន ដើម្បីឲ្យមានបរិស្ថានល្អព្រោះបរទេសធ្វើដំណើរឆ្លងកាត់តាមនេះកុំឲ្យគេមាក់ងាយ។ ពេលដែលស្ពានកោះប៉ែនស្ថាបនារួចរាល់ ប្រជាពលរដ្ឋរស់នៅឃុំកោះមិត្ត និងមួយផ្នែកនៅឃុំកោះសូទិន ស្រុកកោះទិន បើសិនជាមានជំងឺត្រូវដឹកមកកាន់មន្ទីរពេទ្យខេត្តនៅពេលយប់ គឺមានលក្ខណៈងាយស្រួល និងឆាប់រហ័សផងដែរ។
លោក សុខ លឹមហៀង ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនខេត្ត បានឲ្យដឹងដែរថា ចំពោះគម្របលូបេតុងថ្មីដែលកម្លាំងមន្ទីរសាធារណការខេត្តដឹកយកមកបំពាក់ឡើងវិញនៅថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៣នេះ គឺសរុបមានចំនួន២៧គម្រប។ ជាមួយនោះ រូបលោកសំណូមពរដល់អាជ្ញាធរមូលដ្ឋាន ត្រូវតែសហការគ្នាថែរក្សា ធ្វើយ៉ាងណាកុំឱ្យបាក់បែកបន្តទៀត និងជួយចាប់ជនខិលខូចណាដែលវា.យបំផ្លាញគម្របលូ។
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ