រាជធានីភ្នំពេញ ៖ តារាពហុជំនាញអ្នកនាង ខាត់ សុឃីម បានបង្ហាញសម្រាប់វិថីសិល្បៈទៅអោយកូនស្រីរបស់លោក ខាត់ ចំរើន ក្នុងពេលដែលកូនស្រីរបស់លោកកាន់តែចម្រើនវ័យ និងមានភាពស្រស់ស្អាត។ អ្វីដែលអ្នកនាង ខាត់ សុឃីម ចង់បាននោះ គឺចង់អោយកូនស្រីរបស់លោក ខាត់ ចំរើន ដែលមានឈ្មោះថា ខាត់ ចំរើនចាស្មីន ចូលប្រឡងបវរកញ្ញានាពេលអនាគត។

ពិតណាស់ ក្រោយមរណភាពរបស់លោក ខាត់ ចំរើន កូនៗទាំងអស់របស់លោកត្រូវបានទទួលការមើលថែពីអ្នកនាង ខាត់ សុឃីម ដែលជាបង ក្នុងពេលដែលកូនៗរបស់លោកកំពុងតែចម្រើនវ័យកាន់តែធំ និងមានការផ្ទង់ផ្តើមឲ្យប្រឡូកក្នុងអាជីពសិល្បៈផងដែរ។
លើសពីនេះទៅទៀតនោះ អ្នកនាង ខាត់ សុឃីម ក៏បានបង្ហាញពីគោលដៅធំមួយសម្រាប់កូនស្រីរបស់លោក ខាត់ ចំរើន ដោយអ្នកនាងចង់ឲ្យចូលប្រឡូកក្នុងវិស័យសិល្បៈតាមរយៈការត្រៀមខ្លួនចូលរួមប្រកួតប្រជែងបវរកញ្ញានាពេលអនាគត។

ជាមួយនឹងការបង្ហាញរូបភាពកូនស្រីលោក ខាត់ ចំរើន តាមបណ្តាញសង្គមហ្វេសប៊ុក អ្នកនាង ខាត់ សុឃីម បានភ្ជាប់ជាមួយនឹងសំណេរថា កូនស្រីរបស់ ខាត់ចំរើន ពេលធំអាចឈានចូលប្រឡងបវកញ្ញបានទេមើលទៅ បងប្អូនគិតលេងៗ ត្រេមុខ កូនខ្មែរ អាយុ១៣ឆ្នាំ កំពស់ 158 ហើយ អ៊ំចង់អោយ ចាស្មីន ធំឡើងចូលក្នុងវិស័យ១នេះ។ យ៉ាងណា មុនឈានដល់ការសម្រេចគោលបំណងនេះ អ្នកនាង ខាត់ សុឃីម ក៏ត្រូវព្យាយាមដុះខាត់បន្ថែមទៅលើកូនស្រីរបស់ ខាត់ ចំរើន ដើម្បីសម្រេចគោលដៅធំមួយនេះ។
ជាការកត់សម្គាល់ ការបង្ហាញនូវគោលបំណងខាងលើរបស់អ្នកនាង ខាត់ សុឃីម នាពេលនេះ ត្រូវបានមហាជនជាច្រើនសម្តែងការគាំទ្រ និងសាទរ ខណៈពេលដែលពួកគេក៏បានជូនពរអ្នកនាង ខាត់ សុឃីម សម្រេចនូវគោលបំណងនេះនាពេលអនាគតផងដែរ។

គួរំលឹកថា តារាកំប្លែង ចម្រៀង លោកខាត់ ចំរើន ជាប្អូនប្រុសបង្កើតអ្នកនាង ខាត់ សុឃីម បានទទួលមរណភាពនៅវេលាម៉ោង៥ព្រឹក ថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២នេះ បន្ទាប់ពីលោកបានពើប្រទះនូវជំងឺជាច្រើនមុខ។ តារាកំប្លែង និងជាអ្នកចម្រៀង ខាត់ ចំរើន បានទទួលប្រជាប្រិយភាព និងការចាប់អារម្មណ៍ ក៏ដូចជាមានភាពល្បីល្បាញក្នុងប្រទេសជាខ្លាំង បន្ទាប់ពីបានចូលក្នុងសិល្បៈ ដោយសារតែលោកតែងតែផ្ដល់នូវភាពសប្បាយរីករាយ និងស្នាមញញឹមដល់បងប្អូនខ្មែរជាច្រើនកន្លងមក។
លោក ខាត់ ចំរើន បានរៀបការមានគ្រួសាររយៈពេល១៧ឆ្នាំមុននឹងលោកទទួលមរណភាព ដោយនៅក្នុងនោះលោកមានកូនចំនួន៣នាក់ ក្នុងស្រីម្នាក់ និងប្រុសពីរនាក់ ដោយកូនប្រុសទីមួយ ឈ្មោះ ខាត់ ចំរើន មង្គល អាយុ១៣ឆ្នាំ កូនស្រីទីពីរឈ្មោះ ខាត់ ចំរើន ចាស្មីន អាយុ១២ឆ្នាំ និងកូនប្រុសពៅ ឈ្មោះ ខាត់ ចំរើន សុខវ៉ិចបុត្រ អាយុ៩ឆ្នាំ៕





ចែករំលែកព័តមាននេះ