ភ្នំពេញ៖ ផ្លូវល្បឿនលឿន ភ្នំពេញ-ព្រះសីហនុ បានបើកដំណើរការកាលពីថ្ងៃទី១ ខែតុលា ឆ្នាំ២០២២។ ផ្លូវថ្មី ធំទូលាយ មានគន្លង និងទ្រូងផ្លូវខណ្ឌចែកគន្លងទៅផ្សេង មកផ្សេងនេះ បានក្លាយជាគំរូដ៏ល្អ សម្រាប់ការបើកបរយានយន្តនៅប្រទេសកម្ពុជាយើង។ ម្នាក់ៗ បើកបរដោយប្រុងប្រយ័ត្នខ្ពស់ ហើយម្នាក់ៗ ក៏បានគោរពយ៉ាងខ្ជាប់ខ្ជួននូវស្មារតី ជាអ្នកបើកបរពិតប្រាកដ។
និយាយពីការបើកបរ! នៅលើផ្លូវល្បឿនលឿន ដែលត្រូវបង់លុយនេះ អ្នកបើកបរទាំងអស់ ផ្ចង់អារម្មណ៍ខ្ពស់បំផុត ដោយដៃទាំង ២ កាន់ចង្កូត ភ្នែកសំលឹងទៅមុខ និងមើលកញ្ចក់មើលក្រោយរហូត។ អ្នកបើកឡាន ចូលផ្លូវល្បឿនលឿនទាំងអស់ មានស្មារតីប្រុងប្រយ័ត្នគ្រប់ពេល ក្នុងចម្ងាយផ្លូវជិត ១៩០គ.ម ពីភ្នំពេញ-ខេត្តព្រះសីហនុ។
មុនឡើងវ៉ាជែង អ្នកបើកបរ មើលមុខ មើលក្រោយយ៉ាងច្បាស់ ហើយឱ្យភ្លើងសញ្ញា មុននឹងឡើងវ៉ាជែងយ៉ាងប្រុងប្រយ័ត្ន ក្នុងល្បឿនចន្លោះពី ៦០-១០០គ.ម ក្នុង ១ម៉ោង។ បន្ទាប់ពីវ៉ាជែងផុត រថយន្តទាំងនោះ តែងតែផ្តល់សញ្ញា ដើម្បីចូលគន្លងទី២វិញ។ នេះបើតាមការសង្កេតឃើញដោយផ្ទាល់របស់អ្នកសរសេរអត្ថបទយើង ដែលបានសាកល្បងបើកបរ លើផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ នាថ្ងៃអាទិត្យ ទី២២ ខែមករា ឆ្នាំ២០២៣ នេះ។
ក្នុងចម្ងាយផ្លូវជិត ១៩០គ.ម ភ្នំពេញ-ព្រះសីហនុ លើផ្លូវល្បឿនលឿននេះ មិនមានអ្នកបើកបរណាម្នាក់ បើកយឺតៗ ហើយស្ថិតនៅលើគន្លងខាងឆ្វេងដៃជាប់នឹងទ្រូងផ្លូវ ដូចនៅលើផ្លូវដទៃទៀតឡើយ។ នេះគឺជាគំរូដ៏ល្អប្រពៃរបស់អ្នកបើកបរយើង។
ចាប់តាំងពីបើកដំណើរការមកដល់ពេលនេះ ដោយសារតែការគោរពច្បាប់ចរាចរណ៍ និងការបើកបរមានការប្រុងប្រយ័ត្នខ្ពស់ដូច្នេះ ស្ទើរតែមិនមានគ្រោះថ្នាក់បុកប៉ះគ្នាឡើយ នៅលើផ្លូវល្បឿនលឿន។ លើកលែងតែការបើកបរខ្វះការប្រុងប្រយ័ត្ន ក្នុងល្បឿនលឿន ហើយបានក្រឡាប់ធ្លាក់ផ្លូវដោយខ្លួនឯងខ្លះប៉ុណ្ណោះ។
ផ្លូវល្បឿនលឿននេះ បើអ្នកបើកលឿន គឺប្រើពេលជាង ១ម៉ោងប៉ុណ្ណោះ ពីភ្នំពេញ ទៅខេត្តព្រះសីហនុ ហើយអាចលេងទឹកសមុទ្រ និងញ៉ាំគ្រឿងសមុទ្របានយ៉ាងឆ្អែតឆ្អន់ហើយ។ តែបើអ្នកបើកបរល្មមៗ អាចប្រើពេល ២ម៉ោង ឬក៏ជាង ២ម៉ោង ក៏ដល់កំពង់សោមដូចគ្នា។
នៅបញ្ឈរបង់លុយ ដែលធ្លាប់តែកកស្ទះ កាលពីពេលចាប់ផ្តើមបើកដំណើរការដំបូងៗ នៅផ្លូវល្បឿនលឿននោះ ក៏ត្រូវបានក្រុមហ៊ុនចិន និងក្រសួងសាធារណការ និងដឹកជញ្ជូន រកវិធីសម្រួល និងដោះស្រាយ ដែលលែងកកស្ទះទៀតហើយ នាពេលនេះ។
ដោយសារតែផ្លូវល្បឿនលឿន ធ្វើដំណើរទៅមកភ្នំពេញ-ព្រះសីហនុ បានលឿនជាងតាមផ្លូវជាតិលេខ៤ និងផ្លូវជាតិលេខ៣ នាំឱ្យមានអ្នកទៅលេងកំពង់សោមច្រើនជាងមុន។
ប៉ុន្តែដោយសារតែធ្វើដំណើរលឿន ទាំងទៅ និងទាំងមកដូច្នេះ ស្ទើរតែទាំងអស់ អ្នកទៅលេងកំពង់សោម ឥឡូវ ដែលធ្វើដំណើរតាមផ្លូវល្បឿនលឿនពីភ្នំពេញ គឺច្រើនតែទៅវិលល្ងាច។ ដូច្នេះហើយធ្វើឱ្យសណ្ឋាគារ និងផ្ទះសំណាក់មួយចំនួន ហាក់ដូចជាមិនមានម៉ូយ ចូលសម្រាកស្នាក់នៅច្រើននោះទេ ទោះបីជានៅថ្ងៃបុណ្យចូលឆ្នាំចិននេះក៏ដោយ។
យ៉ាងណាក៏ដោយ ខណៈដែលអ្នកទៅលេងច្រើន នៅថ្ងៃបុណ្យចូលឆ្នាំចិននេះ កន្លែងលក់ដូរ ដែលជួលតុ ឱ្យភ្ញៀវសម្រាក និងអង្គុយទទួលទានអាហារ នៅឆ្នេរអូរឈើទាល ដែលពីមុន នៅថ្ងៃសៅរ៍-អាទិត្យ ដែលមិនមែនជាថ្ងៃបុណ្យទាន គឺតុមួយ ថ្លៃត្រឹមតែ ១០ដុល្លារ តែនៅថ្ងៃអាទិត្យ ថ្ងៃចូលឆ្នាំចិននេះ តុ១ ថ្លៃ ២០ដុល្លារ។ ឡើងថ្លៃហើយ រកតែតុ ជួលឱ្យភ្ញៀវ មិនមានទៀត។
ដូច្នេះហើយ ទើបមានអ្នកទេសចរក្នុងស្រុកជាច្រើន បានទៅក្រាលកន្ទេល ក្រាលកៅស៊ូតង់ នៅក្រោមដើមស្រល់ ដែលអាជ្ញាធរខេត្តព្រះសីហនុ បានរៀបចំ ដោយមិនបង់ថ្លៃ។ មានប្រជាពលរដ្ឋយើង ទាំងឡានៗ ទៅសម្រាកលេងកម្សាន្ត និងងូតទឹកសមុទ្រនៅឆ្នេរអូរឈើទាល នាថ្ងៃអាទិត្យនេះ។
ចំណែកអ្នកលក់គ្រឿងសមុទ្រ នៅផ្សារលើ ដែលអ្នកទេសចរ និងពលរដ្ឋខ្មែរយើង តែងតែចូលទិញគ្រឿងសមុទ្រ នៅពេលទៅលេងកំពង់សោមនោះ គឺនៅថ្ងៃអាទិត្យ ដែលជាថ្ងៃបុណ្យចូលឆ្នាំចិននេះ ក្តាម បង្គារ មឹក ឡើងថ្លៃទ្វេដង ១ជា ២ រហូតដល់ស្ទើរតែ ១ ជា ៣ទាំងអស់។ ក្តាមពីមុន ធ្លាប់តែថ្លៃ ៣៥០០០៛ ទៅ ៤០០០០៛ ក្នុង ១គ.កនោះ ពេលបុណ្យចូលឆ្នាំចិននេះ ឡើងថ្លៃដល់ ១០ម៉ឺនរៀល ក្នុង ១គ.ក ហើយរកតែក្តាមល្អៗ មិនមានទៀត។
ទាំងនេះជាទម្លាប់អាក្រក់មួយ ដែលអ្នកលក់ និងអ្នកជួលតុ មិនថា នៅកំពង់សោម ឬក៏នៅតំបន់ទេសចរណ៍ផ្សេងទៀតទេ តែងតែធ្វើដូច្នេះ នៅពេលមានអ្នកទៅលេងច្រើន។ នេះជាអត្តឃាតមុខរបរ និងសម្លាប់ដល់តំបន់ទេសចរណ៍នោះ ដោយសារតែការឡើងថ្លៃហួសហេតុដូច្នេះ៕






ចែករំលែកព័តមាននេះ