ខេត្តកំពង់ចាម ៖ ប្រជាពលរដ្ឋដែលធ្វើដំណើរតាមដងផ្លូវ មានដូចជា កង់ ម៉ូតូ និងរថយន្ត បាននាំគ្នារអ៊ូរទាំរឿងដីហុយ ដោយសារតែមានរថយន្តដឹកខ្សាច់ចេញពីទីតាំងបូមខ្សាច់ នៅចំណុចមាត់ទន្លេចំនួន២កន្លែង ស្ថិតនៅក្នុងភូមិតាមៀង ឃុំកោះរកា ស្រុកកំពង់សៀម។ តាមការកត់សម្គាល់គឺម៉ូតូបានដួលជាញឹកញាប់និងរបួសខ្លួនប្រាណ ហើយត្រូវបានអាជ្ញាធរចុះដោះស្រាយ។
![Picture]()
បើតាមលោកយាយ ប៊ុន ណាត អាយុ៧០ឆ្នាំ រស់នៅភូមិតាមៀង បានប្រាប់ឲ្យដឹងនារសៀលថ្ងៃទី២០ ខែមករា ឆ្នាំ២០២៣នេះថា នៅលើដងផ្លូវថ្នល់មុខផ្ទះរបស់គាត់ គឺមានរថយន្តដឹកក្រួស និងខ្សាច់ ដែលបើកឆ្លងកាត់រាល់ថ្ងៃ ទាំងព្រឹកទាំងល្ងាច រួចហូរទឹកមកលើថ្នល់ និងជ្រុះទាំងខ្សាច់ថែមទៀតផង ហើយមានពេលខ្លះគាត់អង្គុយនៅលើគ្រែក្រោមផ្ទះ ក៏ស្រាប់តែឮសូរសំឡេងម៉ូតូដួល ដោយសារតែរអិលជាមួយនឹងខ្សាច់ជ្រុះតាមដងផ្លូវនោះក៏មាន។
![Picture]()
លោកយាយអាយុ៧០ឆ្នាំ មានប្រសាសន៍បន្តថា ពីមុននៅក្រោយផ្ទះរបស់គាត់ មានផលដំណាំដូចជាមាន ស្វាយ ព្រីង បានផលទទួលទានជារៀងរាល់ឆ្នាំមិនដែលអាក់ខានម្ដងណានោះទេ។ ហើយនៅពេលដែលភ្លៀងធ្លាក់មក ក៏មានទឹកដក់នៅខាងក្រោយផ្ទះ គឺមានលូហូរចុះទៅក្រោម តែក្រោយពីមានការដ្ឋានបូមខ្សាច់គេធ្វើផ្លូវចាក់លុបទាំងលូ ជាហេតុធ្វើឲ្យទឹកហូរទៅមិនរួច ហើយផលដំណាំរបស់គាត់ក៏ត្រូវបានខូចក្រៀមស្វិតដើមអស់រលីង។ មិនត្រឹមតែប៉ុណ្ណោះមានអ្នកខ្លះប្រាប់គាត់ថា ឲ្យចាក់ដីបំពេញនៅបរិវេណក្រោយផ្ទះ ប៉ុន្តែគាត់មិនមានលទ្ធភាពនោះទេ ព្រោះត្រូវចំណាយលុយច្រើនរហូតដល់ខ្ទង់ពាន់ដុល្លារឯណោះ។
![Picture]()
ចំណែកលោក ផន ផូ មេឃុំកោះរកា បានមានប្រសាសន៍ឲ្យដឹងតាមទូរស័ព្ទនាល្ងាចថ្ងៃទី២០ ខែមករានេះដែរថា នៅសាលាឃុំកោះរកា បានបើកកិច្ចប្រជុំធ្វើការសម្របសម្រួលដោះស្រាយបញ្ហាខ្សាច់ជ្រុះនៅលើផ្លូវថ្នល់មានពីម្ចាស់ ក្នុងនោះរួមមានឈ្មោះ ហៀង ចន្ថា និងឈ្មោះ ហៀង វិបុល។ ហើយការចូលរួមនេះ ដឹកនាំដោយលោក គន់ សុភា អភិបាលរងខេត្ត ជាមួយមន្ទីររ៉ែនិងថាមពល ព្រមទាំងស្ថាប័នពាក់ព័ន្ធមួយចំនួនទៀត។
![Picture]()
លោកមេឃុំកោះរកា បានបញ្ជាក់ថា ចំពោះសំណូមពរដែលត្រូវធ្វើការដោះស្រាយ ក្នុងនោះឲ្យម្ចាស់ដេប៉ូខ្សាច់ទាំងពីរកន្លែងធ្វើអាជីវកម្មទៅតាមលក្ខណៈបច្ចេកទេសរបស់ក្រសួងរ៉ែ និងក្រសួងបរិស្ថាន ដែលបានកំណត់ទីតាំងច្បាស់លាស់។
![Picture]()
ចំពោះឃុំកោះមិត្តវិញ បានលើកឡើងថា ធ្វើយ៉ាងណា កុំឱ្យបូមខ្សាច់នៅកៀកច្រាំងពេក ព្រោះកន្លងទៅ មានម្ចាស់ដេប៉ូមួយកន្លែងបានឲ្យគេបូមក្រៅទីតាំង ហើយក៏ត្រូវបានក្រសួងរ៉ែចុះមកផាកពិន័យចំនួន១០លានរៀលផងដែរ។ ចំពោះរថយន្តដឹកខ្សាច់វិញ មុននឹងចេញដំណើរធ្វើយ៉ាងណាឲ្យទឹកស្រកអស់ និងគ្របឲ្យបានត្រឹមត្រូវ ហើយនៅពេលបើកមកដល់សាលារៀន មិនត្រូវស៊ីផ្លេរំខានដល់សិស្សដែលកំពុងរៀនសូត្រនោះទេ។ ហើយចំពោះច្រកផ្លូវចេញពីបរិវេណបូមខ្សាច់១០០ម៉ែត្រទៅ២០០ម៉ែត្រ ដែលមានខ្សាច់ជ្រុះ សូមឲ្យម្ចាស់ដេប៉ូទាំងពីរឧស្សាហ៍បោសសំអាត ដើម្បីជៀសវាងកុំឲ្យប្រជាពលរដ្ឋជិះកង់ និងម៉ូតូដួល។
![Picture]()
ចំណែកសំណើរដែលបានលើកឡើងខាងលើនេះ ម្ចាស់ដេប៉ូខ្សាច់ទាំងពីរកន្លែង បានយល់ព្រម និងអនុវត្តតាមនៅសាលាឃុំកោះរកា នារសៀលថ្ងៃទី២០ ខែមករាហើយ។
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ