យើងសង្កេតឃើញថា មានការលើកឡើងជាច្រើនពីការផលិតរថយន្តប្រើប្រាស់អគ្គិសនីពីសំណាក់ក្រុមហ៊ុនធំៗ និងអ្នកស្រាវជ្រាវមួយចំនួនដូចជា Morgan Stanley, Bloomberg និង OPEC ។ ពួកគេសុទ្ធតែទាយទុកមុនថា នឹងមានរថយន្តប្រើប្រាស់អគ្គិសនីផលិតឡើងជាងពាក់កណ្តាលនៃចំនួនរថយន្តទាំងអស់ក្នុងអំឡុងឆ្នាំ២០៣៥ និង២០៤០ ។
នាយកប្រតិបត្តិរបស់ក្រុមហ៊ុនផលិតរថយន្តទំនើប Tesla លោក Elon Musk បានធ្វើឲ្យគ្រប់គ្នាភ្ញាក់ផ្អើលជាមួយនឹងការទាយរបស់លោក ។
នៅថ្ងៃសៅរ៍កន្លងមក លោកបានថ្លែងនៅសមាគមអភិរក្សជាតិថា ពាក់កណ្តាលនៃចំនួនរថយន្តទាំងអស់នៅអាមេរិក នឹងប្រើប្រាស់ថាមពលអគ្គិសនីក្នុងរយៈពេល១០ឆ្នាំខាងមុខ យ៉ាងយូរគឺ១០ ទៅ១៥ឆ្នាំ ។ លោកថា ៖ «ខ្ញុំគិតថា អ្វីៗនឹងលូតលាស់ផ្លាស់ប្តូរលឿន ។ វាពិតជាប្លែកខុសពីមុនក្នុងអំឡុងពេលត្រឹមតែ៥ទៅ១០ឆ្នាំ ។ ការទាយទុករបស់ខ្ញុំ គឺថា ក្នុងរយៈពេល១០ឆ្នាំខាងមុខ ការផលិតរថយន្តនៅអាមេរិកពាក់កណ្តាល នឹងសុទ្ធតែជារថយន្តអគ្គិសនី » ។
ពេលនោះមកដល់ គ្មានអ្នកទិញណាចង់បានរថយន្តប្រើប្រាស់សាំងធម្មតាទេ ហើយនឹងងាកមករករថយន្តអគ្គិសនីវិញ ។ ហេតុនេះ រោងចក្រនឹងផលិតរថយន្តអគ្គិសនីច្រើននៅពេលខាងមុខ ។
អ្វីគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះ លោកនាយកប្រតិបត្តិ Tesla បន្ថែមថា នៅប្រទេសចិននឹងមានរឿងនេះកើតឡើងមុនអាមេរិកទៅទៀត ព្រោះពួកគេមានច្បាប់តឹងតែងទៅលើបញ្ហារថយន្ត ។ លោកថា ពេលនេះ ក្រុមហ៊ុនផលិតរថយន្តផ្សេងៗក្រៅពី Tesla បានស្នើសុំរដ្ឋាភិបាលចិន កុំទាន់ចាប់ផ្តើមបណ្តុះគំនិតប្រើប្រាស់រថយន្តអគ្គិសនីលឿនពេក ។
លើសពីនេះ លោកថា រថយន្តស្ទើរតែទាំងអស់នៅសហរដ្ឋអាមេរិកនឹងអាចបើកបរដោយខ្លួនឯងនាពេល១០ឆ្នាំខាងមុខ ។ រថយន្តទាំងអស់នឹងគ្មានសូម្បីតែចង្កូតនាពេល២០ឆ្នាំទៀត ។
ដូចយើងបានឃើញស្រាប់ ក្រុមហ៊ុនរថយន្តទំនើប Tesla មានផលិតរថយន្តអគ្គិសនីជាច្រើនរួចមកហើយ ។ ពេលនេះ ពួកគេគិតចង់ឲ្យរថយន្តអាចបើកដោយខ្លួនឯងសុទ្ធ ដោយមិនចាំបាច់មានការជ្រោមជ្រែងពីអ្នកបើកបរ ៕
ចែករំលែកព័តមាននេះ