រាជធានីភ្នំពេញ ៖ ថ្នាក់ដឹកនាំគណបក្សភ្លើងទៀនដែលបក្សប្រឆាំងមួយបានអះអាងខ្លួននឹងធ្វើការទាក់ទងទៅកាន់គណបក្សប្រជាជនកម្ពុជា ដែលជាបក្សកាន់អំណាច ដើម្បីធ្វើការសម្របសម្រួលរឿងចាប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សនេះ។
ការលើកឡើងរបស់ថ្នាក់ដឹកនាំគណបក្សភ្លើងទៀននេះ បន្ទាប់សមត្ថកិច្ចបានឃាត់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀនបន្ទាប់ពីតុលាការរាជធានីភ្នំពេញចេញដីកាឲ្យចាប់ខ្លួន កាលពីថ្ងៃទី១៦មករាកន្លងមកនេះ។

លោក ស៊ុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនបានលើកឡើងក្នុងសន្នីសីទសារព័ត៌មាននៅថ្ងៃទី១៧ មករា ឆ្នាំ២០២៣ថា ចំពោះករណីចា.ប់ខ្លួនលោក ថាច់ សេដ្ឋា អនុប្រធានគណបក្សភ្លើងទៀននេះ គណបក្សភ្លើងទៀននឹងធ្វើការទាក់ទងជាមួយគណបក្សកាន់អំណាចជួយធ្វើការសម្របសម្រួល។
លោកសុន ឆ័យ បានបញ្ជាក់ថា ៖«ករណីចា.ប់ខ្លួនលោក ថាច់ សេដ្ឋាននោះយើងនឹងធ្វើការទាក់ទងជាមួយគណបក្សកាន់អំណាចជួយធ្វើការសម្របសម្រួលព្រោះយើងយល់ថា ជារឿងនយោបាយច្រើនជាងរឿងពាក់ព័ន្ធនឹងរឿងផ្ទាល់ខ្លួន។ បើសិនរឿងពាក់ព័ន្ធនឹងលោក ថាច់ សេដ្ឋាយើងក៏នឹងទាក់ទង និងបុគ្គលដែលពាក់ព័ន្ធដើម្បីដោះស្រាយបញ្ហា»។

លោក សុន ឆ័យ បានលើកឡើងទៀតថា ករណីសំណុំរឿងលោក ថាច់ សេដ្ឋា មិនមែនជារឿងព្រហ្មទណ្ឌនោះទេ គឺជារឿងរដ្ឋប្បវេណីប៉ុណ្ណោះ។បើលោក ថាច់ សេដ្ឋា មានការពាក់ព័ន្ធនឹងលុយកាក់នោះ គណបក្សនឹងជួយធ្វើការសម្របសម្រួល ដើម្បីឲ្យលោក ថាច់ សេដ្ឋា មកធ្វើការវិញឲ្យបានឆាប់ដែលអាចធ្វើទៅបាន។
ជាមួយគ្នានោះដែរ លោក សុន ឆ័យ ថាបើសិនករណីលោក ថាច់ សេដ្ឋា ពាក់ព័ន្ធនឹងរឿងនយោបាយ គណបក្សភ្លើងទៀងនឹងធ្វើការទាក់ទងទៅគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចផងដែរ។ព្រោះថា គណបក្សភ្លើងទៀតមានយន្តការខ្លះហើយតាមរយៈជំនួបរវាងលោក ថាច់ សេដ្ឋា ជាមួយឯកឧត្តមហ៊ុន ម៉ាណែត កន្លងមក រួចហើយ។
បើតាមការលោកសុន ឆ័យ បានអះអាងថា ការចាប់ខ្លួនលោក ថាច់ សេដ្ឋានេះបានធ្វើឲ្យមានភាពលំបាកក្នុងការធ្វើការងាររបស់គណបក្សភ្លើងទៀនក្នុងនាមជាគណបក្សក្រៅរដ្ឋាភិបាលមួយពីព្រោះថា ថ្នាក់ដឹកនាំគណបក្សបានបំពេញតួនាទីសំខាន់ក្នុងការបំពេញផ្ទៃក្នុងបក្ស។

ចំពោះករណីនេះឯកឧត្តម សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាម នៅថ្ងៃទី១៨ មករា ឆ្នាំ២០២៣ថា ករណីនេះប្រជាជនកម្ពុជាមានសុភវិនិច្ឆ័យ មិនមែនក្រុមមេដឹកនាំបក្សភ្លើងទៀនធ្វើខុសច្បាប់ហើយបែរជាមកបន្ទោសបក្ស កាន់អំណាចទេ។
ឯកឧត្តមថា ទោះបីមានការចា.ប់ខ្លួនយ៉ាងណាក្តី ការបោះឆ្នោតនាពេលខាងមុខនៅតែដំណើរការទោះមានគណបក្សនយោបាយប៉ុន្មានចូលរួម ឬមិនចូលរួមក៏ដោយ។ឯកឧត្តមបានលើកឡើងថា ការប្រើច្បាប់ ដើម្បីដោះស្រាយបញ្ហាក្នុងការគ្រប់គ្រងប្រទេស គឺជាប្រទេសនីតិរដ្ឋ។ចំពោះអ្នកវិភាគគប្បីនិយាយឲ្យច្បាស់ ន័យដែលនិយាយមិនគួរនិយាយយកពាក្យហាក់ដូចជាមកនិយាយទេ។
ឯកឧត្តមអ្នកនាំពាក្យក៏បានលើកឡើងថា រឿងកើតឡើងនៅកម្ពុជាត្រូវយកច្បាប់កម្ពុជាមកប្រើមិនយកច្បាប់បរទេសមកប្រើ ឬទាញយកជាឧទ្ទាហរណ៍ទេ។ ឯកឧត្តមបញ្ជាក់ថា ៖« ទោះបីសុន ឆៃ , គង់ គាំ, ថាច់ សេដ្ឋា ជាមេដឹកនាំបក្សភ្លើងទៀនក៏ដោយក៏ការចាត់ការផ្លូវច្បាប់ តម្រូវទៅលើជនប្រព្រឹត្តល្មើសច្បាប់មិនយកតួនាទីក្នុងបក្សណាមកគិតទេ»។
ជាមួយគ្នានោះដែរ ឯកឧត្តមក៏បានលើកឡើងថា ទោះអ្នកប្រឆាំងខិតខំបង្វែងដានរឿងផ្លូវច្បាប់ទៅជារឿងនយោបាយយ៉ាងណាក៏មិនអាចគេចរួចពីផ្លូវច្បាប់ដែរ។ តុលាការមិនគិតរឿងចុះចាញ់ ចុះញ៉មទេ គឺតុលាការគិតពីការប្រព្រឹត្តត្រូវច្បាប់ និងខុសច្បាប់។ បើថា ពលរដ្ឋដឹងខុសដឹងត្រូវពីនរណាខុសច្បាប់ និងត្រូវច្បាប់។ទៅភ័យព្រួយធ្វើអីទុកឲ្យច្បាប់កំណត់ទៅ។ នៅនិយាយតែខ្លួនឯងនៅខាងក្រៅអត់បានការទេ គួរនាំគ្នាទៅតតាំងតាមផ្លូវច្បាប់នៅតុលាការទៅជាការប្រសើជាង៕
ចែករំលែកព័តមាននេះ