ខេត្តបាត់ដំបង ៖ រថភ្លើងដឹកប្រេងឥន្ធនៈ របស់ក្រុមហ៊ុនតេលា បុកគ្នាជាមួយរថយន្តធុនធំដឹកថ្ម បណ្តាលឲ្យប៉ើងក្រឡាប់ទាំងរថភ្លើងនិងរថយន្ត រងការខូចខាតយ៉ាងធ្ងន់ធ្ងរ ។
ហេតុការណ៍គ្រោះថ្នាក់ ចរាចរណ៍ នេះកើតឡើងនៅវេលាម៉ោងជាង១១ថ្ងៃត្រង់ ថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៣ ត្រង់ចំណុចកំណាត់ផ្លូវបំបែក រវាងរថភ្លើង និងផ្លូវហាយវ៉េ វាងក្រុង ស្ថិតក្នុងភូមិអូរដំបង ឃុំអូរដំបង២ ស្រុកសង្កែ ខេត្តបាត់ដំបង ។
បើតាមរបាយការណ៏បឋមពីសមត្ថកិច្ច បានឲ្យដឹងថា មុនពេលកើតហេតុ គេឃើញភ្នាក់ងារធ្វើសញ្ញាចរាចរណ៍ របស់រថភ្លើង បានទម្លាក់ បារ៉ាស់សន្សឹមៗ និងបានបន្លឺសំឡេងផ្លុំកញ្ចែ ប្រាប់ហាមមិនឲ្យរថយន្តឆ្លងកាត់ដែរ តែភាគីខាងរថយន្ត ហាក់មិនខ្វល់ និងរឹតតែបង្កើនល្បឿន ឲ្យរួចផុត ប៉ុន្តែបែរជាបុកគ្នា យ៉ាងពេញទំហឹង បណ្តាលឲ្យរថយន្ត ក្រឡាប់ផ្ងារជើង ចាក់ថ្មរាយប៉ាយ កកស្ទះផ្លូវ លើគន្លងផ្លូវភ្លោះ ផ្នែកខាងឆ្វេងជាច្រើនម៉ោង ចំណែកឯរថភ្លើងបានប៉ើងខ្ទាតធ្លាក់ចូលក្នុងប្រឡាយក្បែរផ្លូវ បានប៉ើងធ្លាក់ស៊ីទែនប្រេង ចុះមកដីមួយស៊ីទែន និងមួយស៊ីទែនទៀតខ្ទាតចាកចេញពីគន្លងផ្លូវ កល់នឹងក្បាលរថភ្លើង (ប្រេងម៉ាស៊ូតពេញ) ថែមទាំងបង្កឲ្យដែកតួផ្លូវរថភ្លើង រមូរវៀចជាច្រើនម៉ែត្រផងដែរ សំណាងល្អ ដែលមិនបង្កឲ្យផ្ទុះឆេះឡើង ។
អ្នកបើកបររថភ្លើងដឹកសាទែនប្រេងមួយខ្សែ មានឈ្មោះ សយ សម្បត្តិ ភេទប្រុស អាយុ៥៧ឆ្នាំ ក្នុងទិសដៅពីភ្នំពេញ ទៅបាត់ដំបង ។
ចំណែកឯ រថយន្តធុនធ្ងន់ដឹកថ្មមួយគ្រឿង ម៉ាក HYUNDAI គ្មានស្លាកលេខ បើកបរដោយឈ្មោះ ស្វាយ រឿន ភេទប្រុស អាយុ៤៦ឆ្នាំ រស់នៅភូមិធិបតី ឃុំធិបតី ស្រុកគាស់ក្រឡ ខេត្តបាត់ដំបង (បើកបរក្នុងល្បឿនលឿន) ។
ប្រភពពីពលរដ្ឋដែលឃើញហេតុការណ៍ បានប្រាប់ថា មុនពេលឆ្លងចូលដល់ផ្លូវជាតិ រថភ្លើងក៏ស៊ីផ្លេដែរ ហើយមន្ត្រីប្រចាំការផ្លូវរថភ្លើង ក៏ឲ្យសញ្ញាទង់ថា មានរថភ្លើងត្រូវឆ្លងកាត់ដែរ ប៉ុន្តែភាគីខាងរថយន្ត មិនដឹងយ៉ាងម៉េច នៅតែបើកបរទៅមុខ ទើបបណ្តាលឲ្យរថភ្លើងបុកពេញទំហឹង ក្រឡាប់ទាំងរថភ្លើងនិងរថយន្តតែម្តង បង្កការរងរបួសស្រាលអ្នកបើកបរថភ្លើងឈ្មោះ សយ សម្បត្តិ ។
ក្រោយពេលកើតហេតុ សមត្ថកិច្ចជំនាញបានចុះទៅពិនិត្យ និងសម្រួលចរាចរណ៍នៅកន្លែងកើតហេតុ ។ ចំណែកឯអ្នកបើកបររថយន្ត ត្រូវសមត្ថកិច្ចនាំខ្លួនបន្ត តាមនិតិវិធី ៕
ចែករំលែកព័តមាននេះ