ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​ស្នើ​សុំ​ជំនួយ​ពី​ជប៉ុន​ម្ដងទៀត សម្រាប់​គម្រោង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន

1 ឆ្នាំ មុន

វៀតណាម ៖ ប្រទេស​វៀតណាម​បាន​ស្នើ​សុំ​ប្រទេស​ជប៉ុន​ជា​លើក​ទី​ពីរ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​

វៀតណាម ៖ ប្រទេស​វៀតណាម​បាន​ស្នើ​សុំ​ប្រទេស​ជប៉ុន​ជា​លើក​ទី​ពីរ កាលពី​ថ្ងៃ​ទី​១៣ ខែមករា ឆ្នាំ​២០២៣ សម្រាប់​ការ​គាំទ្រ​ក្នុង​ការ​កសាង​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​ពី​ភាគ​ខាងជើង​ទៅ​ភាគ​ខាងត្បូង​។ នេះ​បើ​យោង​តាម​ប្រភព​ពី​សារព័ត៌មាន​វៀតណាម VnExpress បាន​ចេញផ្សាយ​កាលពី​ថ្ងៃ​ទី​១៤ ខែមករា កន្លង​ទៅ​។

នាយក​រដ្ឋមន្ត្រី​វៀតណាម លោក Pham Minh Chinh បាន​ធ្វើ​សំណើ​នេះ នៅ​ក្នុង​ជំនួប​ជាមួយ​រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន លោក Shunichi Suzuki នៅ​ក្នុង​ទីក្រុង​ហាណូយ ខណៈ​ដែល​នេះ​ជា​លើក​ទី​ពីរ​ហើយ ដែល​នាយក​រដ្ឋមន្ត្រី​វៀតណាម បាន​ធ្វើ​សំណើ​ទៅ​កាន់​ប្រទេស​ជប៉ុន ទាក់ទង​នឹង​គម្រោង​ផ្លូវដែក​ដ៏​ធំ​របស់​ខ្លួន បន្ទាប់​ពី​បាន​ស្នើ​ឱ្យ​ធនាគារ​ជប៉ុន សម្រាប់​កិច្ច​សហប្រតិបត្តិការ​អន្តរជាតិ ដែល​ហៅ​កាត់​ថា JBIC គាំទ្រ​លើ​គម្រោង​នេះ អំឡុង​ពេល​លោក​បាន​ទទួល​លោក Maeda Tadashi ប្រធាន JBIC នៅ​ទីក្រុង​ហាណូយ កាលពី​ខែកក្កដា ឆ្នាំ​២០២២ កន្លង​ទៅ​។

ក្រសួង​ដឹក​ជញ្ជូន​របស់​វៀតណាម បាន​ស្នើ​សុំ​ខ្សែ​រថភ្លើង​ល្បឿន​លឿន​ពី​ភាគ​ខាងជើង​ទៅ​ភាគ​ខាងត្បូង​ប្រវែង ១.៥៥៩​គីឡូម៉ែត្រ ដែល​មាន​ល្បឿន​ពី​ចាប់ ៣២០ ទៅ ៣៥០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង​។ ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ នឹង​ត្រូវ​ប្រើ​សម្រាប់​ដឹក​ជញ្ជូន​អ្នកដំណើរ ខណៈ​ដែល​ផ្លូវ​រថភ្លើង​ប្រពៃណី​បច្ចុប្បន្ន នឹង​ត្រូវ​បាន​ប្រើប្រាស់​ដើម្បី​ដឹក​ជញ្ជូន​ទំនិញ​។

ការ​វិនិយោគ​សរុប​សម្រាប់​ផ្លូវ​រថភ្លើង​ល្បឿន​លឿន​នេះ ត្រូវ​បាន​គេ​រំពឹង​ថា នឹង​មាន​តម្លៃ​ជាង ៥៨​ពាន់​លាន​ដុល្លារ ដោយ​ដំណាក់កាល​ទី​១ នៃ​គម្រោង​នេះ នឹង​ត្រូវ​បញ្ចប់​មុន​ឆ្នាំ ២០៣០ នឹង​មានការ​សាងសង់​២​ផ្នែក​គឺ ទីក្រុង​ហាណូយ​-​ទីក្រុង​វី​ញ និង​ទីក្រុង​ហូ​ជី​មិ​ញ​-​ទីក្រុង​ញ៉ា​ត្រាង​។

នៅ​ក្នុង​កិច្ចប្រជុំ​កាលពី​ថ្ងៃ​ទី​១៣ ខែមករា កន្លង​ទៅ លោកនាយក​រដ្ឋមន្ត្រី Pham Minh Chinh ក៏​បាន​ស្នើ​ឱ្យ​ជប៉ុន​ជួយ​រៀបចំ​រចនាសម្ព័ន្ធ​ភាគហ៊ុន​ឡើង​វិញ នៅ​រោងចក្រ​ចម្រាញ់​ប្រេង Nghi Son និង Petrochemical ដែល​ជា​រោងចក្រ​ចម្រាញ់​ប្រេង​ដ៏​ធំ​បំផុត​របស់​វៀតណាម ដែល​ជា​កម្មសិទ្ធិ​របស់​ក្រុមហ៊ុន Petrovietnam, Kuwait Petroleum International និង​ក្រុមហ៊ុន Idemitsu Kosan និង Mitsui Chemicals របស់​ប្រទេស​ជប៉ុន​។ បន្ថែម​ពី​នេះ លោក​ក៏​បាន​ស្នើ​ឱ្យ​ប្រទេស​ជប៉ុន ផ្តល់​ការពិគ្រោះ​យោបល់​ក្នុង​ការ​គ្រប់គ្រង និង​ការ​ផ្លាស់​ប្តូរ​ប្រព័ន្ធ​ឌី​ជី​ថ​ល​នៅ​ក្នុង​ទីផ្សារ​មូល​ប​ត្រ​បំណុល និង​ទីផ្សារ​ភាគហ៊ុន​។

លោកនាយក​រដ្ឋមន្ត្រី បាន​អះអាង​ថា វៀតណាម​តែងតែ​មើលឃើញ​ជប៉ុន​ជា​ដៃគូ​យុទ្ធសាស្ត្រ​ឈានមុខ​គេ និង​យូរអង្វែង ព្រមទាំង​គាំទ្រ​ជប៉ុន​ក្នុង​ការ​រួមចំណែក​ជា​វិជ្ជមាន​ដល់​សន្តិភាព កិច្ច​សហប្រតិបត្តិការ និង​ការ​អភិវឌ្ឍន៍​ក្នុង​តំបន់ រួម​និង​ពិភពលោក​។ លោក​បាន​បន្ថែម​ថា រដ្ឋាភិបាល​វៀតណាម​នឹង​បង្កើត​លក្ខខណ្ឌ​អំណោយផល​សម្រាប់​ធុរកិច្ច​ជប៉ុន ដើម្បី​ធ្វើ​ប្រតិបត្តិការ​នៅ​ប្រទេស​វៀតណាម​។ ស្រប​ពេល​ដែល​លោក Shunichi Suzuki រដ្ឋមន្ត្រីក្រសួង​ហិរញ្ញវត្ថុ​ជប៉ុន បាន​និយាយ​ថា ជប៉ុន​នឹង​សិក្សា​លើ​សំណើ​របស់​វៀតណាម ដើម្បី​ផ្តល់​ជូន​តាម​ជាក់ស្តែង​។

គួរ​បញ្ជាក់​ថា វៀតណាម និង​ជប៉ុន​ប្រារព្ធ​ខួប ៥០​ឆ្នាំ​នៃ​ទំនាក់ទំនង​ការទូត​រវាង​គ្នា នៅ​ក្នុងឆ្នាំនេះ​។ ប្រទេស​ជប៉ុន​គឺជា​អ្នក​ឧបត្ថម្ភ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ (ODA) ដ៏​ធំ​បំផុត​របស់​វៀតណាម ដែល​ឈាន​ដល់​ប្រហែល ១៧​ពាន់​លាន​ដុល្លារ​ចាប់តាំងពី​ឆ្នាំ ១៩៩២ រហូត​ដល់​ឆ្នាំ ២០២១ ដែល​ស្មើនឹង​ប្រហែល ៣០% នៃ​ជំនួយ​អភិវឌ្ឍន៍​ផ្លូវការ​ទាំង​អស់ពី​សហគមន៍​អន្តរជាតិ ទៅ​កាន់​ប្រទេស​វៀតណាម​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ