ភ្នំពេញ៖ កិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី នាព្រឹកថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣ នេះ បានអនុម័តលើសេចក្តីព្រាងគោលនយោបាយជាតិ ស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧។ ដំណាំស្វាយចន្ទី គឺជាដំណាំកសិឧស្សាហកម្មដ៏មានសក្តានុពល និងជាដំណាំអាទិភាពមួយ ក្នុងចំណោមដំណាំអាទិភាពទាំង ១២មុខ ដែលរាជរដ្ឋាភិបាល បាន និងកំពុងផ្តោតការយកចិត្តទុកដាក់លើការបង្កើនផលិតភាព និងការប្រកួតប្រជែង តាមរយៈការធ្វើពិពិធកម្មសេដ្ឋកិច្ចក្នុងសកម្មភាព ដែលមានតម្លៃខ្ពស់។
តាមលទ្ធផលនៃកិច្ចប្រជុំពេញអង្គគណៈរដ្ឋមន្ត្រី បច្ចុប្បន្ន កម្ពុជាយើង មានខេត្តចំនួន ១០ ដែលមានផ្ទៃដីដាំដុះស្វាយចន្ទី រួមមាន ខេត្តកំពង់ធំ រតនគិរី ក្រចេះ កំពង់ចាម ព្រះវិហារ ស្ទឹងត្រែង ឧត្តរមានជ័យ ត្បូងឃ្មុំ មណ្ឌលគិរី និងខេត្តសៀមរាប។ ពីឆ្នាំ២០១៥ ដល់ឆ្នាំ២០២១ ផ្ទៃដីដាំដុះស្វាយចន្ទីកម្ពុជា មានការកើនឡើងពី ៩៤ ៣០៨ហិកតា ដល់ ៤០៥ ៩៩១ហិកតា និងផ្ទៃដីប្រមូលផល បានកើនពី ៧៨ ៥៨៤ហិកតា ដល់ ២៧៥ ៦៧៩ហិកតា ដោយទទួលបានទិន្នផលសរុបកើនពី ៩៣ ៩៤៤តោន ដល់ ៤៧២ ៦៣៦តោន។
ជាមួយគ្នានេះ ស្វាយចន្ទីកម្ពុជា ក៏កំពុងមានកេរ្តិ៍ឈ្មោះល្បី និងត្រូវបានទទួលស្គាល់ពីទីផ្សារ លើទំហំគ្រាប់ រសជាតិ កម្រិតកាកសំណល់កសិកម្មទាប និងសរីរាង្គតាមបែបប្រពៃណី ដោយក្នុងនោះ ផលិតផលស្វាយចន្ទីរបស់កម្ពុជា អាចទាញយកចំណែកទីផ្សារពីសហរដ្ឋអាមេរិក អាល្លឺម៉ង់ ហូឡង់ ចិន ចក្រភពអង់គ្លេស បារាំង អូស្ត្រាលី សហភាពអារ៉ាប់រួម និងជប៉ុន។
ក្នុងន័យនេះ សេចក្តីប្រកាស លើកឡើងថា ដើម្បីបន្តជំរុញកំណើនកសិពាណិជ្ជកម្ម ប្រកបដោយការប្រកួតប្រជែងផលិតផលមានគុណភាព និងសុវត្ថិភាព ការដាក់ចេញនូវគោលនយោបាយជាតិ ស្តីពី ស្វាយចន្ទី ឆ្នាំ២០២២-២០២៧ គឺជាការចាំបាច់ ដែលស្របទៅនឹងគោលនយោបាយ និងក្របខណ្ឌយុទ្ធសាស្ត្រផ្សេងៗទៀត សំដៅធានានូវឧត្តមភាពប្រកួតប្រជែងលើទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក ព្រមទាំងជាផែនទីបង្ហាញផ្លូវ និងជាមូលដ្ឋានក្នុងការរៀបចំយុទ្ធសាស្ត្រ និងផែនការសកម្មភាពអភិវឌ្ឍវិស័យដំណាំស្វាយចន្ទីប្រកបដោយចីរភាព។
សេចក្តីព្រាងគោលនយោបាយ ដែលគណៈរដ្ឋមន្ត្រីបានប្រជុំ និងអនុម័តនេះ មានចក្ខុវិស័យអភិវឌ្ឍផលិតកម្ម ការកែច្នៃ និងទីផ្សារស្វាយចន្ទី ឱ្យមានលក្ខណៈប្រកួតប្រជែងប្រកបដោយបរិយាបន្ន ធានានូវនិរន្ទរភាព និងការធ្វើពិពិធកម្មសេដ្ឋកិច្ច ក្នុងគោលបំណងប្រែក្លាយកម្ពុជា ឱ្យទៅជាប្រទេសផលិត និងផ្គត់ផ្គង់ផលិតផលស្វាយចន្ទីដ៏សំខាន់មួយ សម្រាប់បម្រើដល់ទីផ្សារក្នុងស្រុក តំបន់ និងពិភពលោក។
របាយការណ៍របស់សមាគមស្វាយចន្ទីកម្ពុជា បង្ហាញថា កាលឆ្នាំ២០១៩ កម្ពុជាផលិតគ្រាប់ស្វាយចន្ទី បាន ៦០ម៉ឺនតោន។ នៅឆ្នាំ២០២០ កើនដល់ ៩៥ម៉ឺនតោន។ ឆ្នាំ២០២១ កើនដល់ ១,១លានតោន។ ប៉ុន្តែនៅឆ្នាំ២០២២ គ្រាប់ស្វាយចន្ទី បានធ្លាក់ចុះ នៅត្រឹម ៦៦ម៉ឺនតោនប៉ុណ្ណោះ។
ប្រសិនបើអាកាសធាតុអំណោយផលល្អ ការផលិតស្វាយចន្ទី នៅកម្ពុជា អាចកើនដល់ ៨០ម៉ឺនតោន ទៅ ១លានតោន ក្នុងឆ្នាំ២០២៣។ នេះបើតាមសមាគមស្វាយចន្ទីកម្ពុជា៕






ចែករំលែកព័តមាននេះ