ខេត្តកំពង់ឆ្នាំង ៖ ស្ពានធ្វើដំណើរបណ្ដោះអាសន្ននៅទំនប់ចាក់ទឹម ស្ថិតនៅក្នុងភូមិកោះខ្ទុម ឃុំជៀប ស្រុកទឹកផុសបានរងការផ្ដាច់សារជាថ្មីម្ដងទៀត បន្ទាប់ពីមានជំនន់ទឹកភ្លៀង កាលពីយប់ថ្ងៃទី11 មករា ឆ្នាំ2023 ។
![Picture]()
មន្ត្រីរដ្ឋបាលស្រុកទឹកផុសបានឱ្យដឹងថា កាលពីយប់ថ្ងៃទី11 មករា បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង បណ្តាលអោយកើតជំនន់ទឹកភ្លៀងបុកផ្តាច់ស្ពាន ដែលកសាងបណ្ដោះ សម្រាប់ការធ្វើដំណើរឆ្លងកាត់ជាថ្មីម្ដងទៀត ដែលនេះជាការដាច់លើកទី3ហើយ ។
![Picture]()
ការដាច់ស្ពានឆ្លងកាត់នេះ បណ្ដាលឱ្យជួបបញ្ហាក្នុងការធ្វើដំណើររបស់ប្រជាពលរដ្ឋនៅទីនោះ និងសិស្សទៅមកសាលារៀន ពិសេសសម្រាប់ភ្ញៀវទេសចរដែលតែងតែទៅកម្សាន្តនៅទឹកធ្លាក់ថ្មក្រាល ។ យ៉ាងនេះក្តី មន្ត្រីរដ្ឋបាលសាលាស្រុកទឹកផុសអះអាងថា នឹងតភ្ជាប់ឡើងវិញនៅពេលដែលទឹកស្រកអស់ ។
![Picture]()
គួរបញ្ជាក់ដែរថា ទំនប់ចាក់ទឹមគឺជាទំនប់មួយ ដែលកសាងឡើងក្នុងសម័យខ្មែរក្រហម សម្រាប់ស្ទាក់ទឹកយកទៅធ្វើស្រែ។ ក្រោយមក ទំនប់មួយនេះបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើររបស់ប្រជាពលរដ្ឋ និងបានក្លាយទៅជាផ្លូវសម្រាប់ធ្វើដំណើរទៅកាន់ទីរមណីយដ្ឋានថ្មក្រាលផងដែរ ។
![Picture]()
ប៉ុន្តែក្រោយពីមានការទប់បិទជាបណ្ដោះអាសន្ន ផ្លូវទឹកមួយនេះ សម្រាប់ការសាងសង់ធារាសាស្ត្រថ្មីមួយ និងបានបង្វែរផ្លូវទឹកថ្មីជំនួសវិញ ពេលភ្លៀងធ្លាក់ខ្លាំងម្ដងៗមុខទឹកថ្មីមិនអាចទ្រទ្រង់បាន ទើបបណ្ដាលឲ្យបាក់ដាច់ទំនប់ចាក់ទឹមកាលពីយប់ថ្ងៃទី20 ខែកក្កដា ឆ្នាំ 2022 ។
![Picture]()
ក្រោយពេលទំនប់ចាក់ទឹមបាក់កាត់ផ្ដាច់មិនអាចធ្វើដំណើរបាន អាជ្ញាធរមូលដ្ឋាននិងមន្ត្រីជំនាញបានកសាងស្ពានបណ្ដោះអាសន្នសម្រាប់ឲ្យប្រជាពលរដ្ឋនិងនិងសិស្ស ធ្វើដំណើរឆ្លងកាត់ ពិសេស សម្រាប់ភ្ញៀវទេសចរណ៍ទៅតំបន់ទឹកធ្លាក់ថ្មក្រាលផងដែរ។ យ៉ាងនេះក្តី ការកសាងស្ពានថ្មីនេះបានបាក់ម្ដងជាពីរដងហើយរាប់ទាំងយប់ថ្ងៃទី11 ខែមករានេះ គឺជាការកាត់ផ្ដាច់លើកទី3ផងដែរ ។
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
![Picture]()
ចែករំលែកព័តមាននេះ