ខេត្តព្រៃវែង ៖ នៅសល់តែ៨ថ្ងៃទៀតប៉ុណ្ណោះ អស់លោកអ្នកអានពិតជាបានឮបទស្មូតទំនួញប្រេតនាវេលាទៀបភ្លឺមិនខាន ដែលនោះគឺរដូវបុណ្យភ្ជុំបិណ្ឌបានចូលមកដល់ហើយជាមួយនិងថ្ងៃកាន់បិណ្ឌ និងបោះបាយបិណ្ឌថ្ងៃទី១ ។ ប៉ុន្តែអ្វីដែលគួរឱ្យសង្វេគនោះគឺលោកតាពេជ្រ សុខា ដែលជាអ្នកស្មូតបទនេះបានលាចាកលោកទៅហើយ បន្ទាប់ពីត្រូវបាននាំចូលមន្ទីរពេទ្យកាល់ម៉ែត្រដើម្បីសង្គ្រោះបន្ទាន់នាថ្ងៃទី១១ កញ្ញា ហើយបានទទួលមរណភាពនៅថ្ងៃទី១៤ កញ្ញា វេលាម៉ោង៤ទៀបភ្លឺ ។ សពរបស់លោកត្រូវបានបញ្ជូនទៅកាន់លំនៅឋាននៅតំបន់អ្នកលឿងត្រើយខាងកើតធ្វើបុណ្យទៅតាមប្រពៃណី និងបានដង្ហែទៅបូជានៅឈាបនដ្ឋានវត្តឧត្តមសមាគមនាព្រឹកថ្ងៃទី១៥ កញ្ញា ក្រោមតំណក់ទឹកភ្នែករបស់ភរិយា និងកូនចៅ បងប្អូនដែលស្តាយស្រណោះអាឡោះអាល័យជីវិតរបស់ លោកដែលបានលាទាំងក្រុមគ្រួសារ និងលាមនុស្សគ្រប់គ្នាដោយគ្មានថ្ងៃវិលត្រលប់វិញនោះទេ ។ មកដល់ថ្ងៃនេះ លោកពេជ្រ សុខា មានអាយុ៦១ឆ្នាំ ។
លោកពេជ្រ សុខា មានជំងឺរ៉ាំរ៉ៃយូរមកហើយ និងបានទទួលនូវការព្យាបាលជាហូរហែមក តែការឈានទៅដល់នាំចូលមន្ទីរពេទ្យនោះគឺបន្ទាប់ពីគាត់បានដើរហាត់ប្រាណ ហើយដួលបោកក្បាល និងសន្លប់បន្ទាប់មកក៏ងងឹតភ្នែកមើលអ្វីមិនយល់ទើបត្រូវបាននាំមកសង្គ្រោះនៅមន្ទីរពេទ្យកាល់ម៉ែត្រ ។ លោកពេជ្រ សុខា ជាអតីតអ្នកចំរៀងអាយ៉ៃឆ្លងឆ្លើយជាមួយដៃគូគឺអ្នកស្រីប៉ាក់ សុមាលី ។ អ្នកស្រីគឹម ហន អាយុ៥៧ឆ្នាំ ត្រូវជាភរិយារបស់លោកពេជ្រ សុខា បានរៀបរាប់ពីជីវប្រវត្តិស្វាមីអ្នកស្រីឱ្យដឹងថា លោកកើតនៅឆ្នាំ១៩៤៩ នៅភូមិតាជោ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង ។ គាត់មានកូនចំនួន៥នាក់ ប្រុស៤នាក់ ស្រី១នាក់ តែអនិច្ចាកូនស្រីដែលមាននិស្ស័យដូចលោកដែរនោះបានស្លាប់ទៅហើយ ។ លោក ពេជ្រ សុខា មានទីលំនៅភូមិ៤ ឃុំព្រែកខ្សាយ «ខ» ស្រុកពាមរក៍ ។ លោកមានជំងឺទឹកនោមផ្អែមប្រចាំកាយ ហើយក៏បានព្យាបាលជាធម្មតា ។ នៅរាល់ពេលព្រឹក លោកតែងតែងើបដើរហាត់ប្រាណជាប្រចាំ តែចៃដន្យអាក្រក់លោករអិលជើង ហើយក៏បានដួលពេញទំហឹងបោកក្បាលទៅនឹងដីរួចក៏បានសន្លប់បាត់បង់ស្មារតី ទើបកូនចៅបាននាំគាត់យកទៅមន្ទីរពេទ្យបង្អែកអ្នកលឿងដើម្បីសង្គ្រោះ ។ ប៉ុន្តែដោយឃើញគាត់មានសភាពធ្ងន់ធ្ងរពេកទើបក្រុមគ្រួសារ និងពេទ្យបានសំរេចបញ្ជូនគាត់ទៅមន្ទីរពេទ្យកាល់ម៉ែតភ្លាមៗដើម្បីជួយសង្គ្រោះបន្តឱ្យរួចផុតពី សេចក្តីស្លាប់ ។ ប៉ុន្តែជាអកុសលក្រុមគ្រូពេទ្យមិនអាចជួយបានឡើយ ។
អ្នកស្រីប៉ាក់ សុមាលី អាយុ៥៩ឆ្នាំ ដែលជាដៃគូធ្លាប់បានច្រៀងអាយ៉ៃឆ្លងឆ្លើយជាមួយលោកពេជ្រ សុខា បានរៀបរាប់ទាំងទឹកភ្នែកថា អ្នកស្រីសោកស្តាយជីវិតលោកពេជ្រ សុខា ណាស់ ថ្វីត្បិតតែពុំមែនជាប្រពន្ធ ប៉ុន្តែអ្នកស្រីដូចជាប្រពន្ធដែរ ព្រោះទៅណាមកណា កាលដែលនៅទសវត្សទី៧០ គាត់តែងតែទៅសំដែង ទៅច្រៀងលេងជាមួយលោក ។ ពេលនោះទាំងអ្នកស្រីទាំងលោកពេជ្រ សុខា បានរស់ និងមានជីវភាពសមរម្យក៏ដោយសារតែបានសម្តេចតេជោហ៊ុន សែន និងលោកជំទាវបណ្ឌិតប៊ុន រ៉ានី បានជួយឧបត្ថម្ភទាំងសំភារ និងស្មារតីដើម្បីឱ្យក្រុមគាត់មានទឹកចិត្តខិតខំប្រឹងប្រែង និងចូលរួមជួយស្តារនូវវិស័យ សិល្បៈបុរាណខ្មែរ (អាយ៉ៃឆ្លងឆ្លើយ)ឱ្យនៅគង់វង្សជារៀងរហូត នេះហើយ ជាគុណបំណាច់របស់សម្តេច និងលោកជំទាវដែលអ្នកស្រីចាំមិនភ្លេចទេ ។ អ្នកស្រីប៉ាក់ សុម៉ាលី បានបញ្ជាក់ថា លោកពេជ្រ សុខា ជាក្មួយរបស់លោកអ៊ិន យ៉ុង និងលោកអ៊ិន យ៉េង ហើយក៏ជាដៃគូចំរៀងអាយ៉ៃឆ្លងឆ្លើយជាមួយគាត់ជាយូរយារណាស់មកហើយដែរ ។
ការស្លាប់របស់លោកពេជ្រ សុខា គេសង្កេតឃើញមានលោកមេភូមិ លោកមេឃុំព្រែកខ្សាយ«ខ» ព្រមទាំងប្រជាពលរដ្ឋអ្នកភូមិជាមួយបានមកចូលរួមយ៉ាងច្រើនកុះករ ជាកិច្ចចូលរួមមរណទុក្ខចំពោះម្ចាស់សំនៀងបទទំនួញប្រេតដ៏ល្បីល្បាញ ៕
ចែករំលែកព័តមាននេះ