រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា បានឱ្យដឹងថា កម្ពុជានឹងពិចារណាដាក់ក្នុងធម្មនុញ្ញតម្រូវឱ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុធ និងអ្នកធ្វើនយោបាយត្រូវមានសញ្ជាតិតែមួយ។
ការលើកឡើងសម្ដេចតេជោ ហ៊ុន សែន បែបនេះបន្ទាប់ពីមិត្តភិក្តបរទេសមួយចំនួនបានលើកយកបញ្ហាសញ្ជាតិមកនិយាយចំពោះការអនុវត្តទោសអ្នកនយោបាយនៅកម្ពុជា។
សម្ដេចតេជោ ហ៊ុន សែន បានថ្លែងក្នុងពិធីបើកការដ្ឋានសាងសង់ពង្រីក និងលើកកម្រិតគុណភាពកំណាត់ផ្លូវជាតិលេខ៧ នាព្រឹកថ្ងៃទី៩ ខែមករា ឆ្នាំ២០២២ បានផ្ដាំផ្ញើដល់មិត្តភិក្តបរទេសទាំងឡាយ នៅពេលប្រជាពលរដ្ឋខ្មែរធ្វើនយោបាយនៅកម្ពុជា គឺប្រជាពលរដ្ឋកម្ពុជា ហើយ។
សម្ដេចតេជោ បានបញ្ជាក់ថា «ខ្ញុំសូមផ្ដាំទៅមិត្តភក្ដិបរទេសទាំងឡាយ ខ្ញុំបានប្រាប់អគ្គរដ្ឋទូតមួយដោយសារតែគេចូលចិត្តនិយាយថា អ្នកនេះ មានសញ្ជាតិនេះ អ្នកនេះមានសញ្ជាតិនោះត្រូវទទួលការប្ដឹងផ្ដល់ ឬក៏ជាប់ឃុំឃាំង ខ្ញុំបាននិយាយទៅកាន់វិញថា បើយ៉ាងដូច្នេះខ្ញុំក៏ត្រូវគិតដែរអំពីរដ្ឋធម្មនុញ្ញកម្ពុជា កំណត់ឱ្យមានសញ្ជាតិតែមួយតែម្ដងកុំឱ្យវាពិបាក»។ សម្ដេចតេជោ បន្ដថា ការអនុវត្តច្បាប់ទៅលើបុគ្គលមួយចំនួនជាអ្នកនយោបាយត្រូវបានមិត្តភិក្តបរទេសមួយចំនួននិយាយថា «បុគ្គលនោះ មានសញ្ជាតិនេះ ឬមានសញ្ជាតិនោះ»។
សម្ដេចតបវិញថា អ្នកធ្វើការងារនៅកម្ពុជា គឺពលរដ្ឋកម្ពុជាមិនអាចឱ្យពលរដ្ឋបរទេសមកធ្វើនយោបាយនៅស្រុកខ្មែរឡើយ។សម្ដេចតេជោ បញ្ជាក់ទៀតថា«អញ្ចឹងទេ កម្ពុជានឹងពិចារណាបន្ដទៀតអំពីថា តើដាក់ក្នុងរដ្ឋធម្មនុញ្ញតម្រូវឱ្យមន្ដ្រីរាជការ កងកម្លាំងប្រដាប់អាវុ.ធ និងអ្នកធ្វើនយោបាយទាំងឡាយត្រូវមានសញ្ជាតិតែមួយ អាហ្នឹងត្រូវតែគិតដែរ បើមិនចឹងទេនៅស៊ាំញាំនៅនឹង»។
សម្ដេចតេជោ បានឱ្យដឹងថា កន្លងមករដ្ឋធម្មនុញ្ញរបស់កម្ពុជាបានកំណត់ឱ្យបុគ្គលតែ១៣រូបត្រូវមានសញ្ជាតិខ្មែរតែមួយក្នុងនោះ សមាសភាពថ្នាក់ដឹកនាំ គ.ជ.ប ទាំង៩រូប, តំណែងជាប្រធានព្រឹទ្ធសភាមួយរូប, តំណែងជាប្រធានរដ្ឋសភាមួយរូប, តំណែជានាយករដ្ឋមន្ត្រីមួយរូប, និងប្រធានក្រុមប្រឹក្សាធម្មនុញ្ញមួយរូប។
សម្ដេចតេជោ ហ៊ុន សែន បានបន្ដទៀតថា បើសិននៅតែមានការលើកឡើងដដែលអំពីបុគ្គលនេះសញ្ជាតិនេះ ឬសញ្ជាតិនោះបន្តទៅទៀតនោះសម្ដេចនឹងពិនិត្យមើលអំពីការធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញ ដើម្បីដាក់ចេញនូវការអនុវត្តសញ្ជាតិតែមួយសម្រាប់អ្នកធ្វើនយោបាយនៅកម្ពុជា ដើម្បីបញ្ចប់ជាស្ថាពរនូវបញ្ហាសញ្ជាតិនេះផងដែរ៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ