រាជធានីភ្នំពេញ ៖ សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជា និងជាប្រធានគណបក្សប្រជាជនកម្ពុជាបានប្រាប់លោក គង់ បូរ៉ា ជាកូនប្រុសបង្កើតរបស់លោក គង់គាំ ត្រូវបម្រើគណបក្សប្រជាជនកម្ពុជាក្នុងនាមខ្លួនជា សមាជិកគណបក្សកុំងាករេទៅគណបក្សរបស់ខ្លួនឡើយ ដូច្នេះ គង់ បូរ៉ា ត្រូវធ្វើកិច្ចការងារឱ្យស្រួលផងដែរ។

ការបញ្ជាក់របស់សម្តេចតេជោ ហ៊ុន សែន បែបនេះ ខណៈសម្តេចបានព្រមានខ្លាំងចំពោះលោក គង់ គាំ ក្រោយពីលោកវា.យប្រហារមកលើគណបក្សប្រជាជនកម្ពុជា។
ថ្លែងនាឱកាសអញ្ជើញបើកការដ្ឋានសាងសង់ពង្រីក និងលើកម្រិតគុណភាពកំណត់ផ្លូវជាតិលេខ៧ ចាប់ពីរង្វង់មូលស្គន់ ទីរួមស្រុកជើងព្រៃ រហូតដល់ទីរួមខេត្តកំពង់ចាម សម្ដេច តេជោ ហ៊ុន សែន បានផ្ដាំផ្ញើដល់លោក គង់ បូរ៉ា ថា បើចូលគណបក្សប្រជាជនកម្ពុជាត្រូវចូលឱ្យផុត«កុំចូលក្បាលនៅកន្ទួយ»។

លើសពីនេះ សម្តេច ក៏បានរំលឹកលោក គង់ បូរ៉ា ឱ្យមានការប្រយ័ត្នប្រយែងចំពោះនិន្នការរបស់ខ្លួនផងដែរ។ សម្ដេចតេជោ បញ្ជាក់ថា« គង់ បូរ៉ា ដែលចូលមកគណបក្សប្រជាជន គង់ បូរ៉ា ត្រូវធ្វើឱ្យស្រួលឥឡូវជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃផងត្រូវធ្វើឱ្យស្រួល បើមកគណបក្ស ប្រជាជនកម្ពុជាត្រូវតែបម្រើគណបក្សប្រជាជន មិនអាចបម្រើឱ្យប្អូនរបស់ខ្លួនបានទេ»។
ជាមួយគ្នានោះដែរ សម្ដេចតេជោ ហ៊ុន សែន បានរំលឹកបន្ថែមថា រថយន្ដដែលគង់ បូរ៉ា កំពុងជិះនាពេលបច្ចុប្បន្ននេះជារថយន្ដរបស់សម្តេចទិញឱ្យផងដែរ។

គួរបញ្ជាក់ថា លោក គង់ បូរ៉ា បច្ចុប្បន្នជាអនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃត្រូវជាបងប្រុស លោក គង់ មុនីកា ជាសមាជិករបស់គណបក្សភ្លើងទៀន ខណៈលោក គង់ គាំ ជាប្រធានកិត្តិយសគណបក្សឆន្ទះខ្មែរ។ពាក់ព័ន្ធនឹងករណីគណបក្សភ្លើងទៀន សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ដ្រីនៃកម្ពុជាបានទម្លាយថា ឯកឧត្តម ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រី នាពេលអនាគត បានណែនាំលោក ថាច់ សេដ្ឋា ប្រធានស្តីទី និងជាអ្នកនាំពាក្យគណបក្សភ្លើងទៀនឱ្យណែនាំសមាជិក-សមាជិការបស់ខ្លួនកុំប្រព្រឹត្តអំពើខុសច្បាប់។សម្ដេចតេជោ ហ៊ុន សែន បានទម្លាយបែបនេះក្រោយពីលោក ថាច់ សេដ្ឋា សុំទៅជួបឯកឧត្តម ហ៊ុន ម៉ាណែត នាពេលថ្មីៗនេះ។
សម្ដេចតេជោ ហ៊ុន សែន បានបញ្ជាក់ឱ្យដឹងថា «ថាច់ សេដ្ឋា ថ្ងៃមុនទៅជួប ហ៊ុន ម៉ាណែត ខ្ញុំនិយាយឱ្យបើកជំហរចឹង ហ៊ុន ម៉ាណែត បានរាយការណ៍មកខ្ញុំគេបានដឹងហើយថា ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ដ្រី នាពេលអនាគត បន្ទាប់ពីខ្ញុំថាច់ សេដ្ឋា បានទៅសុំជួប។ ថាច់ សេដ្ឋា បានលើកឡើង ហ៊ុន ម៉ាណែត បានដំបូន្មាន សុំឱ្យសមាជិក-សមាជិកា អ្នកឯងកុំប្រព្រឹត្តខុសច្បាប់នេះជាការដំបូន្មានពី ម៉ា ណែត ត្រឡប់ទៅវិញ»។
ជុំវិញបញ្ហាទាំងនេះ សម្ដេចតេជោ ហ៊ុន សែន ក៏បានលើកឡើងថា បើអ្នកឯងមិនធ្វើខុសច្បាប់ តើអ្នកណាហ៊ានធ្វើអ្នកឯង។ សម្ដេចថា«ពាក្យសម្ដីពួកអ្នកឯង កំពុងញុះញង់ហើយ»៕
អត្ថបទសរសេរ ដោយ
អត្ថបទសរសេរ ដោយ
ចែករំលែកព័តមាននេះ