ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ការ​លក់​រថយន្ត​ថ្មី​នៅ​តែ​រក្សា​កំណើន​ខ្ពស់ បើ​ទោះជា​តម្លៃ​កើនឡើង​បន្ដិច​ក្ដី

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ការ​លក់​រថយន្ត​ថ្មី​នៅ​កម្ពុជា នៅ​តែ​រក្សា​បាន​កំណើន​ទីផ្សារ​ល្អ បើ​ទោះជា​រាជរដ្ឋាភិបាល​បាន​ដំឡើង​ពន្ធ​ដែល​ធ្វើ​ឲ្យ​តម្លៃ​កើនឡើង​មួយ​កម្រិត​ក្តី ។ យ៉ាងណា​ក៏​ដោយ ទីផ្សារ​មួយ​នេះ​កំពុង​ប្រកួតប្រជែង​យ៉ាង​

រាជធានី​ភ្នំពេញ ៖ ការ​លក់​រថយន្ត​ថ្មី​នៅ​កម្ពុជា នៅ​តែ​រក្សា​បាន​កំណើន​ទីផ្សារ​ល្អ បើ​ទោះជា​រាជរដ្ឋាភិបាល​បាន​ដំឡើង​ពន្ធ​ដែល​ធ្វើ​ឲ្យ​តម្លៃ​កើនឡើង​មួយ​កម្រិត​ក្តី ។ យ៉ាងណា​ក៏​ដោយ ទីផ្សារ​មួយ​នេះ​កំពុង​ប្រកួតប្រជែង​យ៉ាង​ក្ដៅ​គគុក​ជាមួយ​រថយន្ដ​មួយ​ទឹក ដែល​គ្រប់គ្រង​ចំណែក​ទីផ្សារ​ប្រមាណ​ជាង​៧០%​នា​ពេល​បច្ចុប្បន្ន ។

លោក Michael Vetter អគ្គនាយក​ក្រុមហ៊ុន Precision Car (Cambodia) Ltd ដែល​បាន​នាំ​ចូល​រថយន្ត​ប្រណីត​ម៉ាក Porsche មក​កាន់​ទីផ្សារ​កម្ពុជា បាន​សម្តែង​សុទិដ្ឋិនិយម​អំពី​ទីផ្សារ​ដោយសារ​ការ​លក់​រថយន្ត​របស់​ក្រុមហ៊ុន​បាន​កើនឡើង​៤៨% បើ​ធៀប​រយៈពេល​ដូច​គ្នា​កាលពី​ឆ្នាំ​មុន ។

លោក​បន្ត​ថា ៖« ខ្ញុំ​នៅ​តែ​មាន​ជំនឿ​ចិត្ត​ចំពោះ​ទីផ្សារ​នេះ ដោយសារ​ការ​កើនឡើង​នូវ​ប្រាក់​ចំណូល​របស់​ប្រជាពលរដ្ឋ កំណើនសេដ្ឋកិច្ច និង​ស្ថិរភាព​នយោបាយ​របស់​ប្រទេស​កម្ពុជា​»​។ លោក​បន្ត​ថា ៖« ដោយសារ​កម្ពុជា​ជាទី​ផ្សារ​ដែល​កាន់តែ​មាន​សក្តានុពល​បែប​នេះ ទើប​ក្រុមហ៊ុន​សម្រេចចិត្ត​មក​វិនិយោគ​នៅ​កម្ពុជា » ។

បើ​តាម​ការ​បញ្ជាក់​ពី​អគ្គនាយក​រូប​នេះ រថយន្ត​ម៉ាក​Porsche មាន​តម្លៃ​ចាប់ពី​ជាង​១២​ម៉ឺន​ដល់​ជាង​៣០​ម៉ឺន​ដុល្លារ​អា​មេ​រិ​ក​ក្នុង​១​គ្រឿង ។

ចំណែក​លោក Akira Odagaki ប្រធាន​ក្រុមហ៊ុន​ទ្រី ផេ​ដ អីុស៊ូ​ហ្ស៊ុ ខេ​ម​បូ​ឌា ដែល​ជា​ក្រុមហ៊ុន​ចែកចាយ​រថយន្ដ​អីុ​ស៊ូ​ហ្ស៊ុ Pickups និង​SUV ផ្ដាច់មុខ​នៅ​កម្ពុជា បាន​ថ្លែង​ថា ការ​លក់​រថយន្ដ​របស់​ក្រុមហ៊ុន​សម្រេច​បាន​កំណើន​៩០% បើ​ធៀប​នឹង​ឆ្នាំ​មុន ហើយ​បច្ចុប្បន្ន ក្រុមហ៊ុន​ទទួល​បាន​ចំណែក​ទីផ្សារ​៣០%​នៃ​ប្រភេទ​រថយន្ដ​Pick Ups ទាំងអស់​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជា ។

លោក​មាន​សុទិដ្ឋិនិយម​ថា ៖« ការ​លក់​នឹង​មាន​កំណើនថេរ​ក្នុង​រង្វង់​១០%​នា​ឆ្នាំ​នេះ និង​ឆ្នាំ​បន្ដបន្ទាប់ ដោយសារ​តែ​សេដ្ឋកិច្ច​កម្ពុជា​មាន​កំណើន​រឹង​មាំ​ក្នុង​រង្វង់​៧% និង​មាន​ស្ថិរ​ភាពល្អ ។ ក្នុង​នោះ​ប្រភេទ​ដែល​លក់ដាច់​ជាងគេ គឺ​រថយន្ដ Isuzu D-Max Blue Power និង Isuzu MU-X Blue Power ដោយ​មាន​តម្លៃ​ចាប់ពី​៤៨.៩០០​ដុល្លារ​អា​មេ​រិ​ក សម្រាប់​រថយន្ត The New Isuzu Mu-X» ។

ការ​លើក​ឡើង​ស្រ​ដៀង​គ្នា​នេះ​ដែរ លោក ពាង ម៉ា​ន់ អគ្គនាយក​ក្រុមហ៊ុន Great Wall បាន​ថ្លែង​ឲ្យ​ដឹង​តាម​ទូរស័ព្ទ​កាលពី​ថ្ងៃ​ទី​៧ មិថុនា​កន្លង​មក​ថា លោក​បាន​នាំ​ចូល​រថយន្ត​ថ្មី​ប្រមាណ​២០០​គ្រឿង​នៅ​ឆ្នាំ​នេះ ដែល​ជា​ចំនួន​ច្រើន​ជាង​ឆ្នាំ​មុន​ពី​១០​ទៅ​២០% ដោយសារ​ការ​លក់​របស់​ក្រុមហ៊ុន​រក្សា​បាន​កំណើន​ដូច​គ្នា​នេះ ។ លោក​បន្ត​ថា រថយន្ត​ដែល​នាំ​ចូល​ជា​ប្រភេទ​រថយន្ត​ប្រភេទ​SUV ជា​រថយន្ត​ដែល​កំពុង​ពេញ​និយម​នៅ​កម្ពុជា ព្រោះ​វា​សម​ស្រប​នឹង​ស្ថានភាព​ផ្លូវ និង​មាន​តម្លៃ​សមរម្យ ។

ចំពោះ​តម្លៃ​រថយន្ត​ប្រភេទ SUV Great Wall មាន​ចាប់ពី​ជាង​៣​ម៉ឺន​ដល់​ជាង​៤,៦​ម៉ឺន​ដុល្លារ​ក្នុង​១​គ្រឿង ដែល​ជា​តម្លៃ​សមរម្យ មានគុណ​ភាពល្អ និង​រូបរាង​ស្អាត ធៀប​នឹង​រថយន្ត​នាំ​ចូល​ដទៃ​ទៀត។

បើ​ទោះបីជា​ការ​លក់​រថយន្ដ​ថ្មី​ដំណើរការ​ល្អ និង​មាន​សញ្ញា​វិជ្ជមាន​ក៏​ដោយ ក៏​ក្រុមហ៊ុន​នាំ​ចូល​រថយន្ដ​ថ្មី​ទាំងនោះ នៅ​តែ​មាន​ឧបសគ្គ​ផង​ដែរ ពិសេស​ការ​ប្រកួតប្រជែង​ដ៏​ក្ដៅ​គគុក​ជាមួយ​ទីផ្សារ​រថយន្ដ​មួយ​ទឹក គ្រា​ដែល​ពន្ធ​រថយន្ដ​ថ្មី​ត្រូវ​បាន​រាជរដ្ឋាភិបាល​ដំឡើង​បន្ថែម​ទៀត​នោះ ។

លោក ពាង ម៉ា​ន់ និយាយ​ថា ៖« យើង​ជួប​ឧបសគ្គ​មួយ​ចំនួន​ទាក់ទង​នឹង​រថយន្ត​ថ្មី ដូច​ជា​ការ​ដំឡើង​ពន្ធ​បន្ថែម​របស់​រាជរដ្ឋាភិបាល ការ​នាំ​ចូល​រថយន្ត​ជជុះ​កាន់តែ​ច្រើន និង​ប្រព័ន្ធ​ហិរញ្ញវត្ថុ​ដែល​ផ្តល់​ឥណទាន​ដល់​អ្នកទិញ​រថយន្ត មាន​អត្រា​ការ​ប្រាក់​ខ្ពស់ និង​មាន​រយៈពេល​ខ្លី » ។

បើ​តាម​តួលេខ​គយ​ក្នុង​រយៈពេល​១០​ឆ្នាំ​ចុង​ក្រោយ​នេះ កំណើន​នាំ​រថយន្ត​ចូល​មក​ទីផ្សារ​កម្ពុជា គិត​ជា​មធ្យម​កើនឡើង​១៦៤% ៕