ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វិទ្យាសាស្ត្រ​លាតត្រដាង​វិធី​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​នៅ​ឆ្នាំ​២០២៣ និង​ឆ្នាំ​ខាង​មុខ

1 ឆ្នាំ មុន
  • ភ្នំពេញ

នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​២០២៣ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ចង់អោយ​រឿង​រ៉ាង​ល្អ​ៗ​ជា​ច្រើន​កើត​មាន​ចំពោះ​យើង​។ យើង​ស្រ​ម៉ៃ​ចង់​មាន​លុយ​ហូរ​ចូល​ច្រើន មានការ​ងារ​ល្អ​ធ្វើ មាន​សុខភាព​ល្អ មាន​ទំនាក់ទំនង​ស្នេហា​ល្អ មាន​ឡាន​ថ្មី​ជិះ មានផ្ទះ​កាន់តែ​ធំ​ស្កឹមស្កៃ ហើយ​មាន

នៅ​ពេល​ចូល​ឆ្នាំ​ថ្មី​២០២៣ យើង​ទាំងអស់​គ្នា​សុទ្ធតែ​ចង់អោយ​រឿង​រ៉ាង​ល្អ​ៗ​ជា​ច្រើន​កើត​មាន​ចំពោះ​យើង​។ យើង​ស្រ​ម៉ៃ​ចង់​មាន​លុយ​ហូរ​ចូល​ច្រើន មានការ​ងារ​ល្អ​ធ្វើ មាន​សុខភាព​ល្អ មាន​ទំនាក់ទំនង​ស្នេហា​ល្អ មាន​ឡាន​ថ្មី​ជិះ មានផ្ទះ​កាន់តែ​ធំ​ស្កឹមស្កៃ ហើយ​មាន​លុយ​ច្រើន​លាន​ដុល្លារ នៅ​ក្នុង​គណនេយ្យ​ធនាគារ និង​មាន សុភមង្គល​ពេញ​មួយ​ជីវិត​នៅ​ឆ្នាំ​២០២៣ និង​ឆ្នាំ​ខាង​មុខ​ៗ​។

យើង​គិត​ថា​កាលៈទេសៈ​រៀបរាប់​ខាងលើ​នេះ នឹង​នាំ​អោយ​យើង​សប្បាយ​រីករាយ​ក្នុង​ចិត្ត​។ ជា​ការ​ពិត វា​អាច​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​។ ប៉ុន្តែ​ការ​សប្បាយចិត្ត​នោះ មាន​រយៈពេល​ខ្លី និង​កំណត់​មួយ​។ ដូច​ជា​អ្នក​ត្រូវ​ឆ្នោត​រាប់​លាន​ដុល្លារ​ជាដើម​។ ការ​ត្រូវ​ឆ្នោត​នោះ អាច​ធ្វើ​អោយ​ពួក​គេ​សប្បាយ​ចិត្តជា​ខ្លាំង​នៅ​ពេល​ដឹង​ថា ខ្លួន​ត្រូវ​ឆ្នោត​។ ប៉ុន្តែ​មិនយូរ​ប៉ុន្មាន វា​ក៏​លែង​មាន​ឥទ្ធិពល​ធ្វើ​អោយ​ពួក​គេ​សប្បាយចិត្ត​។

ដូច​គ្នា​នេះ ពេល​អ្នកទិញ​បាន​ឡាន​ថ្មី អ្នក​នឹង​សប្បាយចិត្ត​ជាមួយ​ឡាន​ថ្មី​នោះ ប៉ុន្តែ​ក្រោយមក​ការ​សប្បាយចិត្ត​ក៏​កាន់តែ​រសាត់​បាត់​ទៅ​នៅ​ពេល​ដែល​នោះ​កាន់តែ​ចាស់​។

តើ​អ្នក​នៅ​តែ​មិន​ជឿ​មែន​ទេ?
តាម​សៀវភៅ «​វិធី​ធ្វើ​អោយ​សប្បាយចិត្ត​» (How of Happiness) ៖ ការ​សិក្សា​ស្រាវជ្រាវ​ផ្នែក​វិទ្យាសាស្ត្រ បាន​រក​ឃើញ​ថា ស្ថានភាព ឬ​កាលៈទេសៈ​ទាំងអស់​ដែល​រៀប រាប់​ខាងលើ​នេះ បាន​ចូលរួម​ធ្វើ​អោយ​មនុស្ស​សប្បាយចិត្ត​ត្រឹមតែ​១០​ភាគរយ​ប៉ុណ្ណោះ​។

ចំណែក​ការ​សិក្សា​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា ការ​រៀប​ការ​អាច​ជំរុញ​ការ​សប្បាយចិត្ត តែ​ក្នុង​រយៈពេល​ពីរ​ឆ្នាំ​ដំបូង​ប៉ុណ្ណោះ​។ គេ​ក៏​រក​ឃើញ​ថា អ្នក​រៀប​ការ​ហើយ មានការ​សប្បាយ រីករាយ​ខ្លាំង ជាង​អ្នក​នៅ​លីវ​។ ប៉ុន្តែ​គេ​មានការ​ភ្ញាក់ផ្អើល ដោយសារ​រក​ឃើញ​ថា ការ​សប្បាយ​រីករាយ​មាន​លក្ខណៈ​ខុស​គ្នា​តិច​តួច​ប៉ុណ្ណោះ គឺ​ប្រមា​ន​៤​ភាគរយ​។

បើ​ដូច្នេះ​មែន តើ​៩០​ភាគរយ​ទៀត​ដែល​នាំ​អោយ​យើង​មាន​សេចក្តី​សប្បាយ​រីករាយ​នោះ​គឺជា​អ្វី?
ការ​សិ​ស្សា​ស្រាវជ្រាវ​ក៏​បាន​រក​ឃើញ​ថា ការ​សប្បាយចិត្ត​៥០​ភារ​យ​ទៀត គឺ​អាស្រ័យ​នឹង​ហ្សែ​ន​តំណពូជ​។ ដូច្នេះ តើ​អ្នកមាន​កត់សម្គាល់​ទេ? ឃើញ​មនុស្ស​ខ្លះ​តែង​មាន​ទឹកមុខ​សប្បាយ​រីករាយ​ជា​និច្ច បើ​ទោះ​បីជា​ពួក​គេ​មិន​មានការ​ងារ​ល្អ​ធ្វើ ឬ​ក៏​មិន​មានផ្ទះ​ធំ​នៅ​។ គេ​បាន​សិក្សា​ទៅ​លើ​កូនភ្លោះ​ដែល​រស់នៅ​ក្នុង​ស្ថានភាព​សេដ្ឋកិច្ច​ខុស​គ្នា​។ ដោយ​កូនភ្លោះ​ខ្លះ​រស់នៅ​ក្នុង​ភាព​ក្រីក្រ ខណៈ​កូនភ្លោះ​ខ្លះ​រស់នៅ​ក្នុង​ជីវិត​ជា​អ្នកមាន​។ ក្រោយមក​គេ​បាន​រក​ឃើញ​ថា កូនភ្លោះ​ទាំងនោះ​មាន​កម្រិត​សប្បាយ​រីករាយ​ខុស​គ្នា​បន្តិចបន្តួច​ប៉ុណ្ណោះ​។

នេះ​ជា​មូលដ្ឋាន​គ្រឹះ​នាំ​ដល់​ការ​សន្និដ្ឋាន​ការ​សប្បាយ​រីករាយ​៥០​ភាគរយ គឺ​ទាក់ទង​នឹង​ហ្សែ​ន​តំណពូជ​ពី​កំណើត​។

ដូច្នេះ​ចុះ​៤០​ភារ​យ​ទៀត​នៃ​ការ​សប្បាយ​រីករាយ​បណ្តាល​មក​ពី​អ្វី?
ការ​សិក្សា​ស្រាវជ្រាវ​បែប​វិទ្យា​ស្ត្រ​រក​ឃើញ​ថា ៤០​ភាគរយ​ទៀត​នៃ​ការ​សប្បាយ​រីករាយ គឺ​ទាក់ទង​នឹង​គំនិត និង​អាកប្ប​កិ​រិ​យ៉ា​របស់​មនុ​សុ្ស​យើង​។ និយាយ​អោយ​ខ្លី គឺ​វា​កើត​ចេញ​មក​ពី​ខ្លួន​យើង​ខ្លួនឯង​។ វា​មក​ពី​អ្វី​ដែល​យើង​ធ្វើ និង​អ្វី​ដែល​យើង​គិត​។

១០​ភាគរយ​នៃ​ការ​សប្បាយ​រីករាយ​ចិត្ត​ទាក់ទង​នឹង​កាលៈទេសៈ​ខាងក្រៅ ហើយ ៥០​ភាគរយ​ទៀត​ទាក់ទង​នឹង​ហ្សែ​ន​តំណពូជ​។ ដូច្នេះ​យើង​មិន​អាច​កែប្រែ​វា​បាន​ឡើយ​។ ប៉ុន្តែ​ការ​សប្បាយ​រីករាយ ចិត្ត​៤០​ភាគរយ​ទៀត ទាក់ទង​អ្វី​ដែល​យើង​គិត និង​អ្វី​ដែល​យើង​ធ្វើ​។ ដូច្នេះ ការ​ផ្លាស់​ប្តូរ​ការ​គិត និង​ការ​ធ្វើ​នឹង​អាច​ធ្វើ​អោយ​មានការ​ប្រែប្រួល​ទៅ​លើ​អារម្មណ៍​សប្បាយចិត្ត​របស់​មនុស្ស​។

ដូច្នេះ​ការ​គិត និង​ការ​ធ្វើ​សកម្មភាព​មួយ​ចំនួន នឹង​ជួយ​អោយ​អ្នក​សប្បាយចិត្ត​។ ប៉ុន្តែ​នៅ​ទី​នេះ យើង​ត្រូវ យល់​ថា វា​អាច​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់​ទៀត ចំពោះ​សកម្មភាព​ទាំងនេះ​។ ឧទាហរណ៍ នៃ​សកម្មភាព​ដែល​ជំរុញ​ដល់​ការ​សប្បាយចិត្ត គឺ​ការ​ដឹងគុណ​។ ការ​ដឹងគុណ​ត្រូវ​គេ គិត​ថា​ជា​អាថ៌​កំបាំង មួយ​នៃ​ការ​ធ្វើ​អោយ​មនុស្ស​សប្បាយចិត្ត​។ អ្នក​អាច​សរសេរ​កំណត់ហេតុ សកម្មភាព​ប្រាំ​យ៉ាង​ក្នុង​មួយ​ថ្ងៃ ដែល​អ្នក ដឹងគុណ​ចំពោះ​វា​។

ប៉ុន្តែ​ចូរ​អ្នក​ចាំ​ថា ប្រសិទ្ធភាព​នៃ​សកម្មភាព​ដែល​ជំរុញ​ដល់​ការ​សប្បាយចិត្ត គឺ​អាស្រ័យ​លើ​ពេលវេលា និង​ភាព​ញឹកញាប់​នៃ​ការ​ធ្វើ​សកម្មភាព​ទាំងនោះ​ផង​ដែរ​។

ដូច្នេះ​អ្នក​ត្រូវធ្វើ​សកម្មភាព​ដែល​ជំរុញ​ដល់​ការ​សប្បាយ​រីករាយ តាម​របៀប​មួយ​ដែល​សម​នឹង​រូប​អ្នក ហើយ​ទន្ទឹម​នោះ អ្នក​ក៏​ត្រូវធ្វើ​អោយ​មានការ​ប្រែប្រួល​សកម្មភាព​ទាំងនោះ​ផង​ដែរ​។ ការ​ធ្វើ​អ្វីមួយ ដដែល​ៗ​ពេក​នឹង​ធ្វើ​អោយ​វា​បាត់​ប្រសិទ្ធភាព​ក្នុង​ការ​ជំរុញ​ការ​សប្បាយ​រីករាយ​ក្នុង​ចិត្ត​។

មាន​សកម្មភាព​ជា​ច្រើន​ដែល​នឹង​ជំរុញ​ដល់​ការ​សប្បាយចិត្ត​របស់​អ្នក ដូច​ជា​ការ​ហាត់ប្រាណ ការ​ចូលរួម​កម្មវិធី​ផ្សេង​ៗ ការ​សមាធិ ការ​ពង្រឹង​ទំនាក់ទំនង ការ​មានចិត្ត​សន្តោស​ដល់​អ្នក​ដទៃ ការ​ចួ​ល​រួម​កម្មវិធី​សាសនា​ជាដើម គឺ​សុទ្ធតែ​អាច​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​។ ដូច្នេះ​ចូរ​អ្នក​ធ្វើ​អោយ​ខ្លួនឯង​មានចិត្ត​វិជ្ជមាន និង​សុទិដ្ឋិនិយម​អំពី​ជីវិត ហើយ​ទន្ទឹម​នោះ ធ្វើ​សកម្មភាព​នានា​ដែល​អាច​ជួយ​ដល់​អ្នក​ដូច​ជា ធ្វើការ​ហាត់ប្រាណ ការ​សរសេរ​កំណត់ហេតុ ការ​ដឹងគុណ​ចំពោះ​រឿង​ល្អ​ៗ ដែល​កើត​មាន​ប្រចាំ​ថ្ងៃ​ចំពោះ​អ្នក​។ ប៉ុន្តែ​អ្នក​ត្រូវ​ចាំ​ថា សកម្មភាព​ទាំង​អស់នេះ គឺ​អាច​មាន​ប្រសិទ្ធភាព​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នា់​ទៀត​ក្នុង​ការ​ធ្វើ​អោយ​សប្បាយចិត្ត​។ ដូច្នេះ​អ្នក​អាច​សាកល្បង ហើយនឹង​ដឹង​ថា សកម្មភាព​ណា​ដែល​សម​នឹង​អ្នក ដើម្បី​ធ្វើ​អោយ​អ្នក​សប្បាយចិត្ត​។ ទន្ទឹម​នឹង​នោះ ក៏​ត្រូវ​ចាំ​ផង​ដែរ កុំ​ធ្វើ​សកម្មភាព​ដដែល​ៗ​ពេក ហើយ​ត្រូវធ្វើ​អោយ​សកម្មភាព​ទាំងនោះ​មានការ​ប្រែប្រួល​ខ្លះ ដើម្បី​អោយ​វា​ស្រស់បំព្រង​ថ្មី​ឡើង​វិញ និង មាន​ប្រសិទ្ធភាព​សម្រាប់​វិ​ថី​ជីវិត​របស់​អ្នក​ពោរពេញ​ដោយ​សេចក្តី​សប្បាយចិត្ត​៕ ដោយ ៖ សា​រ៉ា​ន់

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ