ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​បុរស​ម្នាក់​ទៅ​តុលាការ ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀ.ន

6 ឆ្នាំ មុន

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៧​មិថុនា​នេះ ដែល​ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀ.ន​ខុសច្បាប់

ខេត្តបាត់ដំបង ៖ កម្លាំង​កងរាជអាវុធហត្ថ​បាន​បញ្ជូន​ជនសង្ស័យ​ម្នាក់​ទៅ​កាន់​តុលាការ​នៅ​រសៀល​ថ្ងៃ​ទី​២៧​មិថុនា​នេះ ដែល​ត្រូវ​ឃាត់ខ្លួន ពាក់ព័ន្ធ​នឹង​ករណី​ជួញដូរ​គ្រឿងញៀន​ខុសច្បាប់ ប្រព្រឹត្ត​នៅ​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។  មន្ត្រី​កងរាជអាវុធហត្ថ​បាន​ឲ្យ​ដឹង​ថា ជនសង្ស័យ​ឈ្មោះ សោភ័ណ ដួង​សិលា ភេទ​ប្រុស អាយុ​២៩​ឆ្នាំ មុខរប​លក់ដូរ នៅ​ភូមិ​អូរ​ខ្ជាយ សង្កាត់​ព្រែក​ព្រះស្ដេច ក្រុង​បាត់ដំបង​។ ជន​នេះ​ត្រូវ​កម្លាំង​កងរាជអាវុធហត្ថ​ឃាត់ខ្លួន កាលពី​រសៀល​ថ្ងៃ​ទី​២៦ មិថុនា នៅ​នឹង​ផ្ទះ​របស់​ខ្លួន ដែល​ស្ថិត​ក្នុងភូមិ សង្កាត់​ខាងលើ ខណៈ​កំពុង​ប្រព្រឹត្ត​បទល្មើស​ជាក់ស្ដែង​។  បើ​តាម​យោង​តាម​របាយការណ៍​របស់​ការិយាល័យ​ជំនាញ បាន​ឲ្យ​ដឹង​ថា  ជាមួយនឹង​ការ​ឃាត់ខ្លួន​ជនសង្ស័យ​រូប​នេះ មន្ត្រី​ជំនាញ​ដកហូត​បាន​នូវ​វត្ថុ​តាង រួម​មាន៖

ទី​១-​ថ្នាំ​ញៀន​ប្រភេទ​មេ​តំ​ហ្វេ​តា​មីន ICE (​ម៉ា​ទឹកកក​) ចំនួន​៨​កញ្ចប់ មាន​ទម្ងន់​៧៧,២៧​ក្រាម  ទី​២-​ថ្នាំ​ញៀន​ប្រភេទ​ម្សៅ​ពណ៌​ស​(​ខេ​)​ចំនួន​២​កញ្ចប់ ទម្ងន់​១,២៥​ក្រាម  ទី​៣-​ជញ្ជីង​សម្រាប់​ថ្លឹង​ថ្នាំ​ញៀន​ចំនួន​១  ទី​៤-​ម៉ូតូ​ម៉ាក​ហុងដា​ឌ្រី​ម​សេរី​២០១៧​មួយ​គ្រឿង  ទី​៥-​ទូរស័ព្ទ​ដៃ​ស៊េរី​ទំនើប​ចំនួន​៣​គ្រឿង  ទី​៦-​ប្រាក់​ខ្មែរ​ជាង​៣​លាន​រៀល  និង​ទី​៧-​ប្រាក់​ដុល្លា​ចំនួន​៣១០​ដុល្លា រួម​ទាំង​វត្ថុ​តាង​មួយ​ចំនួន​ទៀត​។  ក្រោយ​ពី​ឃាត់ខ្លួន​បញ្ជូន​ដល់​ការិយាល័យ​ប្រឆាំង​បទល្មើស​គ្រឿងញៀន ជនសង្ស័យ​ឈ្មោះ សោភ័ណ ដួង​សិលា បាន​សារភាព​ថា ខ្លួន​ពិតជា​បាន​ប្រព្រឹត្ត​បទល្មើស​ជួញដូរ​ថ្នាំ​ញៀន​នេះ ហើយ​ថែម​ទាំង​បាន​ទទួលស្គាល់​ថា ថ្នាំ​ញៀន​ដែល​សមត្ថកិច្ច​ដកហូត​បាន​នោះ ពិតជា​របស់​ខ្លួន​មែន​។

ប៉ុន្តែ​ជន​នេះ​ហាក់​ព្យាយាម​បិទ​បាំង​អំពី​ប្រវត្តិ​របស់​ខ្លួន ក្នុង​ការ​រកស៊ី​ជួញដូរ​គ្រឿងញៀន​ប្រឆាំង​នឹង​ច្បាប់​នេះ​។  ទោះជា​យ៉ាងណា​មន្ត្រី​កងរាជអាវុធហត្ថ​បាន​អះអាង​ថា ជនសង្ស័យ​រូប​នេះ ជា​មុខសញ្ញា​ជួញដូរ​ថ្នាំ​ញៀន​យ៉ាង​សកម្ម​មុន​ពេល​ត្រូវ​ឃាត់ខ្លួន​។ មន្ត្រី​ដដែល​បាន​បញ្ជាក់​ថា កម្លាំង​ជំនាញ បាន​តាមដាន​សកម្មភាព​ជន​នេះ​យូរហើយ រហូត​ឈាន​ដល់​ការ​ឃាត់ខ្លួន​បាន និង​ដកហូត​បាន​ទាំង​វត្ថុ​តាង​ជា​ច្រើន​ទៀត​ផង ហើយ​មន្ត្រី​ជំនាញ​បាន​សួរនាំ និង​កសាង​សំណុំរឿង​បញ្ជូន​ជន​នេះ​ទៅ​តុលាការ​ហើយ​៕