រាជធានីភ្នំពេញ ៖ ប្រិយមិត្តអ្នកគាំទ្រប្រហែលពុំទាន់ភ្លេចអ្នកមីង ហែម ស៊ីណាត នៅឡើយទេ ដោយស្ត្រីរូបនេះត្រូវបានចាត់ទុកជាបេក្ខជនប្រឡងសញ្ញាបត្រទុតិយភូមិដែលមានវ័យចំណាស់ជាងគេ នៅស្រុកខ្មែរ សម្រាប់សម័យប្រឡងបាក់ឌុបឆ្នាំ២០២២នេះ។

កាលពេលចូលរួមប្រឡងយកសញ្ញាបត្រទុតិយភូមិ ឬហៅថា សញ្ញាបត្របាក់ឌុប នោះ គឺអ្នកមីង បានមកប្រឡងនៅមណ្ឌល សកលវិទ្យាល័យជាតិមានជ័យ ហើយបានសុំផ្ទះគេស្នាក់នៅ និងបានមកប្រឡងតែម្នាក់ឯងនោះ នៅពេលនេះអ្នកមីងបានដឹងលទ្ធផលហើយ។ប្រាកដណាស់ ការប្រឡងប្រជែងតែងតែមានអ្នកជាប់ និងអ្នកធ្លាក់។ ក្នុងនោះ អ្នកមីង ហែម ស៊ីណាត ពុំទទួលបានជោគជ័យពីការប្រឡងបាក់ឌុបនោះទេ តែស្ត្រីរូបនេះមិនអស់សង្ឃឹមឡើយ ដោយអ្នកមីងតាំងចិត្តយ៉ាងមុតមាំថា អ្នកមីងមិនបោះបង់នោះទេ តែនៅតែបន្តទៅមុខ ដោយមូលហេតុមួយនេះ។

ការប្រឡងសញ្ញាបត្រទុតិយភូមិត្រូវបានប្រកាសជាផ្លូវការ កាលពីថ្ងៃទី២២ ខែធ្នូ សម្រាប់មណ្ឌលប្រឡងនៅរាជធានីភ្នំពេញ និងខេត្តកណ្តាល និងបណ្តាខេត្តផ្សេងៗទៀតត្រូវបានប្រកាសនៅថ្ងៃទី ២៣ ខែធ្នូ។
ជាការកត់សម្គាល់ លទ្ធផលរបស់អ្នក មីង ហែម ស៊ីណាត គឺមិនមាននៅក្នុងបញ្ជីនោះ ប៉ុន្តែអ្នកមីងក៏មិនចិត្តខ្វាយខ្វល់ច្រើននោះដែរ ហើយសម្រាប់រូបអ្នកមីងផ្ទាល់ អ្នកមីងចង់ជម្រាបអោយពុកម៉ែបងប្អូនបានដឹងមានហេតុផលមួយនេះ ដែលអ្នកមីងប្រឡងបាក់ឌុបមិនជាប់។
តាមរយៈបទសម្ភាសន៍ជាមួយកម្មវិធី 60Buzz នៃសារព័ត៌មានកោះសន្តិភាព អ្នកមីងបានពោលថា ពេលដឹងលទ្ធផលថា មិនបានជាប់បាក់ឌុប គឺអ្នកមីងពិតជាក្តុកក្តួលជាខ្លាំងសម្រាប់នៅលទ្ធផលមួយនេះ តែអ្នកមីងពុំមានការអស់សង្ឃឹមអ្វីនោះទេ ដរាបណាអ្នកមីង ខំប្រឹងអ្នកមីងនឹងអាចយកឈ្នះនៅលើសមរភូមិមួយនេះនៅថ្ងៃណាមួយ។

អ្នកមីង ស៊ីណាត បានបន្តថា ការប្រឡង គឺពុំងាយនោះទេ ដោយមូលហេតុសមត្ថភាពរបស់អ្នកមីងនៅមានកម្រិតនៅឡើយ ដូច្នេះការជាប់ ឬធ្លាក់ជារឿងធម្មតា គឺអ្នកមីងទទួលយកលទ្ធផល។អ្នកមីងបានទទួលស្គាល់ថា ប្រការសំខាន់ដែលអ្នកមីងធ្លាក់បាក់ឌុបនោះ គឺអ្នកមីងខ្សោយ គណិតវិទ្យា និងភាសាខ្មែរ ហើយសម្រាប់មុខវិជ្ជាពីរមុខនេះ អ្នកមីងពុំបានរៀនសូត្រអោយបានដិតដល់នោះ ហេតុដូចនេះទើបបានជាអ្នកមីងប្រឡងមិនជាប់សម្រាប់ឆ្នាំ២០២២នេះ ហើយអ្នកមីងពិតសោកស្តាយជាខ្លាំង។
អ្នកមីង ស៊ីណាត ដែលមានវ័យ៥៦ឆ្នាំរូបនេះ បានបន្តថា អ្នកមីងទោះធ្លាក់ការប្រឡងយកសញ្ញាបត្របាក់ឌុបធ្លាក់ក្តី តែអ្នកមីងនឹងមកប្រឡងបាក់ឌុបនៅឆ្នាំក្រោយទៀត ហើយអ្នកមីងនឹងពង្រឹងសមត្ថភាពរបស់ខ្លួនអោយល្អប្រសើរឡើងជាមួយនឹងមុខវិជ្ជាដែលអ្នកមីងខ្សោយនោះ។

អ្នកមីងបានបន្ថែមថា អ្នកមីងមិនអាក់អន់ចិត្តនោះទេ ជាមួយការប្រឡង ហើយឆ្នាំក្រោយអ្នកមីងនឹងមកប្រឡងម្តងទៀត ហើយនឹងយកសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិមួយសន្លឹកនេះអោយបាន។ អ្នកមីងស៊ីណាត បានបន្តយ៉ាងដូច្នេះថា អ្នកដែលប្រឡងធ្លាក់ដូចជាអ្នកមីងចូលកុំអស់សង្ឃឹមត្រូវក្រោកឈរ ជាពិសេសត្រូវបន្តទៅមុខ ព្រោះផ្លូវជីវិតរបស់មនុស្សម្នាក់ៗវែងឆ្ងាយណាស់។ប្រាកដណាស់ ពាក្យសម្តីរបស់អ្នកមីងមួយមាត់ៗពិតជាចាក់ដោតណាស់ ទោះបីជាពុំជាប់ក៏អ្នកមីងរូបនេះនៅតែបន្តទៅមុខជាពិសេស អ្នកមីងរូបនេះបានផ្តាំផ្ញើថា «កុំអស់សង្ឃឹម ត្រូវបន្តដំណើរទៅមុខ»។
យាងណាមិញ បើងាកមកមើលពីអាជីពរបស់អ្នកមីងវិញ ពុកម៉ែប្រាកដជាភ្ញាក់ផ្អើលជាខ្លាំង ទោះបីជាអ្នកមីងរូបនេះពុំជាប់បាក់ឌុប ពុំក្លាយជាគ្រូកិច្ចសន្យាក៏ដោយ តែសព្វអ្នកមីងស៊ីណាត គឺជាគ្រូអក្ខរកម្ម ដោយជារៀងរាល់ថ្ងៃ អ្នកមីងត្រូវបង្រៀនសិស្សដែលមានវ័យល្បាក់ៗនឹងអ្នកមីង ដោយអ្នកមីងបានបន្ថែមថា កូនសិស្សអ្នកមីងមានវ័យ៥០ឆ្នាំ ៦០ឆ្នាំ និង៧០ឆ្នាំជាដើម។

ប្រាកដណាស់ ប្រិយមិត្តពិតជាមានការងើយឆ្ងល់ជាខ្លាំងថា តើមូលហេតុអ្វីបានកូនសិស្សអ្នកមីងមានវ័យចាស់ម្ល៉េះ? ទន្ទឹមនឹងនេះ អ្នកមីងរូបនេះបន្តថា មូលហេតុដែលកូនសិស្សអ្នកមីងដែលមានចាស់ដូច្នេះ គឺគាត់រៀនអក្សរ ដើម្បីយកទៅសូត្រធម៌ មើលធម៌ ជាពិសេសពួកគាត់ចង់ចេះអាន និងចេះសរសេរជាដើម។ តាមរយៈការបង្រៀននេះ អ្នកមីងក៏ទទួលបានកម្រៃខ្លះៗងផង ដោយក្នុងមួយខែៗ អ្នកមីងស៊ីណាតទទួលបានប្រាក់ ៥០ម៉ឺនរៀលក្នុងមួយខែផងដែរ៕ដោយ ៖ លី ហួរ
ចែករំលែកព័តមាននេះ