ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ឃាត់ខ្លួន​មន្ត្រី​នគរបាល​ម្នាក់ បា.ញ់ប្រហារ​លើ​រថយន្ដ​ប្រជាពលរដ្ឋ

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​ម្នាក់ ដែល​បាន​បើករថយន្ត​បុក និង​បា.ញ់​គំរាម​មួយ​គ្រាប់​លើ​រថយន្ដ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​នោះ​បាន​សារភាព

រាជធានី​ភ្នំពេញ ៖ នាយ​រង​ការិយាល័យ​នគរបាល​ចរាចរណ៍​ខេត្តកណ្តាល​ម្នាក់ ដែល​បាន​បើករថយន្ត​បុក និង​បាញ់​គំរាម​មួយ​គ្រាប់​លើ​រថយន្ដ​របស់​ប្រជាពលរដ្ឋ​នៅ​តាម​ដងផ្លូវ​នោះ​បាន​សារភាព និង​ទទួលស្គាល់​ពី​កំហុស​របស់​ខ្លួន​ត្រូវ​បាន​បញ្ជូន​ទៅ​ស្នងការដ្ឋាន​នគរបាល ខេត្តកណ្ដាល ដើម្បី​ចាត់វិធានការ​តាម​ផ្លូវច្បាប់ និង​ដាក់ទោស​ពិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​បន្ទាប់​ពី​សមត្ថកិច្ច​ជំនាញ​នគរបាល​ចរាចរណ៍​រាជធានី​ភ្នំពេញ បញ្ចប់​ការ​សួរ​នៅ​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ឆ្នាំ​២០១៧​។ នាយ​រង​ការិយាល័យ​ចរាចរណ៍ នៃ​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្តាល​រូប​នេះ ឈ្មោះ លឹ​ម ចំណាន មាន​ទីលំនៅ​ភូមិ​ស្វាយ​តា​អុក សង្កាត់​វាល​ស្បូវ ខណ្ឌ​ច្បារ​អំពៅ ជា​កូនប្រុស​របស់​មន្ត្រីជាន់ខ្ពស់​មួយ​រូប​នៅ​ក្រសួងមហាផ្ទៃ​ជា​ម្ចាស់​រថយន្ត​បា​ឡែ​ន ស្លាក​លេខ ភ្នំពេញ 2AM-2762 ដែល​បើក​ប៉ះ​គេ​ហើយ ដក​កាំភ្លើង​បាញ់​គំរាម ថែម​ទៀត​ផង​។

នាយ​ឧត្តមសេនីយ៍ ជួន សុវណ្ណ បាន​បញ្ជាក់​ប្រាប់​ប្រព័ន្ធ​ផ្សព្វផ្សាយ​កាលពី​រសៀល​ថ្ងៃ​ទី​១២ ខែមិថុនា ថា «​បន្ទាប់​ពី​យើង​បាន​ធ្វើ​កំណត់ហេតុ ជន​បង្ក​បាន​សារភាព​ពី​ហេតុផល​នៃ​ការ​វ៉ា​ជែង និង​ការ​ផ្ទុះអាវុធ​មួយ​គ្រាប់​នោះ​ហើយ ហើយ​ម្យ៉ាងទៀត គឺ​យើង​រង់ចាំ​ដល់​ម៉ោង​១២​នេះ យើង​មិន​ទាន់​បានឃើញ ជន​រង​គ្រោះ​ចូលរួម​ដោះស្រាយ​ទេ ហើយ​ខ្ញុំ​សុំ​គោលការណ៍​ពី​នាយ​ឧត្តមសេនីយ៍​សន្ដិ​បណ្ឌិត នេ​ត សា​វឿ​ន អគ្គស្នងការ​នគរបាល​ជាតិ រួច​នាយ​ឧត្តមសេនីយ៍ ឲ្យ​បញ្ជូន​ជន​បង្ក​ទៅ​ឲ្យ​ស្នងការ​នគរបាល​ខេត្តកណ្ដាល ដោយសារ​ស្នងការ​នគរបាល​ខេត្តកណ្ដាល បាន​ដក​អាវុធ​របស់​ជន​បង្ក​ទុក​ហើយ ហើយ​យើង​នឹង​បញ្ជូន ជន​បង្ក​នេះ​ឲ្យ​ឧត្តមសេនីយ៍ត្រី សុង លី ស្នងការ​រង​នគរបាល​រាជធានី​ភ្នំពេញ ទទួល​ផែន​ព្រហ្មទណ្ឌ ដឹក​ជនល្មើស​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្តកណ្ដាល ហើយ​រថយន្ដ​ជន​បង្ក​ក៏​ត្រូវ​បាន​នគរបាល​ព្រហ្មទណ្ឌ បើក​យក​ទៅ​ឲ្យ​ស្នងការ​ខេត្តកណ្ដាល ដើម្បី​ចាត់ការ​នីតិវិធី​ច្បាប់ និង​លក្ខន្តិកៈ នៃ​វិន័យ​របស់​កងកម្លាំង​នគរបាល​ជាតិ​»​។

សូម​បញ្ជាក់​ថា ជុំវិញ​ករណី​កូនប្រុស​មន្ត្រីជាន់ខ្ពស់ ក្រសួងមហាផ្ទៃ​មួយ​រូប ដែល​ជា​ម្ចាស់​រថយន្ត​ស្លាក​លេខ ភ្នំពេញ 2AM-2762 ដែល​បើក​ប៉ះ​គេ​ហើយ ដក​កាំភ្លើង​បាញ់​គំរាម​ទៀត​នោះ ត្រូវ​បាន​អ្នកនាំពាក្យ​ក្រសួងយុត្តិធម៌​លោក គឹ​ម សន្តិភាព បាន​សង្កត់ធ្ងន់​ប្រាប់​បណ្តាញ​ព័ត៌មាន​ថា បើ​ទោះ​ជន​នោះ​ជា​មន្ត្រី​អនុវត្ត​ច្បាប់​ក៏​ដោយ បើ​ប្រព្រឹត្ត​អំពើ​ល្មើសច្បាប់ ត្រូវ​ទទួលខុសត្រូវ​ចំពោះ​មុខ​ច្បាប់​ជា​ដាច់ខាត​។ គួរ​រំលឹក​ថា នៅ​ថ្ងៃ​ទី​១០ ខែមិថុនា ឆ្នាំ​២០១៧ វេលា​ម៉ោង​៥​និង​៥៨​ល្ងាច មាន​ករណី​មួយ​បាន​កើតឡើង​នៅ នៅ​តាម​បណ្តោយ​ផ្លូវជាតិ​លេខ​១ ជិត​បុរី​ប៉េង​ហួត​បឹង​ស្នោ​ក្នុង​ខណ្ឌ​ច្បារ​អំពៅ មាន​រថយន្ត​បា​ឡែ​ន ពណ៌​ទឹកមាស ពាក់​ស្លាក​លេខ ភ្នំពេញ 2AM-2762 មួយ​គ្រឿង ក្នុង​ទិស​ដៅ​ស្របគ្នា បាន​ជិះ​វ៉ា​ខាងស្តាំ ហើយ​ប៉ះ​ជាមួយ​រថយន្ត​មួយ​គ្រឿង​ទៀត​មិន​ព្រម​ឈប់ បែរជា​បង្អង់​ល្បឿន​ហើយ បើក​កញ្ចក់​រថយន្ត​បាញ់​មួយ​គ្រាប់​គំរាម និង​បើក​រត់គេច​ខ្លួន​បាត់​៕