រាជធានីភ្នំពេញ ៖ ពុកម៉ែ បងប្អូនប្រិយមិត្ត អ្នកតាមប្រាកដជាធ្លាប់បានស្គាល់ហើយ ម្ចាស់បទ «ទឹកភ្នែកជីដូនកាកី» នោះគឺអ្នកនាង ម៉ៅ ស៊ីណាត ដែលជាតារាចម្រៀងស្រីសំឡេងធ្ងន់ និងនិយមចូលចិត្តច្រៀងត្រាប់តាមសំនៀងម្ចាស់បទដើមអ្នកស្រី ប៉ែន រ៉ន ដែលបានបាត់មុខពីវិថីសិល្បៈមួយរយៈពេលធំ ដោយមិនដឹងមូលហេតុ។

បើទោះបីជា អ្នកនាងហាក់បាត់មុខ បាត់សម្លេងពីវិស័យចម្រៀងក្តី តែបទចម្រៀងជាច្រើនបទរបស់អ្នកនាងនៅតែទទួលបានការគាំទ្រ។ ប្រាកដណាស់ ទោះបីជាឃ្លាតឆ្ងាយពីសិល្បៈក៏ពិតមែន តែអ្នកនាងនៅតែមានកេរ្តិ៍ឈ្មោះបោះសម្លេង ហើយអ្នកគាំទ្រក៏ចង់ដឹងពីសុខទុក្ខអ្នកនាងផងដែរ។
ថ្មីនេះៗ អ្នកនាង ម៉ៅ ស៊ីណាត តារាចម្រៀងដែលមានទឹកដមសម្លេងពីរោះរណ្តំ និងមានចង្កេះអង្ក្រងតូចត្រឡឹងគួរឱ្យខ្នាញ់ បានលួចបង្ហើបនូវហេតុផលនៅពីក្រោយការបាត់ខ្លួនពីវិស័យចម្រៀងរយៈពេលជាង៣ឆ្នាំកន្លងទៅនេះ និងបង្ហាញអារម្មណ៍ថា ទោះបីជាកាយឃ្លាតឆ្ងាយពីសិល្បៈ តែអារម្មណ៍របស់តារារូបនេះតែងតែនឹក និងដិតដាមដក់ចិត្តជាមួយសិល្បៈចម្រៀងជានិច្ច។

ជាក់ស្តែង ម្ចាស់សំនៀងបទចម្រៀងដ៏ល្បី «ទឹកភ្នែកជីដូនកាកី» បានបង្ហើរសំនៀងយ៉ាងអន្លង់អន្លោច អង្រួនចិត្តអ្នកស្តាប់នឹករលឹកដល់ជីវិតកាលពីអតីតកាល។ ហើយនៅក្នុងវីដេអូឃ្លីបដែលអ្នកនាង ម៉ៅ ស៊ីណាត បានបកស្រាយនោះ ហាក់ដូចជាសំនៀងសូរសៀងសម្លេងរបស់តារារូបនេះ នៅតែពីរោះរណ្តំចិត្តអ្នកស្តាប់ មិនមានការប្រែប្រួលនោះទេ ជារួមគឺទឹកដមសម្លេងនៅតែពីរោះ និងបំពេរអ្នកស្តាប់ឱ្យលង់លក់ពេលចូលនិទ្រាមួយរំពេច។

តាមរយៈបទសម្ភាសន៍ជាមួយសារព័ត៌មានកោះសន្តិភាព អ្នកនាង ម៉ៅ ស៊ីណាត បានឱ្យដឹងថា បច្ចុប្បន្ន ពេលនេះគឺអ្នកនាងមានសុខទុក្ខធម្មតា តែតារាចម្រៀងស្រីរូបនេះពោលថា អ្នកនាងពិតជាមានក្តីនឹករលឹកអ្នកគាំទ្រជាខ្លាំងផងដែរ។
តារាស្រីវ័យ៤៣រូបនេះ បានបន្តថា អ្នកនាងបានឃ្លាតឆ្ងាយពីដែនសិល្បៈក៏ពិតមែន ក៏ប៉ុន្តែអ្នកនាងនៅតែនឹករលឹកអ្នកគាំទ្រជាពន់ពេកកន្លង ទើបអ្នកស្រីបង្ហើរសំនៀងជាថ្មី ដោយហាក់ដូចជាគាស់អារម្មណ៍របស់អ្នកគាំទ្រតាមររយៈបទ «ទឹកភ្នែកជីដូនកាកី» អោយបានងើបឡើងវិញ និងបានស្តាប់នូវបទមួយនេះម្តងទៀត។

ជាការពិតណាស់ អ្នកនាង ម៉ៅ ស៊ីណាត ដែលមានទីកន្លែងកំណើតនៅរាជធានីភ្នំពេញ បានបន្តថា កាលចូលសិល្បៈរបស់អ្នកស្រី គិតចាប់មកដល់ពេលបច្ចុប្បន្ននេះ គឺរយៈពេលខ្ទង់២០ឆ្នាំហើយ ដែលអ្នកស្រីបានប្រឡូងក្នុងសិល្បៈ។ ចំណែកមូលហេតុដែលអ្នកស្រីបានបាត់មុខពីវិថីសិល្បៈអស់រយៈពេលយូរឆ្នាំនេះ គឺដោយសារអ្នកស្រីបានចាប់យកអាជីពជាអ្នកលក់សម្លៀកបំពាក់នៅផ្សារអូឡាំពេជ្ររយៈពេល៣ឆ្នាំមកហើយ។ ប៉ុន្តែទន្ទឹមនឹងលក់ដូររយៈពេល៣ឆ្នាំកន្លងទៅនេះ គឺពុំសូវជាកាក់កប់សម្រាប់អ្នកស្រីឡើយ ដោយអាចនិយាយបានថា ការលក់ដូរ ដូចជាមួយថ្ងៃកាត់ មួយថ្ងៃកោរ ដោយលក់អោយតែថ្លៃឈ្នួលតូបគេតែប៉ុណ្ណោះ។ ដូច្នេះអ្នកនាង ម៉ៅ ស៊ីណាត ក៏សម្រេចចិត្តឈប់លក់សម្លៀងបំពាក់នេះហើយ។

តារាចម្រៀងដែលនៅមានសម្រស់ស្រស់សោភារូបនេះបានបន្តថា កាលពីអំឡុងកូវីដ-១៩ អ្នកនាង លក់ពុំសូវជាដាច់នោះទេ ដូច្នេះអ្នកនាងបានរិះរកមធ្យោបាយលក់សម្លៀងបំពាក់តាមរថយន្តវិញ ដោយកាលនោះជាពេលផ្ទុះការឆ្លងកូវីដ-១៩ ខ្លាំង ដូច្នេះមិនសូវជាមានមនុស្សទិញ ទើបអ្នកនាង ក៏ដូចជា អាជីករផ្សេងទៀត សម្រេចចិត្តលក់សម្លៀកបំពាក់តាមរថយន្ត ដោយធ្វើអោយអ្នកគាំទ្រផ្ទុះការកើតសរសើរពីការតស៊ូរបស់អ្នកនាងផងដែរ ។
បើទាក់ទងជាមួយកាយវិការវិញ អាចនិយាយបានថា តារាស្រីស្រុកខ្មែរ មានតែអ្នកស្រី ម៉ៅ ស៊ីណាត តែប៉ុណ្ណោះ ដែលមានស្ទាយកាយវិការខុសគេ ហើយក៏មានមហាជនជាច្រើនដែលស្រឡាញ់ និងចូលចិត្តអ្នកស្រីជាខ្លាំងតាមរយៈកាយវិការមួយនេះផងដែរ។

ទន្ទឹមនឹងការគាំទ្រ អ្នកស្រីបានបន្តថា តាមរយៈពេលកាយវិការនេះ អ្នកស្រីក៏ទទួលរងការរិះគន់យ៉ាងចាស់ដៃផងដែរ ពីសំណាក់មហាជនមួយចំនួនតូច។ ជាចុងក្រោយតារាស្រីកាយវិការបានរូបនេះ បានជូនពរទៅកាន់មហាជនអោយជួបតែសំណាងល្អ សុខភាពល្អ ជាពិសេសចៀសឆ្ងាយពីអ្វីដែលមិនល្អ និងមួយទៀត តារាស្រីរូបនេះ បានសូមសំណូមពរទៅកាន់មហាជន សូមប្រើភាសាគោរពគ្នាទៅវិញទៅមក និងអោយតម្លៃមនុស្សជុំវិញខ្លួន ចៀសវាងការប្រើភាសាមិនល្អ ឬជាការជាន់ពន្លិចអ្នកដទៃ ព្រោះមនុស្សម្នាក់ៗសុទ្ធតែមានតម្លៃរបស់គេរៀងៗខ្លួន។ យ៉ាងណាមិញ អ្នកនាង ម៉ៅ ស៊ីណាត បង្ហើបថា អ្នកនាងក៏មានបំណងចង់វិលចូលសិល្បៈវិញផងដែរ៕












ចែករំលែកព័តមាននេះ