ខេត្ដកំពង់ធំ ៖ នារីម្នាក់ត្រូវគេចាប់រំលោភសេពសន្ថវៈកាលពីវេលាម៉ោង១០និង៣០នាទីយប់ នៅឃុំសាន់គរ ស្រុកកំពង់ស្វាយ ខេត្ដកំពង់ធំ ខណៈនាងដើររកគោដែលបាត់។សមត្ថកិច្ចឱ្យដឹងថា នារីរងគ្រោះឈ្មោះ ស.រ អាយុ២០ឆ្នាំ និងជនសង្ស័យឈ្មោះលី ធី អាយុ២២ឆ្នាំ រស់នៅឃុំស្លែងខ្ពស់ ឃុំសាន់គរ។ យប់នោះនារីរងគ្រោះដើររកគោ លុះទៅដល់ក្បែរលូ ស្រាប់តែត្រូវជនសង្ស័យ ឈ្មោះលី ធី ស្ទុះទៅចាប់អោបទាញចូលក្នុងលូដែលគ្មានទឹករួចចាប់រំលោភរហូតបានសំរេច ។ ក្រោយពេលរំលោភរួចមក ជនសង្ស័យគេចខ្លួនបាត់ ។ ទោះបីជាយ៉ាងណាក្ដី ជនសង្ស័យនោះសមត្ថកិច្ចស្គាល់អត្ដសញ្ញាណ គឺរងចាំតែចាប់ខ្លួនប៉ុណ្ណោះ ។នេះជាករណីចាប់រំលោភសេពសន្ថវៈ លើកទី២ នៅដើមខែមីនា នៅខេត្ដកំពង់ធំ ។ ករណីទី១កើតឡើងកាលពីវេលាម៉ោង១២ និង៣០នាទីអធ្រាត្រ ថ្ងៃទី៣ មីនា នៅឃុំ ឈើទាល ស្រុកសណ្ដាន់ ។ ជនសង្ស័យឈ្មោះ សូ ចាន់ផូ អាយុ២៦ឆ្នាំ ស្នាក់នៅក្នុងភូមិដាំផ្កា ឃុំឈើទាល ស្រុកសណ្ដាន់ មានស្រុកកំណើត នៅភូមិថ្មី ឃុំព្រែកដំបង ស្រុកមុខកំពូល ខេត្ដកណ្ដាល ត្រូវប៉ូលិសឃាត់ខ្លួន។ ចំណែកនារីរងគ្រោះឈ្មោះស.ច.ថ អាយុ១៧ឆ្នាំ រស់នៅឃុំឈើទាល ។
ក្រោយពេលបញ្ជូនខ្លួនជនសង្ស័យទៅដល់ស្នងការដ្ឋាននគរបាលខេត្ដ និងរៀបចំបញ្ជូនខ្លួនទៅសាលាដំបូង ក្រុមគ្រួសារនារីរងគ្រោះបានចេញមុខធានាសុំដកពាក្យបណ្ដឹង និងសុំយកជនសង្ស័យទៅរៀបការ។ទាក់ទិននឹងករណីរំលោភនេះប្រភពព័ត៌មានឱ្យដឹងថា នៅយប់កើតហេតុបុរសឈ្មោះ សូ ចាន់ផូ ដែលជាគ្រូបង្រៀនភាសាអង់គ្លេស (ក្រៅក្របខណ្ឌ) បានជិះម៉ូតូឌុបនារីឈ្មោះ ស.ច.ថ មកពីលេងបុណ្យបញ្ចុះសីមានៅវត្ដត្រឹប ឃុំងន ទៅផ្ទះវិញ លុះទៅដល់ផ្លូវបំបែកអូរស្វាយ គេចាប់នាងរំលោភតែម្ដង ។ ជនសង្ស័យរៀបរាប់ថា ការចាប់រំលោភនោះ មិនបានដល់ទីជំរៅទេ ដោយសារភ័យខ្លាចគេទាន់នាំគ្នាស្ទុះក្រោករត់ចែកផ្លូវគ្នារហូតដល់នាង ស.ច.ថ ភ្លេចខោ “ក្នុង” ហើយគេយកទៅឱ្យដល់ផ្ទះ ។ហេតុការណ៍នេះគេសន្និដ្ឋានថា នេះគឺគ្រាន់តែជាល្បិចបញ្ឆោតមួយដើម្បីគំរាមដល់អាណាព្យាបាលទាំងសងខាងដែលរារាំងភ្លើងស្នេហ៍របស់ពួកគេប៉ុណ្ណោះ ។ ទីបញ្ចប់ពួកគេបានស្ម្រ័គចិត្ដរៀបការជាមួយគ្នា ។
ចែករំលែកព័តមាននេះ