ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បន្លែ ដាំនៅខេត្តមណ្ឌលគិរី កំពុងទទួលបានការ​ពេញនិយមជាខ្លាំង

1 ឆ្នាំ មុន
  • មណ្ឌលគិរី

ខេត្តមណ្ឌលគិរី៖ ​បន្លែ ដែលដាំនៅខេត្តមណ្ឌលគិរី កំពុងទទួលបានការពេញនិយមជាខ្លាំង ពី​មហាជន​គ្រប់ស្រទាប់វណ្ណៈ ខណៈសកម្មភាពផលិតកសិផលនេះ នៅមិនទាន់អាចឆ្លើយតប​តាម​តម្រូវការទីផ្សារឡើយ ទោះបីមានការដាំដុះ កើនឡើងជារៀងរាល់ឆ្នាំ ហើយការបញ្ជាទិញ​មានកាន់តែច្រើនក៏ដោយ​។…

ខេត្តមណ្ឌលគិរី៖ ​បន្លែ ដែលដាំនៅខេត្តមណ្ឌលគិរី កំពុងទទួលបានការពេញនិយមជាខ្លាំង ពី​មហាជន​គ្រប់ស្រទាប់វណ្ណៈ ខណៈសកម្មភាពផលិតកសិផលនេះ នៅមិនទាន់អាចឆ្លើយតប​តាម​តម្រូវការទីផ្សារឡើយ ទោះបីមានការដាំដុះ កើនឡើងជារៀងរាល់ឆ្នាំ ហើយការបញ្ជាទិញ​មានកាន់តែច្រើនក៏ដោយ​។

លោក ថង សាវុន អភិបាលខេត្តមណ្ឌលគិរី នាល្ងាចថ្ងៃទី២៩ វិច្ឆិកា ឆ្នាំ២០២២ បានផ្តល់​ពួជដំឡូងបារាំង ដល់កសិករ ចំនួន ១២គ្រួសារ។ ក្នុងមួយគ្រួសារ ទទួលបានពូជដំឡូង​បារាំងចំនួន ១ ៥០០គ្រាប់។ ពិធីចែកពូជដំឡូងបារាំងនេះ បានធ្វើនៅភូមិដោះក្រមុំ សង្កាត់សុខដុម ក្រុងសែនមនោរម្យ ដើម្បីអាចឲ្យពួកគាត់ បង្កើនប្រភេទដំណាំចម្រុះមុខ សម្រាប់លក់​នៅលើទីផ្សារ​។

ក្នុងឱកាសចុះពិនិត្យចំការបន្លែ និងចែកពួជដំឡូងបារាំងជូនកសិករ លោកអភិបាលខេត្ត ថង សាវុន បានចាប់អារម្មណ៍ជាខ្លាំងលើការដាំដុះដំណាំបន្លែរបស់កសិករ ក្នុងក្រុងសែនមនោរម្យ ជាពិសេសស្ពៃក្តោប ដែលកំពុងមានឈ្មោះល្បីល្បាញ ព្រោះតែរសជាតិគ្មានពីរ ដែលមានការ​ទទួល​ស្គាល់ពីសំណាក់មហាជនទូទៅ។ ដ្បិតស្ពៃក្តោប ដែលដាំ នៅតំបន់ផ្សេង ឬនាំចូលមកពី​ក្រៅប្រទេស មិនមានរសជាតិ ដូចស្ពៃក្តោប ដែលដាំនៅលើទឹកដីមណ្ឌលគិរីឡើយ។

ដោយឡែក របាយការណ៍​របស់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តមណ្ឌលគិរី បានឲ្យ​ដឹងថា ការងារបង្កបង្កើនផលដំណាំបន្លែគ្រប់ប្រភេទ អនុវត្តបានសរុបចំនួន ៥៦ ហិកតា នារដូវវស្សា ឆ្នាំ២០២២នេះ។ ចំណែកដំណាំស្រូវរដូវវស្សា សរុប​ផ្ទៃដីប្រមូលផល ចំនួន ២១ ២០៨ ហិកតា និង​បរិមាណផលសរុបចំនួន ៦៨ ០១៤ តោន។

របាយការណ៍ដដែល បន្ត​ថា ផលដំណាំឧស្សាហកម្មរយៈពេលខ្លី សរុបផ្ទៃដីប្រមូលផលអនុវត្ត​បានសរុបចំនួន ១០ ៥៩៥ ហិកតា ដោយទទួលបានទិន្នផលប្រមាណ​ ១០១ ៦៥៨ តោន។

ក្រៅពីនោះ នៅខេត្តមណ្ឌលគិរី បានបញ្ចប់ការងារប្រមូលផលដំណាំ ដូចជា ពោតស ដំឡូងឈើ/គរ សណ្ដែកបាយ សណ្ដែកដី សណ្ដែកសៀង សណ្ដែកអង្គុយ ល្ង និងដំណាំអំពៅ។ នៅមណ្ឌលគិរី ពេលនេះ កំពុងប្រមូលផលដំណាំដំឡូងមី លើ​ផ្ទៃដីប្រមូលផលចំនួន ៤ ២៧៨ហិក​តា បរិមាណផល ៧១ ៣០៥តោន៕ សាយ ករុណា

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ