ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វៀតណាម​រំពឹង​ថា ការ​នាំ​ចេញ​អាហារ​សមុទ្រ​នឹង​កើន​ដល់​១១​ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង នៅ​ដំណាច់ឆ្នាំ​នេះ

1 ឆ្នាំ មុន

វៀតណាម ៖ យោង​តាម​សមាគម​អ្នក​នាំ​ចេញ និង​ផលិត​អាហារ​សមុទ្រ​របស់​ប្រទេស​វៀតណាម

វៀតណាម ៖ យោង​តាម​សមាគម​អ្នក​នាំ​ចេញ និង​ផលិត​អាហារ​សមុទ្រ​របស់​ប្រទេស​វៀតណាម (VASEP) បានឱ្យ​ដឹង​ថា ការ​នាំ​ចេញ​អាហារ​សមុទ្រ​របស់​វៀតណាម​នៅ​ឆ្នាំ​នេះ អាច​ឈាន​ដល់​ចំនួន ១១​ពាន់​លាន​ដុល្លារ​អា​មេ​រិ​ក​ជា​លើក​ដំបូង ខណៈ​ដែល​បង្គា និង​ត្រី​ធូ​ណា ឈានមុខ​គេ​សម្រាប់​ការ​នាំ​ចេញ​។

លោក Truong Dinh Hoe អគ្គលេខាធិការ​នៃ​សមាគម​អ្នក​នាំ​ចេញ និង​ផលិត​អាហារ​សមុទ្រ​វៀតណាម បាន​ថ្លែង​ក្នុង​សន្និសីទ​សារព័ត៌មាន ធ្វើ​ឡើង​នៅ​ទីក្រុង​ហូ​ជី​មិ​ញ កាលពី​ពេល​ថ្មី​ៗ​កន្លង​ទៅ ថា គិត​ត្រឹម​ខែវិច្ឆិកា ការ​នាំ​ចេញ​អាហារ​សមុទ្រ​បាន​ឈាន​ដល់​ចំនួន ១០​ពាន់​លាន​ដុល្លារ​រួច​ទៅ​ហើយ ដូច្នេះ​នៅ​ដំណាច់ឆ្នាំ​នេះ វា​អាច​កើន​ដល់ ១១​ពាន់​លាន​ដុល្លារ​ជា​លើក​ដំបូង ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក​។

ទីផ្សារ​នាំ​ចេញ​អាហារ​សមុទ្រ​ធំ​ជាងគេ​របស់​វៀតណាម គឺ សហរដ្ឋអាមេរិក ជប៉ុន ចិន និង​សហភាព​អឺរ៉ុប​។ សហភាព​អឺរ៉ុប សហរដ្ឋអាមេរិក និង​ចិន មាន​ចំណែក​រហូត​ដល់ ៦០% នៃ​ពាណិជ្ជកម្ម​គ្រឿង​សមុទ្រ​ពិភពលោក ក៏​ដូច​ជា ៥០% នៃ​ចំណូល​នាំ​ចេញ​របស់​វៀតណាម ក្នុង​រយៈពេល ១០​ខែ​ដំបូង​នៃ​ឆ្នាំ​នេះ​។

លោក Hoe បាន​បន្ត​ទៀត​ថា គ្រប់​វិស័យ​ទាំងអស់​នៃ​ឧស្សាហកម្ម​អាហារ​សមុទ្រ​បាន​កើនឡើង​ពី ១៨-៧៧% ប៉ុន្តែ​ការ​នាំ​ចេញ​កំពុង​ចាប់ផ្តើម​ធ្លាក់​ចុះ ចំ​ពេល​មានការ​ទិញ​ទាប ការ​ប្រាក់​ខ្ពស់ និង​អត្រា​ប្តូរ​ប្រាក់​ប្រែប្រួល​។

លោក​បាន​បន្ថែម​ថា នៅ​ពេល​ពិភពលោក​ធ្លាក់​ចូល​ក្នុង​វិបត្តិ​សេដ្ឋកិច្ច និង​អតិផរណា​កើនឡើង តម្រូវការ​ក៏​កំពុង​ធ្លាក់​ចុះ​នៅ​ទូ​ទាំង​ពិភពលោក​។ ដូច្នេះ​ហើយ ឧស្សាហកម្ម​គ្រឿង​សមុទ្រ​របស់​វៀតណាម នឹង​ប្រឈម​មុខជា​មួយ​ការ​ប្រកួតប្រជែង​ដ៏​ស្វិតស្វាញ​ពី​ដៃគូ​ប្រកួតប្រជែង​ដែល​ផ្តល់​តម្លៃ​ទាប ដូច​ជា​ប្រទេស​អេ​ក្វា​ឌ័​រ ឬ​ឥណ្ឌា​ជាដើម​។

ដោយឡែក សេដ្ឋវិទូ លោក Dinh The Hien បាន​និយាយ​ថា សេដ្ឋកិច្ច​ពិភពលោក​នឹង​កាន់តែ​អាក្រក់​នៅ​ឆ្នាំ​២០២៣ ដែល​ប៉ះពាល់​ដោយ​ផ្ទាល់​ដល់​ឧស្សាហកម្ម​អាហារ​សមុទ្រ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក៏​ដោយ អាជីវកម្ម​មិន​គួរ​ទុទិដ្ឋិនិយម​ខ្លាំង​ពេក​នោះ​ទេ ព្រោះ​ពួក​គេ​គួរតែ​ស្វែងរក​ឱកាស​ថ្មី​ៗ ដើម្បី​ការ​រីក​ចម្រើន​។ (​ដកស្រង់​ចេញពី Vn Express)

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ