ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

វេទិកាសាធារណៈនៅ​ខណ្ឌ​កំ​បូល ប្រជាពលរដ្ឋ​សំណូមពរ​ជួយ​ស្ថាបនា​ផ្លូវ លូ ស្ដារ​ប្រឡាយ​មេ និង​ផ្ទេរកម្មសិទ្ធិ​ឬ​បំបែក​ក្បាលដី​ពី​ក្រុមហ៊ុន​ឯកជន

1 ឆ្នាំ មុន
  • ភ្នំពេញ

​រាជធានី​ភ្នំពេញ ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​

​រាជធានី​ភ្នំពេញ ​៖ ក្នុង​វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នៅ​បរិវេណ វត្ត​កំ​បូល ផ្លូវជាតិ​លេខ​៤ ខណ្ឌ​កំ​បូល នៅ​ព្រឹក​ថ្ងៃ​ទី​២៩​ វិច្ឆិកា​នេះ ប្រជាពលរដ្ឋ​បាន​ស្នើ​និង​សំណូមពរ អោយ​អាជ្ញាធរ ជួយ​ស្ថាបនា​ផ្លូវ លូ ការ​ស្ដារ​ប្រឡាយ​មេ ពិសេស​គឺ ការ​ស្នើ​សុំ​ផ្ទេរកម្មសិទ្ធិ ឬ​បំបែក​ក្បាលដី​ពី​ក្រុមហ៊ុន​ឯកជន​មក​អោយ​ប្រជាពលរដ្ឋ ។ នេះ​ជា​កង្វល់​ធំ​របស់​ពួក​គាត់ ក្នុង​វេទិកា​ផ្សព្វផ្សាយ​នេះ​ដើម្បី​ទៀមទា​អោយ​អាជ្ញាធរ​ជួយ​ដោះស្រាយ​ជូន​។

វេទិកា​នេះ​ធ្វើ​ឡើង​ក្រោម​វត្តមាន​លោក​ម៉ប់ សា​រិ​ន ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ និង​លោក​ស៊ុ​យ សេ​រិ​ទ្ធ អភិបាលរង​រាជធានី តំណាង​អោយ​លោក​ឃួ​ង ស្រេង​អភិបាល​រាជធានី​ភ្នំពេញ​។

វេទិកា​នេះ​ប្រជាពលរដ្ឋ​បាន​លើក​ឡើងជា​សំណួរ​និង​សំណើរ​ដោយ​ផ្ទាល់មាត់​ចំនួន​១៥​នាក់​និង​សំណើរ​ជា​លាយលក្ខណ៍អក្សរ​ជា​ច្រើន​បញ្ហា​ទៀត​ផង​ដែរ ។​ចំពោះ សំណួរ​និង​សំណើរ​ផ្ទាល់មាត់​រួម​មាន​៖ ការ​ស្នើ​អោយ​អាជ្ញាធរ​ជួយ​ស្នើ​សុំ​ផ្ទេរកម្មសិទ្ធិ ឬ​បំបែក​ក្បាលដី​ពី​ក្រុមហ៊ុន​ឯកជន​មក​អោយ​ប្រជាពលរដ្ឋ​ជា​ច្រើន​គ្រួសារ​នៅ​ភូមិ​ក្រាំង​ស្លឹក សង្កាត់​ក​ន្តោ​ក ការ​ស្នើ​សុំ​ជួយ​អន្តរាគមន៍​ពី​អ្នក​រត់ការ​លើ​ប្លង់​ដី​អស់​លុយ​២៩០០​ដុលារ​និង​ប្រើ​ពេល​១០​ខែ​ហើយ​មិន​ទាន់​បាន ការ​សុំ​បើកផ្លូវ​ដែល​ក្រុមហ៊ុន​បាន​បិទ​កាលពី​បុណ្យ​ភ្ជុំបិណ្ឌ​នេះ និង​ការ​ស្នើ​សុំ​ស្ថាបនា​ផ្លូវ លូ ស្តារ​ប្រឡាយ ត​បណ្តាញទឹក​ស្អាត​ជាដើម​។

ចំពោះ​ការ​លើក​ឡើងជា​សំណើរ​ផ្ទាល់មាត់​ទាំង​១៥​នាក់​ខាងលើ​នេះ ត្រូវ​បាន​អាជ្ញាធរ​ខណ្ឌ រាជធានី​និង​មន្ទីរ​ជំនាញ​ធ្វើការ​បកស្រាយ​បំភ្លឺ​ភ្លាម​ៗ​ជូន​ប្រជាពលរដ្ឋ​ផង​ដែរ ដោយ​រាល់​សំណើរ សំណូមពរ​ខ្លះ​ត្រូវ​បាន​ដោះស្រាយ​បាន​លទ្ធផល​ភ្លាម​ៗ​និង​សំណើរ សំណូមពរ​ខ្លះ​ទៀត​រង​ចាំ​ប្រជុំ​និង​ពិភាក្សា​ដោះស្រាយ​ជូន​នៅ​ពេល​ក្រោយ​បន្តបន្ទាប់​ទៀត​។

លោក​ឃឹម ស៊ុន​សូ​ដា អភិបាល​ខណ្ឌ​កំ​បូល បាន​មាន​ប្រសាសន៍​ថា ៖ ការ​កសាង​ហេដ្ឋារចនាសម្ព័ន្ធ​នានា​នៅ​ក្នុង​មូលដ្ឋាន នា​ប៉ុន្មាន​ឆ្នាំ​នេះ គឺ​ពិតជា​មាន​បញ្ហា ដោយ​គម្រោង​ខ្លះ​ត្រូវ​ខកខាន​ឬ​ពន្យា​ពេល​ដោយ​បញ្ហា​សារ​ជម្ងឺ​កូ​វី​ដ​-១៩ តែ​រាល់​សំណើរ​និង​សំណូមពរ​ខ្លះ​របស់​បងប្អូន មាន​មួយ​ចំនួន​គឺ​ស្ថិត​នៅ​ក្នុង​គម្រោង​អភិវឌ្ឍន៍​ខណ្ឌ សង្កាត់​រួច​ហើយ ហើយ​យើង​ក៏​តែង​បានអោយ​មេ​ភូមិ ចៅ សង្កាត់​ផ្សព្វផ្សាយ​ពី​គម្រោង​របស់​ខណ្ឌ​និង​សង្កាត់ ដែល​ត្រូវ​អនុវត្ត​ទាំងនោះ​អោយ​ប្រជាពលរដ្ឋ​បាន​ជ្រាប​ផង​ដែរ​។

ចំពោះ​ការ​ស្នើ​សុំ​ផ្ទេរកម្មសិទ្ធិ ឬ​បំបែក​ក្បាលដី​ពី​ក្រុមហ៊ុន​ឯកជន​មក​អោយ​ប្រជាពលរដ្ឋ នៅ​ភូមិ​ក្រាំង​ស្លឹក សង្កាត់​ក​ន្តោ​ក លោក​អភិបាល​ខណ្ឌ​បាន​បញ្ជាក់​ថា​៖ ក្នុង​នាម​អាជ្ញាធរ​គឺ​ត្រូវ​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​ហើយ យើង​មិន​បាន​ព្រងើយកន្តើយ​ឡើយ ។​កន្លង​មកនេះ​យើង​បាន​ចុះ​ពិនិត្យ​រួច​ហើយ គឺ​ខាង​ក្រុមហ៊ុន ចង់​ធ្វើ​ប្លង់​ទន់​ជូន​ប្រជាពលរដ្ឋ ដោយ​អោយ​អាជ្ញាធរ​ខណ្ឌ​ចុះហត្ថលេខា​លើ​ប្លង់​ទន់​នេះ ។​ ប៉ុន្តែ​ដោយ​ដី​ទាំងនេះ​ជា​ប្រភេទ​ដី ដែល​ខាង​មន្ទីរ​រៀបចំ​ដែនដី នគរូបនីយកម្ម សំណង់ និង​សុរិយោដី​រាជធានី​ភ្នំពេញ បញ្ជាក់​ថា​ជា​ប្រភេទ​ដី មាន​ប្លង់​រឹង ទើប​អាជ្ញាធរ​មិន​ចុះហត្ថលេខា​លើ​ប្លង់​ទន់​នេះ​ជូន ព្រោះ​បើ​យើង​ចុះហត្ថលេខា​គឹ​ខុសច្បាប់​។ ប៉ុន្តែ​ទោះជា​យ៉ាងណា​ក្តី​ករណី​នេះ អាជ្ញាធរ​ខណ្ឌ​នឹង​ធ្វើការ​ស្នើ​សុំ​ទៅ​អភិបាល​រាជធានី​ភ្នំពេញ ដើម្បី​ធ្វើ​ប្លង់​រឹង​ជូន​ប្រជាពលរដ្ឋ ដោយ​មិន​អស់ប្រាក់​តែ​ម្តង ដោយ​មិនបាច់​ពឹង​អ្នក​រត់ការ​អស់​លុយរាប់​ពាន់​នោះ​ទេ ។ ចំពោះ​ការ​ស្នើ​សុំ​ការ​ស្តារ​ប្រឡាយ​នោះ អាជ្ញាធរ​ខណ្ឌ​កំ​បូល​នឹង​ដោះស្រាយ​ជូន​ប្រជាពលរដ្ឋ​នៅ​ខែ​០៣​ខាង​មុខ​នេះ ពោល​គឺ​ដាក់​គ្រឿងចក្រ​ចុះ​កាយ​តែ​ម្តង​។

ប្រធាន​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ លោក​ម៉ប់ សា​រិ​ន បាន​មាន​ប្រសាសន៍​ថា វេទិការ​ផ្សព្វផ្សាយ និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំ​ពេញ ត្រូវ​បាន​ធ្វើ ឡើង​ក្នុង​១​ឆ្នាំ​ម្តង ដើម្បី​ដោះស្រាយ​រាល់​កង្វល់ សំណូមពរ​និង​សំណើរ​របស់​ប្រជាពលរដ្ឋ ។​ប៉ុន្តែ​ក្នុង​រយៈពេល​២​ឆ្នាំ​ជាប់​គ្នា​នេះ​ត្រូវ​បាន​ខកខាន​ដោយ​ការ​រាតត្បាត​ជម្ងឺ​កូ​វី​ដ​-១៩ យើង​មិន​បាន​ជួបជុំ​គ្នា​បែប​នេះ​ទេ ។ តែ​ពេល​នេះ​យើង​បាន​ជួបជុំ​គ្នា​ជា​ធម្មតា​ឡើង​វិញ​ហើយ​។ វេទិកា​ផ្សព្វផ្សាយ​និង​ពិគ្រោះ​យោបល់​របស់​ក្រុមប្រឹក្សា​រាជធានី​ភ្នំពេញ​នេះ គឺ​ផ្តោត​សំខាន់​ពាក់ព័ន្ធ​និង​កង្វល់​ផ្ទាល់​របស់​ប្រជាពលរដ្ឋ ក្នុង​នោះ​រួម​មាន បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់ បញ្ហា​បរិស្ថាន និង​បញ្ហា​អភិវឌ្ឍ​ន៏​នៅ​មូលដ្ឋាន ដើម្បី​ឱ្យ​អាជ្ញាធរ​បានដឹង​លឺ និង​រក​យន្តការ​ដោះស្រាយ​ជូន​៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ