ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

កម្ពុជាកំពុងសិក្សាកំណត់ឆ្នាំរថយន្ដមួយទឹកសម្រាប់ការនាំចូលទីផ្សារ

1 ឆ្នាំ មុន
  • ភ្នំពេញ

រាជធានី​ភ្នំពេញ ៖ ដើម្បី​កុំឱ្យ​កម្ពុជា​ក្លាយជា​ទីផ្សារ​លក់​រថយន្ត​ជជុះ (រថយន្តមួយទឹក) សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក…

រាជធានី​ភ្នំពេញ ៖ ដើម្បី​កុំឱ្យ​កម្ពុជា​ក្លាយជា​ទីផ្សារ​លក់​រថយន្ត​ជជុះ (រថយន្តមួយទឹក) សម្ដេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ និង​ជា​ប្រធាន​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក (​គ​.​ស​.​ច​.​គ​) បាន​ឯកភាព​ឱ្យ​សិក្សា​កំណត់​ឆ្នាំ​រថយន្ដ​មួយ​ទឹក​ដែល​នាំ​ចូល​ប្រទេស​កម្ពុជា ​ក្នុង​ការ​កាត់​បន្ថយ​នាំ​ចូល​រថយន្ត​ជជុះ។

សម្ដេច​ក្រឡាហោម ស ខេ​ង ឯកភាព​ឱ្យ​សិក្សា​បែប​នេះ ក្រោយ​លោក ស៊ុន ចាន់​ថុ​ល ទេស​រដ្ឋមន្ត្រី រដ្ឋ​ម​ន្រី​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អនុប្រធាន​អចិន្ត្រៃយ៍ គ​.​ស​.​ច​.​គ បាន​លើក​ឡើង​ក្នុង​កិច្ចប្រជុំ​ឆ្លង​ពង្រាង​ផែនការ​ជាតិ​ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក លើ​ទី​២ ឆ្នាំ​២០២១-២០៣០ នៅ​ទីស្ដីការក្រសួង នា​ថ្ងៃ​ទី​២៨ ខែវិច្ឆិកា ឆ្នាំ​២០២២ ដោយ​លើក​ជា​យោបល់​ជូន​សម្ដេច​ថា បច្ចុប្បន្ន​កម្ពុជា​មាន​រថយន្ត​ផលិត​ក្រោម ១០​ឆ្នាំ​មុន​កំពុង​ប្រើប្រាស់​ប្រមាណ​៥០​ភាគរយ ហើយ​ការ​កំណត់​ឆ្នាំ​ផលិត​រថយន្ត​នាំ​ចូល​កម្ពុជា​នេះ គឺ​ដើម្បី​ធានា​កាត់​បន្ថយ​គ្រោះថ្នាក់​ចរាចរណ៍ និង​ផល​ប៉ះពាល់​បរិស្ថាន ខណៈ​កម្ពុជា ក៏​មិន​អាច​បណ្ដោយ​ខ្លួន​ឱ្យ​ក្លាយជា​ទីផ្សារ​នាំ​ចូល​រថយន្ត​ជជុះ​ផង​ដែរ​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ សម្ដេច ស ខេ​ង បាន​ថ្លែង​យ៉ាង​ដូច្នេះ​ថា ៖ «​ឯកភាព​ចំពោះ​យោបល់​ស្នើ​ឱ្យ​គណៈកម្មាធិការ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ពិនិត្យ​លទ្ធភាព​ពិចារណា​ស្នើ​សុំ​រាជរដ្ឋាភិបាល​កំណត់​ឆ្នាំ​ផលិត​រថយន្ត​នាំ​ចូល​មក​កម្ពុជា ដើម្បី​កាត់​បន្ថយ​រថយន្ត​ជជុះមាន​ហានិភ័យ​»​។

ជាមួយ​គ្នា​នោះ​ដែរ សម្ដេច​ប្រធាន គ​.​ស​.​ច​.​គ ក៏​បាន​ជំរុញ​ឱ្យ​ខិតខំ​បន្ថែម​ទៀត​ក្នុង​ការ​ជំរុញ​ការ​បំពាក់​កាមេរ៉ា​សុវត្ថិភាព​នៅ​តាម​ដងផ្លូវ​។សម្ដេច​បាន​សម្ដែង​ការ​ពេញចិត្ត​ចំពោះ​ផែនការ​នេះ​ដ្បិត​មាន​ទស្សនវិស័យ​វែង​ឆ្ងាយ និង​ប្រាកដនិយម​ក្នុង​ការ​ដោះស្រាយ បញ្ហា​ចរាចរណ៍​នៅ​កម្ពុជា​។

ក្នុង​កិច្ចប្រជុំ​នោះ​ដែរ លោក ជំទាវ មឹន មាណវី រដ្ឋលេខាធិការ​ក្រសួង​សាធារណការ និង​ដឹក​ជញ្ជូន និង​ជា​អគ្គលេខាធិការ​នៃ​អគ្គលេខាធិការដ្ឋាន គ​.​ស​.​ច​.​គ​. បាន​ឲ្យ​ដឹង​ថា ផែនការ​ជាតិ ទសវត្សរ៍​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​ជា​ផែនការ​សកម្មភាព​រយៈពេល​១០​ឆ្នាំ​ពី​ឆ្នាំ​២០២១ ដល់​ឆ្នាំ​២០៣០ និង​ជា​ផែនការ​ជាតិ​លើក​ទី​២ បន្ត​ពី​លើក​ទី​១ ពី​ឆ្នាំ​២០១១ ដល់​ឆ្នាំ​២០២១​។ផែនការ​នេះ​ជា​ឧបករណ៍​រួមចំណែក​សម្រេច​ជោគជ័យ​នូវ​យុទ្ធសាស្ត្រ​ចតុកោណ​រាជរដ្ឋាភិបាល​កម្ពុជា និង​ស្រប​តាម​គោលនយោបាយ​ជាតិ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក​។

លោក​ជំទាវ​បន្ត​ថា ផែនការ​ជាតិ​នេះ​បាន​សម្របសម្រួល​ទៅ​តាម​ផែនការ​សកម្មភាព​អង្គការសហប្រជាជាតិ (UN) ផ្អែក​តាម​ច្បាប់​ស្ដី​ពី​ចរាចរណ៍​ផ្លូវគោក និង​ស្រប​តាម​ការ​វិវត្តន៍​ជឿនលឿន​របស់​ជាតិ​លើ​គ្រប់​វិស័យ ជា​ពិសេស​វិស័យ​ពាក់ព័ន្ធ​នឹង​សកម្មភាព​ចរាចរណ៍​ផ្លូវគោក​ដូច​ជា អត្រាកំណើន​ប្រជាជន កំណើនសេដ្ឋកិច្ច កំណើន​យានយន្ត ការ​អ​ភ​វិ​ឌ្ឍ​វិស័យ​ផ្លូវថ្នល់ ស្ថានភាព​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក បទ​ពិសោធន៍​ល្អ​ៗ​នៃ​វិធានការ​រឹត​បន្តឹង​ការ​អនុវត្ត​ច្បាប់ និង​បញ្ហា​ប្រឈម​នានា​។

លោក​ជំទាវ​ថា របាយការណ៍​ឱ្យ​ដឹង​ថា ផ្នែក​សំខាន់​នៃ​ផែនការ​ជាតិ​ទសវត្សរ៍​សុ​ត្ថិ​ភាព​ចរាច​ណ៍​ផ្លូវគោក​លើក​ទី​២ មាន​គោលបំណង​កាត់​បន្ថយ​អ្នក​ស្លា​.​ប់ និង​អ្នក​របួស​ដោយ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក​ឱ្យ​បាន​៥០​ភាគរយ នៅ​ឆ្នាំ​២០៣០ ដោយ​ផ្ដោត​លើ​គោលដៅ​សំខាន់​២ រួម​មាន ទី​១.​កាត់​បន្ថយ​ចំនួន​អ្នក​ស្លា​.​ប់ និង​របួស​តាម​កត្តា​ហានិភ័យ​នៃ​គ្រោះថ្នាក់​ចរាចរណ៍​ផ្លូវគោក និង​ទី​២.​បង្កើន​ប្រសិទ្ធភាព​ការ​អនុវត្ត​ការងារ​សុវត្ថិភាព​ចរាចរណ៍​ផ្លូវគោក ដោយ​ផ្អែក​លើស​រសរ​ស្ដម្ភ​ចំនួន​៦៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ