ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

រាជធានីភ្នំពេញ នឹងធ្វើជាម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំ​​អភិបាលក្រុងអាស៊ាន នៅថ្ងៃទី២-៣ ខែធ្នូ

1 ឆ្នាំ មុន
  • ភ្នំពេញ

ភ្នំពេញ៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) ព្រមទាំង​វេទិកាអភិបាល​ក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN MAYORS FORUM…

ភ្នំពេញ៖ កិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) ព្រមទាំង​វេទិកាអភិបាល​ក្រុងអាស៊ាន ឆ្នាំ២០២២ (ASEAN MAYORS FORUM 2022) នឹងប្រារព្ធឡើង នៅថ្ងៃទី២ និងថ្ងៃទី៣ ខែធ្នូ ឆ្នាំ២០២២ ខាងមុខនេះ ដែលរាជធានីភ្នំពេញ ធ្វើជាម្ចាស់ផ្ទះ រៀបចំ​កិច្ចប្រជុំនេះ។

​លោក ឃួង​ ស្រេង​ អភិបាលរាជធានីភ្នំពេញ បានដឹកនាំ​ប្រជុំ កាលពីរសៀលថ្ងៃទី២៥ ខែវិច្ឆិកានេះ ដើម្បី​ត្រៀមផែនការ រៀបចំ​កិច្ចប្រជុំអភិបាលក្រុងអាស៊ាន។

​​លេខាធិការដ្ឋាននៃកិច្ចប្រជុំខាងលើនេះ បានឱ្យដឹងថា កិច្ចប្រជុំអភិបាលក្រុងអាស៊ាន នឹងមានតំណាងទីក្រុង និងខេត្តចូលរួមប្រមាណ ៨០ទីក្រុង ក្នុងតំបន់អាស៊ាន ហើយនៅ​ក្រៅអាស៊ាន មានជាង ៣០ទីក្រុងធំៗ ចូលរួម។

លោក ឃួង ស្រេង ​អភិបាលរាជធានីភ្នំពេញ និងជាប្រធានគណៈកម្មការរៀបចំកិច្ចប្រជុំ បានគូសបញ្ជាក់ថា កិច្ចប្រជុំនេះ យើងរៀបចំ ក្នុងកម្រិតតូច​ជាងកិច្ចប្រជុំអន្តរសភា​អាស៊ាន(AIPA) តែយកទម្រង់ដូចកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីការពារជាតិអាស៊ាន ដែលទើបបញ្ចប់ទៅថ្មីៗនេះ នៅខេត្តសៀមរាប។

លោកបញ្ជាក់ថា ទោះបីយ៉ាងណា ការពង្រឹងសន្តិសុខសណ្តាប់ធ្នាប់របៀបរៀបរយសាធារណៈ គឺនៅដដែល ដូចកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០ និង៤១ ក៏ដូចកិច្ចប្រជុំកំពូលពាក់ព័ន្ធដែរ ព្រោះយើងមានបទពិសោធន៍ ធ្វើបានល្អរួចមកហើយ។

វេទិកាអភិបាលក្រុងអាស៊ាន ឆ្នាំ២០២២ មានគោលបំណងពង្រឹងកិច្ចសហការ តាមរយៈការជំរុញ​ការកសាងទី​ក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាពប្រកបដោយបវិវត្តកម្ម និងបរិយាប័ន្ន តាមគន្លងប្រក្រតីភាពថ្មី តាមគោលការណ៍ «អាស៊ាន រួមគ្នាធ្វើការដោះស្រាយបញ្ហាប្រឈមទាំងអស់គ្នា»។

ចំពោះកិច្ចប្រជុំអភិបាលរាជធានី និងរដ្ឋធានីអាស៊ាន (MGMAC 2022) ផ្តោតលើការជំរុញ​កិច្ចសហប្រតិបត្តិការគ្រប់ជ្រុងជ្រោយ ដើម្បីទីក្រុងវៃឆ្លាត មានភាពធន់ និងមានចីរភាព។

វេទិកានេះ គឺសម្រាប់អភិបាលរាជធានី និងរដ្ឋធានីអាស៊ាន ទាំង ១០ លើកឡើង និងពិភាក្សាអំពីបញ្ហាប្រឈម ក្នុងទីក្រុង នាពេលបច្ចុប្បន្ន និងអាចកើតមានឡើង ព្រមទាំងចែករំលែកការអនុវ​ត្តន៍ល្អៗ ក៏ដូចជាទស្សនៈរបស់ពួកគាត់ សម្រាប់ការកសាងសហគមន៍អាស៊ាន៕

អត្ថបទសរសេរ ដោយ

កែសម្រួលដោយ