ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ដើម្បី​បំពេញ​ការ​ងារ​ឱ្យ​មាន​ប្រសិទ្ធ​ភាព​ត្រូវ​ពឹង​ផ្អែក​លើ​កត្តា​អ្វីខ្លះ?

6 ឆ្នាំ មុន

យើង​រស់នៅ​ក្នុង​យុគសម័យ​មាន​ព័ត៌មាន​ផ្សេង​ៗ​នៅ​ក្បែរ​ខ្លួន ។ ព័ត៌មាន​ល្អ​ជួយ​ណែនាំ​ឱ្យ​យើង​ទទួល​បាន​ភាព​ជោគជ័យ​តាម​គោលដៅ​កំណត់​ទុក ។ ផ្ទុយ​ទៅ​វិញ ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ដោយ​ងាយ​ពេក ពេល​ខ្លះ​

យើង​រស់នៅ​ក្នុង​យុគសម័យ​មាន​ព័ត៌មាន​ផ្សេង​ៗ​នៅ​ក្បែរ​ខ្លួន ។ ព័ត៌មាន​ល្អ​ជួយ​ណែនាំ​ឱ្យ​យើង​ទទួល​បាន​ភាព​ជោគជ័យ​តាម​គោលដៅ​កំណត់​ទុក ។ ផ្ទុយ​ទៅ​វិញ ការ​ចូល​ទៅ​កាន់​ព័ត៌មាន​ដោយ​ងាយ​ពេក ពេល​ខ្លះ​ក៏​រំខាន​ផង​ដែរ នៅ​ពេល​យើង​ផ្តោតអារម្មណ៍​ទៅ​លើ​ការងារ ។

ការ​ធ្វើ​ការងារ​តាម​គោលដៅ និង​ការ​ផ្លាស់​ប្តូរ​ថ្មី​ៗ គឺជា​រឿង​លំបាក​មួយ ព្រោះ​វា​អាស្រ័យ​លើ​ការ​បំផុសគំនិត​ជា​បន្តបន្ទាប់ និង​ច្រើន​ផង​ដែរ ដើម្បី​ជួយ​ជំរុញ​ឱ្យ​យើង​ទៅ​ដល់​គោលដៅ​នោះ ។ ដូច្នេះ ការ​ទាញ​ចិត្ត និង​បំផុសគំនិត​ជា​ប្រចាំ វា​ជា​រឿង​សំខាន់​ណាស់ ។ ៧​វិធី​នេះ​អាច​ជួយ​ដល់​ការ​បំពេញការងារ​ប្រកបដោយ​ប្រសិទ្ធភាព ។

១-​កំណត់​គោលដៅ​ច្បាស់លាស់ ៖
ដើម្បី​ទទួល​បាន​ជោគជ័យ ត្រូវ​ផ្តើម​ចេញពី​ផែនការ​ការងារ​មួយ​ច្បាស់លាស់ ហើយ​ផែនការ​នឹង​កើតឡើង​បាន គឺ​ត្រូវ​កំណត់​គោលដៅ​ទុក​។ គោលដៅ គឺជា​ហេតុផល​ដែល​អ្នក​ដើរ​តាម​ផ្លូវ​មួយ និង​ត្រូវការ​ពេលវេលា​ជាក់លាក់​ផង​ដែរ ។ អ្នក​អាច​កត់ត្រា​ក្នុង​ទូរស័ព្ទ កុំព្យូទ័រ សៀវភៅ ឬអ្វី​ផ្សេង​ៗ ។ ការ​បំពេញការងារ​ជោគជ័យ លុះត្រាតែ​ដឹង​ថា ត្រូវការ​អ្វីខ្លះ ហើយ​គោលដៅ​ដែល​កំណត់​ទុក​អាច​ជួយ​នាំ​អ្នក​ទៅ​ដល់​ចំណុច​នោះ​យ៉ាងដូចម្តេច ។

២-​សរសេរ​ផែនការ​ទុក​មុន​ចូល​សម្រាក ៖
បន្ទាប់​ពី​កំណត់​គោលដៅ​ច្បាស់លាស់​ហើយ ការ​បែងចែក​ផែនការ​ផ្សេង​ៗ​ឱ្យ​ជាក់លាក់ ក៏​ជា​រឿង​សំខាន់​ដូច​គ្នា ។ អ្នក​គួរ​ប្រើ​ពេលវេលា​ខ្លះ​មុន​ចូល​សម្រាក​ដើម្បី​ធ្វើ​ផែនការ​សម្រាប់​ថ្ងៃស្អែក ដោយ​រៀប​តាម​លំដាប់​ភាព​សំខាន់​នៃ​ការងារ​ទាំងនោះ និង​ផែនការ​បម្រុង​ដើម្បី​ធ្វើ​បាន​គ្រប់​ចំណុច​ទៅ​តាម​គោលដៅ ។

៣-​សម្រាក​គ្រប់គ្រាន់ ៖
មូលហេតុ​ធំ​មួយទៀត​ដែល​ធ្វើ​ឱ្យ​អ្នក​ខ្វះ​ការ​បំផុសគំនិត គឺ​ការ​សម្រាក​មិន​គ្រប់គ្រាន់​។ ពេលវេលា​សម្រាក គឺ​ខុស​គ្នា​ពី​មនុស្ស​ម្នាក់​ទៅ​មនុស្ស​ម្នាក់ ។ អ្នក​អាច​សង្កេត​មើល​ថា រាង​កាយ​ត្រូវការ​សម្រាក​ប៉ុន្មាន​ម៉ោង ឬ​សម្រាក​នៅ​ពេល​ណា ដែល​ធ្វើ​ឱ្យ​អ្នក​ភ្ញាក់​ឡើង​មាន​ភាព​ស្រស់ស្រាយ និង​មាន​ប្រសិទ្ធភាព​ក្នុង​ការ​បំពេញការងារ ។ ការ​សម្រាក​ចាត់​ទុក​ថា មាន​សារសំខាន់​ខ្លាំង​ណាស់ មិន​ចាញ់​គោលដៅ​ឡើយ​។ បើ​ចង់​ទទួល​បាន​ជោគជ័យ​តាម​គម្រោង អ្នក​ត្រូវ​មាន​ពេលវេលា​សម្រាក​ឱ្យ​បាន​គ្រប់គ្រាន់ ។

៤-​មាន​ពេលវេលា​សម្រាប់​ខ្លួនឯង​នៅ​ពេល​ព្រឹក ៖
ទោះបីជា​បច្ចេកវិទ្យា​មាន​តួនាទី​ជួយ​យើង​ឱ្យ​មានគំនិត​ច្នៃប្រឌិត និង​ជោគជ័យ​ក្នុង​ជីវិត​យ៉ាង​អស្ចារ្យ​ក្តី ប៉ុន្តែ​ពេល​ខ្លះ​ក៏​ត្រូវ​កំណត់​វា​ផង​ដែរ​។ ពេល​ព្រឹក អ្នក​គួរតែ​នៅ​ឱ្យ​ឆ្ងាយ​ពី​ឧបករណ៍​បច្ចេកវិទ្យា​ទាំងនោះ និង​ចំណាយពេល​បន្តិច​ដើម្បី​ប្រមូល​អារម្មណ៍ ដោយ​អង្គុយ​សមាធិ ឬ​ក៏​បិទ​ភ្នែក​ឱ្យ​ខួរក្បាល​ស្រឡះ​ពី​រឿងរ៉ាវ​ស្មុគស្មាញ និង​អាច​បំពេញការងារ​បាន​ល្អ​ផង​ដែរ ។

៥-​ចៀសវាង​រឿង​រំខាន​ផ្លូវចិត្ត ៖
ក្រៅពី​បច្ចេកវិទ្យា និង​អុ​ី​ន​ធើ​រ​ណេ​ត​ហើយ ការ​ផ្តោតអារម្មណ៍​លើ​ការងារ អ្នក​ត្រូវ​តែ​ចៀសវាង​រឿង​ណា​ដែល​រំខាន​ផ្លូវចិត្ត ដូច​ជា ចៀសវាង​បុគ្គល​គិត​ក្នុង​ផ្លូវ​អវិជ្ជមាន ព្រោះ​ពាក្យ​សម្តី ឬ​ការ​ប្រព្រឹត្ត​របស់​ពួក​គេ​អាច​នឹង​ប៉ះពាល់​ដល់​ទំនុកចិត្ត និង​បំផ្លាញ​អារម្មណ៍​របស់​អ្នកផង​ដែរ ។ ដូច្នេះ អ្នក​អាច​នៅ​ក្បែរ​ៗ​មនុស្ស​ផ្តល់​កម្លាំងចិត្ត​វិញ​ប្រសើរ​ជាង ។

៦-​រៀបចំ​តារាង​ពេលវេលា​បំផុសគំនិត ៖
ការ​រៀបចំ​តារាង​ពេលវេលា​ក្នុង​ជីវិត​ប្រចាំ​ថ្ងៃ អ្នក​គួរ​ទុក​ពេល​ណាមួយ​បំផុសគំនិត មិន​ថា​ការ​អាន​សៀវភៅ​ល្អ​ៗ អាន​បទ​សម្ភាសន៍​ផ្សេង​ៗ​ដើម្បី​ជំរុញ​កម្លាំងចិត្ត​ដល់​អ្នក ឬ​ក៏​មើល​វី​ដេ​អូ​បង្ហាញ​ពី​ទស្សនៈ​នានា និង​គោលដៅ​ថ្មី​ៗ​។ ការ​បំផុសគំនិត​រៀងរាល់ថ្ងៃ​បែប​នេះ នឹង​ជួយ​អ្នក​កាន់តែ​ជឿជាក់​លើ​ខ្លួនឯង​ឡើង ។

៧-​ដាស់តឿន​ជា​និច្ច​ថា ពេលវេលា​មាន​តម្លៃ ៖
មនុស្ស​គ្រប់​រូប​បានដឹង​ហើយ​ថា ជីវិត​គឺ​ខ្លី​សម្រាប់​ពួក​គេ ប៉ុន្តែ​ជា​ញឹកញាប់ ពួក​គេ​បែរជា​ចំណាយ​ពេលវេលា​ដោយ​ឥតប្រយោជន៍​ទៅ​វិញ ។ ទោះជា​យ៉ាងណា ប្រសិនជា​អ្នក​គិត​ថា ជីវិត និង​ពេលវេលា​ពិតជា​មាន​តម្លៃ អ្នក​នឹង​មិន​ចង់​ចំណាយ​ពេលវេលា​ដោយ​ខ្ជះខ្ជាយ​ទៀត​ទេ ។ ដូច្នេះ ចូរ​ដាស់តឿន​ខ្លួនឯង​ក្នុង​ហេតុផល​ដែល​អ្នក​ចង់​ទទួល​បាន​ជោគជ័យ​តាម​គោលដៅ​កំណត់​ជា​និច្ច ។ វិធី​ល្អ​បំផុត​ក្នុង​ការ​សម្រេច​គោលដៅ គឺ​ការ​មាន​គោលដៅ​ធំ និង​គោលដៅ​ជា​រៀងរាល់ថ្ងៃ ដែល​នឹង​ជួយ​ផ្តល់​កម្លាំងចិត្ត ព្រមទាំង​ផ្តោតអារម្មណ៍​លើ​ការងារ​យ៉ាង​មាន​ប្រសិទ្ធភាព ។

នៅ​ពេល​យើង​បាន​ត្រៀមខ្លួន​ហើយ គួរតែ​ផ្លាស់​ប្តូរ និង​តាំងចិត្ត​ធ្វើ​តាម​គោលដៅ​ឱ្យ​សម្រេច ព្រោះ​អ្វី​ដែល​មនុស្ស​ភាគច្រើន​គិត​ថា​មិន​អាច​ទៅ​រួច បើសិនជា​អ្នកមាន​ទំនុកចិត្ត និង​សាកល្បង​អនុវត្ត​តាម​វិធីសាស្ត្រ​ទាំងនេះ អ្នក​នឹង​ទទួល​ជោគជ័យ​ក្នុង​ការ​បំពេញការងារ​យ៉ាង​ពិតប្រាកដ ៕