ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ជាង​១​ខែ​សោះ​មានរឿង​ផ្ទួន​ៗ​ធ្វើ​ឱ្យ​តារា​កំប្លែង​ស្រី​ស្រស់ កញ្ញា ណាំ វ៉ា ទទួលយក​មិន​បាន

10 ខែ មុន
  • ភ្នំពេញ

តារា​កំប្លែង​ស្រី​ដ៏​ល្បីឈ្មោះ កញ្ញា ណាំ វ៉ា ដែល​ពុក​ម៉ែ​បងប្អូន​ធ្លាប់​បានឃើញ​កញ្ញា​រួច​មក​ហើយ​នៅ​តាម​កញ្ជាក់​ទូរទស្សន៍ ជា​ពិសេស​ការ​សម្តែង​រឿង​ខ្លី​ៗ បាន​ជួប​ប្រទះ​នូវ​រឿង​ស៊យ​ផ្ទួន​ៗ ព្រោះ​ក្នុង​រយៈពេល​ជាង​១​ខែ​សោះ

រាជធានី​ភ្នំពេញ ៖ តារា​កំប្លែង​ស្រី​ដ៏​ល្បីឈ្មោះ កញ្ញា ណាំ វ៉ា ដែល​ពុក​ម៉ែ​បងប្អូន​ធ្លាប់​បានឃើញ​កញ្ញា​រួច​មក​ហើយ​នៅ​តាម​កញ្ជាក់​ទូរទស្សន៍ ជា​ពិសេស​ការ​សម្តែង​រឿង​ខ្លី​ៗ បាន​ជួប​ប្រទះ​នូវ​រឿង​ស៊យ​ផ្ទួន​ៗ ព្រោះ​ក្នុង​រយៈពេល​ជាង​១​ខែ​សោះ ផ្ទះ​របស់​តារា​ស្រី​រូប​នេះ​ត្រូវ​បាន​ចោរ​គាស់​ផ្ទះ​ជា​បន្តបន្ទាប់​បង្ក​ជា​ការ​ភ្ញាក់ផ្អើល ជា​ពិសេស​អ្នកគាំទ្រ​របស់​កញ្ញា​ក៏​បាន​បង្ហាញ​នូវ​ក្តី​បារម្ភ​ពី​សុខទុក្ខ​របស់​នាង​យ៉ាង​ខ្លាំង​។

ថ្លែងប្រាប់​អ្នក​យក​ព័ត៌មាន​នៃ​សារព័ត៌មាន​កោះសន្តិភាព កញ្ញា ណាំ វ៉ា បានអោយ​ដឹង​ថា កាលពី​ល្ងាច​ថ្ងៃ​ទី​២២ ខែវិច្ឆិកា កញ្ញា​បាន​ទៅ​ញ៉ាំ​អី​ជាមួយ​មិត្តភក្តិ​។ លុះ​ត្រឡប់​មក​ផ្ទះ​វិញ​នៅ​ម៉ោង​៦​និង​៣០​នាទី​យប់ តារា​សម្តែង​ស្រី​រូប​នេះ​ឃើញ​សភាព​ផ្ទះ​របស់​នាង មាន​ភាព​រញ៉េរញ៉ៃ​ខុស​ប្លែក​ពី​ធម្មតា លុះដល់​ពេល​ទៅ​ពិនិត្យ​អោយ​ច្បាស់​ទើប​ដឹង​ថា ចោរ​បាន​គាស់​ផ្ទះ​របស់​កញ្ញា និង​បាន​បង្ក​ជា​ការ​ភ្ញាក់ផ្អើល​ជា​ខ្លាំង​។

តារា​កំប្លែង​ស្រី​រូប​នេះ បានអោយ​ដឹង​បន្ថែម​ថា ហេតុការណ៍​ចោរ​គាស់​ផ្ទះ​នេះ គឺ​កញ្ញា​បាន​បាត់ ចិញ្ចៀន​​ផ្លា​ក​ទី​ន​មួយ​វង់ ដែល​មាន​តម្លៃ​ប្រមាណ​ជា ២០០​ដុល្លារ​ជាង​, នាឡិកាដៃ​តម្លៃ ១៧៧០​ដុល្លារ និង​របស់របរ​មួយ​ចំនួន​ទៀត ដោយ​គិត​សរុប​ទៅ​ប្រមាណ​ជា ២០០០​ដុល្លារ​។ ហើយ​រហូត​មក​ដល់​ពេល​នេះ កញ្ញា​មិន​ទាន់​រក​ឃើញ​ជន​មួយ​ណា​ដែល​ជាប់​ពាក់ព័ន្ធ ឬ​ដាក់​ការ​សង្ស័យ​ទៅ​លើ​នរណា​ម្នាក់​ឡើយ​។

តារា​កំប្លែង​ស្រី​ដែល​មាន​រូប​សម្រស់​ស្រស់​សោភា​រូប​នេះ បាន​បញ្ជាក់​បន្ថែម​ថា កញ្ញា​បាន​ជួប​ហេតុ​ការណ៍ ក្រុម​ចោរ​គាស់​ផ្ទះ​របស់​នាង​ស្ថិត​នៅ​សង្កាត់​ឬ​ស្សី​កែវ ខណ្ឌ​ឬ​ស្សី​កែវ រាជធានី​ភ្នំពេញ ចំនួន​២​ដង​រួច​មក​ហើយ​។ កញ្ញា​បាន​បន្ត​ថា ផ្ទះ​របស់​កញ្ញា ពុំ​បាន​បំពាក់​កាំ​មេ​រ៉ា​សុវត្ថិភាព​នោះ​ទេ ដូច្នេះ​កញ្ញា ហើយនឹង​សមត្ថកិច្ច​ពិបាក​តាមដាន​បន្តិច​ក្នុង​ការ​ស្វែងរក​ភិនភាគ​ចោរ ក៏​ដូច​ជា​ការ​តាម​រក​សម្ភារៈ​​ដែល​បាន​បាត់បង់​នោះ​។

ជា​ការ​ពិត​ណាស់ កញ្ញា សន ស្រី​លី​ន ហៅ ណាំវ៉ា ដែល​កញ្ញា​ធ្លាប់​មានជីវិត​កម្សត់ និង​ជួប​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ ដោយ​កាលពី​ឆ្នាំ​២០១៥ តារា​ស្រី​រូប​នេះ​ត្រូវ​ចោរប្លន់ ឆ្នាំ​២០១៧ កញ្ញា​ជួប​គ្រោះថ្នាក់​ចរាចរណ៍ នៅ​ឆ្នាំ​២០១៨ ត្រូវ​គេ​បោ​.​ក​យក​ឡាន និង​នៅ​ឆ្នាំ​២០២២​នេះ ត្រូវ​ចោរ​គាស់​ផ្ទះ​រហូត​ដល់​ទៅ​២​ដង​។

ទាក់ទង​ជាមួយនឹង​រឿងរ៉ាវ​ទាំង​អស់នេះ កញ្ញា​មានការ​សោកស្តាយ​ជា​ខ្លាំង ព្រោះ​ទ្រព្យសម្បត្តិ​ដែល​ខំ​រកបាន​ហើយ បែរជា​ត្រូវ​បាន​បាត់បង់​ដោយសារ​រឿង​បែប​នេះ​។ ហើយ​ជុំវិញ​រឿងរ៉ាវ​ដ៏​អាក្រក់​នេះ កញ្ញា​​ពិតជា​ពិបាក​ក្នុង​ការ​ទទួលយក​ណាស់ ដោយ​ជួប​បញ្ហា​មិន​ចេះ​ចប់​មិន​ចេះ​ហើយ​ដូច្នេះ​។ ជា​ចុង​ក្រោយ កញ្ញា ណាំវ៉ា មិន​សុំ​អ្វី​ច្រើន​នោះ​ទេ គ្រាន់តែ​សំណូមពរ​ដល់​សមត្ថកិច្ច​ជួយ​ចាប់​ជនល្មើស​មក​ផ្តន្ទាទោស​តាម​ច្បាប់​៕