ខេត្តស្វាយរៀង ៖ រឿងរ៉ាវដ៏ចម្លែកមួយបានកើតឡើងទៅលើស្ត្រីពរពោះរយៈ១០ខែម្នាក់ទើបសម្រាលកូន តែភ្លាមៗបែរជាសត្វពស់ចម្លែកមកពាំកូនយកទៅបាត់ ធ្វើឱ្យស្ត្រីជាម្តាយស្រែកឲ្យគេជួយរហូតសន្លប់ និងបង្កឲ្យមានការភ្ញាក់ផ្អើលដល់អ្នកស្រុករត់មកជួយ ។ ហេតុការណ៍ចម្លែកកើតឡើងកាលពីវេលាម៉ោង៤និង២០នាទីរសៀលថ្ងៃ០៧ វិច្ឆិកា កន្លងមក ស្ថិតនៅភូមិរមាំងថ្កោល ឃុំរមាំងថ្កោល ស្រុកស្វាយទាប ។ នេះជាអះអាងរបស់ស្ត្រីរងគ្រោះជាម្តាយ ។

បើតាមស្ត្រីរងគ្រោះឈ្មោះសេង រតនា ហៅស្រីហ៊ុច អាយុ២៦ឆ្នាំ មុខរបរជាកម្មការនី បានប្រាប់អះអាងកោះសន្តិភាពថា នាងមានប្តីឈ្មោះនុត ចិន្តា អាយុ២៩ឆ្នាំ មុខរបរកម្មកររោងចក្រ បានរៀបការរួច មានកូនប្រុសម្នាក់ឈ្មោះផាន់ សេងលីគង់ អាយុ៥ឆ្នាំ ហើយក៏មានផ្ទៃពោះកូនទី២ ។ ហើយកូនទី២នេះ គឺពរពោះ១០ខែទើបសម្រាល តែជាអកុសល ត្រូវសត្វពស់ចម្លែកដ៏ធំមកពាំយកទៅបាត់ ធ្វើឲ្យនាងភ័យតក់ស្លុតដួលសន្លប់នៅកន្លែងកើតហេតុ ។

នាងសេង រតនា បានប្រាប់កោះសន្តិភាព នៅព្រឹកថ្ងៃទី១៣ វិច្ឆិកា ២០២២ ថា នៅមុនពេលមានផ្ទៃពោះកូនទី២ នេះ គឺបានដេកយល់សប្តិឃើញសត្វពស់ដ៏ធំមករុំជើងជាប់ ដោយភ័យពេកក៏ភ្ញាក់ឡើងនិយាយប្រាប់ប្តីតាមដំណើររឿង។ ចាប់ពីពេលមានផ្ទៃពោះបាន៤ខែ ក៏មានសត្វពស់ជាច្រើនមកវារនៅលើដំបូលផ្ទះ មានតូចមានធំ គឺឃើញនៅពេលថ្ងៃតែម្តង ។ ជួនកាលឃើញសត្វពស់មកនៅលើមាត់អាងទឹកក្នុងបន្ទប់ទឹកបើកវែកដាក់នាង ពេលនោះស្រែកហៅប្តីពស់នោះវាចេញទៅបាត់។

ហើយករណីឃើញសត្វពស់ លូនមកនៅលើដំបូលផ្ទះគឺញឹកញាប់ណាស់ក្នុង១ខែឃើញ២ទៅបីដង ក៏ប៉ុន្តមិនចាប់អារម្មណ៍ដោយខាងក្រោយផ្ទះមានដើមឈើច្រើន ដូចព្រៃមានស្មៅដុះច្រើនទៀត ទើបសត្វពស់មានច្រើន ។ នាងសេងរតនា បន្តទៀតថា ពេលមានផ្ទៃពោះ គឺទៅពិនិត្យផ្ទៃពោះរាល់ខែនិងបើកថ្នាំរក្សាគភ៌លេបរាល់ខែ ហើយបានទៅឆ្លុះអេកូចំនួន០៤ដង មើលលើកទី១ មើលមិនច្បាស់ឃើញព្រាលៗ គ្រូពេទ្យប្រាប់ថា មានផ្ទៃពោះហើយ។

ឆ្លុះអេកូលើកទី២ ក៏មើលឃើញមិនច្បាស់ដែរ ពេលមើលលើកទី៣ទើបឃើញ គ្រូពេទ្យប្រាប់ថា
ជាកូនស្រី ។ នាងនិងប្តីត្រេកអរខ្លាំងណាស់ ដោយកូនទី១ប្រុស ឯកូនទី២ឆ្លាស់មកបានកូនស្រី ហើយផ្ទៃពោះចេះតែវិវត្តធំឡើងៗខុសធម្មតា សង្ស័យជាកូនភ្លោះទើបទៅឆ្លុះអេកូម្តងទៀត គ្រូពេទ្យប្រាប់ថា ឃើញកូនតែមួយទេ គឺកូនស្រីខណៈនោះ បុរសជាឪពុកនាងបង្កើតបានថតរូបភាពចៅនៅក្នុងអេក្រង់កុំព្យូទ័រទុកមើលទៀតផង ។ នាងបន្តទៀតថា រហូតពពោះគម្រប់៩ខែ ទៅពិនិត្យផ្ទៃពោះគ្រូពេទ្យប្រាប់ថា មកធ្វើអីគ្រប់ខែហើយ។ រីឯខាងរោងចក្របានឲ្យឈប់សម្រាក១ខែ និងបើកប្រាក់៥០ភាគរយ។
លុះគ្រប់៩ខែ១០ថ្ងៃ នាងនិងប្តីបានទៅសុំច្បាប់សម្រាលកូន ខាងរោងចក្រក៏បានឲ្យសម្រាកនិងបើកប្រាក់ខែឲ្យ៣ខែ បានប្រាក់៤៨០ដុល្លារ ក៏ប៉ុន្តែដល់ថ្ងៃត្រូវសម្រាលហើយ មិនសម្រាលសោះលើសថ្ងៃ គឺត្រូវពពោះរហូតដល់១០ខែ គត់ចាស់ទុំ និងឳពុកម្តាយបានពិភាក្សាគ្នាកូនពរពោះលើសខែ២០ថ្ងៃហើយ មិនស្រួលទេ គឺត្រូវតែទៅពេទ្យវះ យកកូន ទុកយូរខ្លាចគ្រោះថ្នាក់ ដោយថ្ងៃចន្ទ័ជាថ្ងៃសម្រាកបុណ្យអុំទូកផង គិតគ្នាថា ទុកយូរមិនបានទេ គឺស្អែកថ្ងៃ អង្គារ៍ទី០៨ ទៅមន្ទីរពេទ្យខេត្តស្វាយរៀង សុំពេទ្យវះយកកូនតែម្តងទៅ។

ប្រភពបន្តទៀតថា លុះដល់ម៉ោង៤រសៀលថ្ងៃដដែល មានអាការៈឈឺពោះ ចំណែកឳពុកម្តាយមិនៅផ្ទះ រីឯប្តីបានទៅជប់លៀងខួបកំណើតប្អូនជីដូនមួយនៅចុងភូមិ រូបនាងដេកនៅលើគ្រែក្នុងរោងខាងមុខផ្ទះ ដោយមានកូននិងក្មេងៗតូចៗ២បីនាក់លេងនៅក្បែរោង ស្រាប់តែឈឺពោះ ក៏ទូរសព្ទ័ហៅប្តីឲ្យត្រឡប់មកផ្ទះវិញ តែតេចូលហើយប្តីមិនលើក។

បន្ទាប់មក ដូចជាវិលមុខវង្វេង ហើយដូចមានគេមកនាំឲ្យទៅក្រោយផ្ទះ ក៏ចុះដើរទៅតាមគេលុះដល់ចំហៀងផ្ទះជិតទ្រុងមាន់ ក៏ត្រូវគេឲ្យអង្គុយទៅលើដី រួចកន្ធែកជើង ដូចជាមានមនុស្សមកជួយបង្កើតកូន ខណៈនោះកូនបានកើតចេញមកផុតសារុង ផ្កាប់មុខ មើលទៅដឹងច្បាស់ថា ជាកូនស្រី សម្បុរសរ សក់ខ្មៅរលើប ស្រាប់តែមានសត្វពស់ដ៏ធំប៉ុនពាងលូបើកពពារ ហើយហារមាត់មកពាំកូនរបស់នាង នាងក៏ប្រតាយយកជើងធាក់ពស់នោះ ក៏ប៉ុន្តែមិនត្រូវសត្វពស់នោះទេ ត្រូវជញ្ជាំងស័ង្កសីធ្លាយសត្វពស់នោះពាំកូនយកទៅបាត់ នាងខំស្រែកឲ្យគេជួយកូនប្រុសនាងក៏ស្រែកឲ្យគេជួយ ពេលនោះ អ៊ុំស្រីបានរត់មកដល់ឃើញនាងសន្លប់បាត់ទៅហើយ ។ អ៊ុំស្មានថាខ្យល់គរ បានដកសក់ពេលឃើញមានឈាមនៅក្នុងថ្នក់សំពត់ក៏ឆោឡោអ្នកជិតខាងមកដល់សែងស្ត្រីរងគ្រោះមកដាក់លើគ្រែហើយហៅរថយន្តដឹកទៅមន្ទីរពេទ្យខេត្តស្វាយរៀងដើម្បីសង្គ្រោះ។

ប្រភពបន្តទៀតថា នៅថ្ងៃទី៨ វិច្ឆិកា វេលាម៉ោង៣និង៥នាទីរសៀល ប្តីឮសូរកូនង៉ាយំ នៅកន្លែងសម្រាល ខណៈនោះ បុរសជាប្តីរត់ទៅមើលតែបាត់សម្លេងយំមិនឃើញ។ ហើយនៅពេលយប់វេលាម៉ោង១រំលងអធ្រាត ប្អូនៗរបស់ប្តីជនរងគ្រោះដែលមកដេកកំដបានឮសម្លេងកូនង៉ាយំនៅកន្លែងស្ត្រីរងគ្រោះសម្រាលកូនទៀត ។ ពួកគេនាំគ្នាក្រោកហើយដើរទៅរកមើលស្រាប់តែឮសម្លេងមនុស្សសើច ហើយក៏បាត់សម្លេងរកមើលក៏ពុំមានឃើញអ្វីដែរ។
លុះព្រឹកឡើង បងប្រុសជីដូនមួយឈ្មោះអេង សោភណ្ឌ័ អាយុ៤៩ឆ្នាំ មកសួរសុខទុក្ខប្អូនស្រី ហើយបានដើរទៅមើលកន្លែងកើតហេតុក៏បានឃើញចេកគេសែន ក៏ឃ្លានចូលទៅកាច់ផ្លែកចេកសែន២ផ្លែ យកមកហូប ហើយក៏លា ត្រឡប់ទៅផ្ទះវិញ ស្រាប់តែងងិតមុខដួលម៉ូតូម្នាក់ឯងរបួសដៃនិងជង្គង់ ក៏ឡើងជិះម៉ូតូត្រឡប់មកផ្ទះប្អូនវិញជិះបានបន្តិចក៏ដួលម៉ូតូម្តងទៀតធ្វើឲ្យរបួសដៃម្ខាងទៀត ។

ចំណែកប្អូនៗខាងប្តី៣នាក់មកដេកកំដរ លុះជិះម៉ូតូឌុបគ្នាត្រឡប់ទៅផ្ទះវិញដល់លើផ្លូវជាតិលេខ១ ក៏ជួបគ្រោះថ្នាក់ចរាចរណ៍ស្លា.ប់ម្នាក់ អាយុ១៧ឆ្នាំ និង២នាក់ជិះខាងក្រោយរបួសធ្ងន់ ត្រូវបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្តស្វាយរៀង។ ចាស់ទុំក៏ទៅរកគ្រូទាយទស្សទាយមើលមានគ្រូនៅស្វាយរៀង២នាក់ទាយដូចៗគ្នាថា ទារិកានេះ មានបារមី បង់បទ គេយកកូនគេមកផ្ញើពោះ ហើយឥឡូវដល់ពេលគេមកយកវិញ ដោយចាស់ទុំបម្រុងវះកាត់ប៉ះពាល់ដល់កូនគេ ទើបគេមកយកមុន។ ចំណែកគ្រូទាយម្នាក់ទៀត នៅខេត្តបាត់ដំបងក៏ទស្សទាយដូចគ្នាថា នេះជាព្រះនាងតូចរបស់ពួកគេ គេយកទៅវិញហើយ និងមានបារមីបង់បទ គេលាក់បំបាំងទុកមិនឲ្យឃើញ គេស្រឡាញ់ព្រះនាងតូចគេណាស់ ។

ចំណែកនាងរងគ្រោះនិងប្តីបានអុចធូបអង្វរសុំឲ្យប្រគល់កូនមកនាងវិញមក នាងចង់ឃើញមុខកូននាង ចង់ដឹងថា តើកូននាងនៅមានជីវិត ឬមានទឹកដោះបៅដែរឬទេ សុខទុក្ខយ៉ាងណាសុំថែទាំងអស់គ្នា។ ហើយនៅតែរង់ចាំកូនជានិច្ចសូមឲ្យបារមី ពស់បង់បទមេត្តា នាំកូនឲ្យនាងវិញ។ នាងបាននិយាយថា កាលពីនាងនៅក្មេងនាងធ្លាប់ទៅឃ្វាលគោនៅទួលបុរាណ គឺទួលអង្គ ឬវត្តទួលនៅខាងលិចផ្ទះប្រមាណ១គីឡូម៉ែត្រដែលមានប្រសាទបុរាណ ជិតវត្តព្រះទន្លេ ស្ទើរាលថ្ងៃ គឺតែងតែជួបសត្វពស់បង់បទលូននៅទួលនោះជួនឡើងលេងលើកំពូលប្រាសទជួបពស់នៅលើកំពូលប្រាសាទ គឺពស់ធំណាស់តែនាងមិនខ្លាច ។

តែក្រោយមក អំឡុងឆ្នាំ២០១២ នាងឈប់បានទៅទួលប្រសាទវត្តទួលទៀត ដោយនាងចូលធ្វើការរោងចក្ររហូតបច្ចុប្បន្ន។ ហើយមកដល់ថ្ងៃទី១២ វិច្ឆិកា នេះ ម្តាយធ្លាក់ខ្លួនឈឺទៀត ទើបនៅរសៀលម៉ោង២ ក៏បាននិមន្តព្រះសង្ឃ២អង្គមកសូត្តមន្តបណ្តោះគ្រោះ និងធ្វើពែរឲ្យគេ និងបន់ស្រន់សុំឲ្យអ្នកតាបង់បទកុំយកកូននាងទៅលាក់អី សូមប្រគល់កូនឲ្យនាងវិញ ។

យ៉ាងណានេះគឺជារឿងមួយដែរមិនគួរឲ្យជឿ ហើយក៏ជារឿងអបិយជំនឿបានកើតឡើងដូចជារឿងព្រេងនិទាន តែវាជាការពិត ដោយនាងឆ្លងទន្លេ ភ្លាមមានសត្វពស់មកពាំយកកូនទៅបាត់ ធ្វើឲ្យមហាជនភ្ញាក់ផ្អើលជាខ្លាំង ដោយអ្នកភូមិស្គាល់នាងនិងដឹងថា នាងមានផ្ទៃពោះពិតប្រកដហើយផ្ទៃពោះធំសំបើមដូចជាកូនភ្លោះ ។ ហើយអ្វិកាន់តែឆ្ងល់ទៀតនោះ ពេលនាងសម្រាលកូន គឺមានឈាមធ្លាក់បន្តិចបន្តួច ហើយមិនឃើញធ្លាក់សុក ។

ពេលនាយសន្លប់យកទៅដល់មន្ទីរពេទ្យខេត្តគ្រូពេទ្យពិនិត្យទៅមិនជឿថា ជាស្ត្រីដែលឆ្លងទន្លេ ក៏យកទៅអេកូ ក៏រកមិនឃើញកូននៅក្នុងផ្ទៃគឺពោះទទេ ពោះស្អាតគ្មានឈាមដក់ក្នុងពោះឬធ្លាក់តាមទ្វាទេ ហើយពេលនាងដឹងខ្លួនវិញ គឺហាក់ដូចជាស្ត្រីជាធម្មតា មានកម្លាំងធម្មតា ម្តាយឳពុកក៏នាំមកផ្ទះវិញ និងតាមរកកូនដែលបាត់ទៅ ។មកដល់ថ្ងៃទី១៣ វិច្ឆិកា នេះ គឺកម្លាំងជាធម្មតា វិញហើយ ។ តើបងប្អូនប្រិយមិត្តយល់យ៉ាងណាដែរ ចំពោះរឿងដ៏ចម្លែកនេះ?
ព័ត៌មានបន្ថែមកោះសន្តិភាពនឹងមានផ្សាយជូនបន្ត ។

ចែករំលែកព័តមាននេះ