កាត់​ក្បាល​តម្រូវ​មួក បក្ស​ប្រឆាំង​នឹង​រុះរើ​សមាសភាព​អនុប្រធាន​ទាំង​3 ប្រសិនបើ​ក្រសួងមហាផ្ទៃ OK


រាជធានី​ភ្នំពេញ ៖ គណបក្ស​សង្គ្រោះ​ជាតិ​នឹង​រុះរើ​អនុប្រធាន​ទាំង​៣​រូប​ប្រសិនបើ ក្រសួងមហាផ្ទៃ​ទទួលស្គាល់​សមាជ​វិសាមញ្ញ​នៅ​ថ្ងៃ​ទី​២៥ មេ​សា កន្លង​មក ដោយ​ជ្រើសរើស​អនុប្រធាន​តែ​មួយ​រូប​វិញ​ដើម្បី​ឱ្យ​ស្រប​តាម​លក្ខន្តិកៈ​របស់​ខ្លួន​ប្រៀប​ដូច​កាត់​ក្បាល​តម្រូវ​មួក ។

លោក អេ​ង ឆៃ​អ៊ា​ង អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ធ្លាប់​បាន​លើក​ឡើង​ថា ប្រការ​៤៧​ថ្មី​ចែង​ថា ក្នុង​ករណី​ប្រធាន​គណបក្ស​ទទួលមរណភាព លាឈប់ បាត់បង់​សមាជិកភាព ឬ​បាត់បង់​សមត្ថភាព​ដឹកនាំ​គណបក្ស​ដែល​បញ្ជាក់​ដោយ​គណៈកម្មការ​នាយក គណបក្ស បើ​អាណត្តិ​នៅ​តិច​ជា​១៦​ខែ​អនុប្រធាន​មួយ​រូប ដែល​មាន​អាយុ​ច្រើន​ជាងគេ​ត្រូវ​មាន​តួនាទី​ជា​ប្រធាន​គណបក្ស​រហូត​ដល់​ចប់​អាណត្តិ ។

អាណត្តិ​លើស​ពី​១៦​ខែ គណៈកម្មការ​អចិន្ត្រៃយ៍​ត្រូវ​កំណត់ពេល​ធ្វើ​សមាជ​វិសាមញ្ញ​ដើម្បី​ជ្រើសរើស​ប្រធាន​គណបក្ស និង​អនុប្រធាន​គណបក្ស​ថ្មី ក្នុង​រយៈពេល​យ៉ាង​យូរ​៣០​ថ្ងៃ រហូត​ដល់​ពេល​ចប់​អាណត្តិ​។ និង​ករណី​ដែល​មិន​មាន​អនុប្រធាន គណៈកម្មការ​នាយក​ត្រូវ​ជ្រើសរើស​អនុប្រធាន​ថ្មី​មួយ​រូប​ពី​ក្នុង​ចំណោម​សមាជិក​របស់​ខ្លួន​ដោយ​សំឡេង​ភាគច្រើន​ដាច់ខាត​៥០​ភាគរយ​បូក​១​នៃ​សមាជិក​គណៈកម្មការ​នាយក​ទាំងមូល ដើម្បី​ជួយ​ការងារ ប្រធាន​គណបក្ស​រហូត​ដល់​ចប់​អាណត្តិ ។

យ៉ាងណា​ក្តី​បើ​តាម​មន្ត្រី​គណបក្ស​សង្គ្រោះ​ជាតិ​ម្នាក់​បាន​ឲ្យ​ដឹង​ថា ប្រសិនបើ​ក្រសួងមហាផ្ទៃ ទទួលស្គាល់​សមាជ​វិសាមញ្ញ​នោះ គណៈកម្មការ​នាយក​គណបក្ស​អាច​នឹង​ជ្រើសរើស​លោក ប៉ុ​ល ហំ​ម ជា​អនុប្រធាន​ភាគច្រើន ។ ព្រោះ​លោក​មាន​អាយុ​ច្រើន វ័យ​ចំណាស់​ជាងគេ ក្នុង​ចំណោម​សមាជិក​គណៈកម្មការ​នាយក​ទាំងអស់​។

ទោះបីជា​បែប​ណា បើ​និយាយ​ពី​ការ​ចែក​កម្លាំង​គ្នា​ឱ្យ​ត្រូវ​តាម​ការ​រួបរួម​រវាង​គណបក្ស​សម រ​ស្ស៊ី និង​គណបក្ស​សិទ្ធិ​មនុស្ស​ដែល​មុន​នេះ​លោក​សម រ​ង្ស៊ី ធ្វើ​ប្រធាន លោក​កឹ​ម សុខា ធ្វើ​អនុប្រធាន ហើយ​ពេល​នេះ​លោក​កឹ​ម សុខា ធ្វើ​ប្រធាន​គណបក្ស ដូច្នេះ​គួរតែ​អនុប្រធាន​បាន​ទៅ​លើ​កូតា​មន្ត្រី​គណបក្ស​សម រ​ង្ស៊ី ។

លោក ខៀវ សុភ័គ អ្នកនាំពាក្យ​ក្រសួងមហាផ្ទៃ​បាន​ឲ្យ​ដឹង​នៅ​ថ្ងៃ​ទី​២៧ ខែមេសា​ថា​រដ្ឋបាល​ក្រសួងមហាផ្ទៃ​បាន​ទទួល​លិខិត​គណបក្ស​សង្គ្រោះ​ជាតិ​កាលពី​ល្ងាច​ថ្ងៃ​ទី​២៦ មេ​សា​រួច​ហើយ​ទាក់ទង​នឹង​ខ្លឹមសារ​ធ្វើ​វិសោធនកម្ម​ប្រការ​៤៧​ថ្មី​(១) ក្នុង​សមាជ​វិសាមញ្ញ​កន្លង​មកនេះ ។

លោក​ថា ក្រុមការងារ​បាន​រៀបចំ​ដាក់​ជូន​សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដើម្បី​ពិនិត្យ​ហើយ ប៉ុន្តែ​មិន​ទាន់​ដឹង​ថា​នឹង​សម្រេច​នៅ​ថ្ងៃ​ណា​នោះ​ទេ​។

លោក​បញ្ជាក់​ថា​៖ «​ប្រហែលជា​ទុក​ពេលវេលា ដើម្បី​ឲ្យ​មានការ​ពិនិត្យ​លម្អិត​បន្តិច​។ មិនមែន​មក​ភ្លាម​ពិនិត្យ​ភ្លែត​នោះ​ទេ ជាង​នេះ​ក្នុង​ច្បាប់​ក៏​មិន​កំណត់​ថា គេ​ដាក់​មក​ប៉ុន្មាន​ថ្ងៃ​ទើប​ឆ្លើយ​តប​នោះ​ដែរ ដូច្នេះ​ឯកសារ​នេះ​នឹង​ធ្វើ​ទៅ​តាម​លំដាប់លំដោយ​»​។

យ៉ាងណា​ក្តី​បើ​តាម​មន្ត្រីជាន់ខ្ពស់​ក្រសួងមហាផ្ទៃ​រូប​នេះ​ឲ្យ​ដឹង​ថា ក្រសួង​នឹង​ខិតខំ​ពិនិត្យ​មើល​លក្ខន្តិកៈ​ថ្មី​របស់​គណបក្ស​សង្គ្រោះ​ជាតិ​ឲ្យ​បាន​លឿន​ដែល​អាច​ធ្វើ​ទៅ​បាន ដើម្បី​បញ្ជូន​ឲ្យ​គណបក្ស​សង្គ្រោះ​ជាតិ​វិញ ថា​តើ​លក្ខន្តិកៈ​នោះ​ពិតជា​ត្រឹមត្រូវ ឬ​មិន​ត្រូវ ?

គណបក្ស​សង្គ្រោះ​ជាតិ​បាន​បញ្ជូន​លក្ខន្តិកៈ​ដែល​មាន​៩​ជំពូក និង​៥៨​ប្រការ​ទៅ​ក្រសួងមហាផ្ទៃ​ភ្លាម​ៗ​ក្រោយ​ពី​បាន​ធ្វើ​វិសោធនកម្ម​ប្រការ​៤៧​ថ្មី​ទៅ​ប្រការ​៤៧​ថ្មី​(១) ដោយ​សម្រេច​លុប​ចេញ​រយៈពេល​នៃ​ការ​ជ្រើសរើស​អនុប្រធាន​បក្ស​នៅ​ក្នុង​អង្គ​សមាជ​វិសាមញ្ញ​កាលពី​ថ្ងៃ​ទី​២៥ មេ​សា កន្លង​មក ។

អនុប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ លោក អេ​ង ឆៃ​អ៊ា​ង ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​ស្រង់​សំដី​ផ្សាយ​ថា គណបក្ស​សង្គ្រោះ​ជាតិ​នឹង​ជ្រើសរើស​អនុប្រធាន​គណបក្ស​ជា​ថ្មី​នៅ​ក្រោយ​ពេល​ក្រសួងមហាផ្ទៃ ទទួលស្គាល់​លក្ខន្តិកៈ​ថ្មី​ដែល​បាន​កែប្រែ​នោះ ។

ក្រសួងមហាផ្ទៃ មិន​បាន​ទទួលស្គាល់​សមាជ​វិសាមញ្ញ​របស់​គណបក្ស​សង្គ្រោះ​ជាតិ កាលពី​ថ្ងៃ​ទី​២ មីនា​កន្លង​ទៅ​នោះ​ទេ​។ ប៉ុន្តែ​ក្រសួង​បាន​ទទួលស្គាល់ លោក កឹ​ម សុខា ជា​ប្រធាន​បក្ស និង​មិន​បាន​ទទួលស្គាល់​អនុប្រធាន​៣​រូប​មាន លោក អេ​ង ឆៃ​អ៊ា​ង លោក ប៉ុ​ល ហំ​ម និង​លោកស្រី មូរ សុខ​ហួរ ដោយ​ក្រសួង​បញ្ជាក់​ពី​មូលហេតុ​ថា ការ​រៀបចំ​ក្បាលម៉ាស៊ីន​ដឹកនាំ​ថ្មី​ធ្វើ​ឡើង​ខុស​លក្ខន្តិកៈ​ដែល​តម្កល់​នៅ​ក្រសួងមហាផ្ទៃ​កាលពី​ឆ្នាំ​២០១២ ៕

Facebook Google Twitter Email

សូម​ subscribe Channel Youtube របស់​កោះ​សន្តិភាព​លោក​​អ្នក​នឹង​ទទូល​បាន​ព័ត៌មាន​ជា​វីដេអូ​ថ្មី​ៗ​បន្ថែម​ទៀត សូម​អគុណ!!!!!

​នយោបាយ

អត្រាប្តូរប្រាក់

អត្រាប្តូរប្រាក់ផ្សេងទៀត

Live

Sponsored News

To Top

ការស្ទង់មតិគេហទំព័រថ្មី




សូម​អរគុណ