ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

បញ្ជូន​ជនជាតិ​វៀតណាមស្នាក់នៅ​ខុសច្បាប់​៦​នាក់ ទៅ​ប្រទេស​ដើម​វិញ

6 ឆ្នាំ មុន

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​វៀតណាម​០៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ បន្ទាប់​ពី​រក​ឃើញ​ថា ឆ្លង​ដែន​ចូល​មក​ដោយ​ខុសច្បាប់ និង​ស្នាក់​នៅ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី

ខេត្តមណ្ឌលគិរី ៖ ជនជាតិ​វៀតណាម​០៦​នាក់ ត្រូវ​បាន​សមត្ថកិច្ច​កម្ពុជា​បញ្ជូន​ទៅ​ប្រទេស​វៀតណាម​វិញ បន្ទាប់​ពី​រក​ឃើញ​ថា ឆ្លង​ដែន​ចូល​មក​ដោយ​ខុសច្បាប់ និង​ស្នាក់​នៅ​ក្នុង​ទឹកដី​ខេត្តមណ្ឌលគិរី ដោយ​បន្លំ​ខ្លួន​ជា​កម្មករ​ក្រុមហ៊ុន​ដី​សម្បទាន​កៅស៊ូ ប៊ិ​ញ​ហ្វឿ​ក​១ ភូមិសាស្ត្រ​ឃុំ​ស្រែ​ឈូក ស្រុក​កែវ​សីមា​។ ការ​ឃាត់ខ្លួន​សាកសួរ​គឺ​បាន​ធ្វើ​ឡើង​កាលពី​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ ក្រោម​ការ​ចុះ​អនុវត្តន៍​ពី​នគរបាល​អន្តោប្រវេសន៍ នៃ​អធិការដ្ឋាន​ស្រុក​កែវ​សីមា​។

សមត្ថកិច្ច​បានឱ្យ​ដឹង​ថា ជនជាតិ​វៀតណាម​ទាំងនោះ មាន​ស្រី​ចំនួន​០២​នាក់ និង​ប្រុស​០៤​នាក់​។ ពួក​គេ​បាន​ចូល​មក​កម្ពុជា​តាម​ច្រករបៀង​ស្ថិត​ក្នុង​ដែន​សមត្ថកិច្ច​វរៈ​កា​ពារ​លេខ​៦១៧ ក្នុង​ទឹកដី​ស្រុក​មេមត់ ខេត្ត​ត្បូងឃ្មុំ និង​បន្ត​ស្នាក់​នៅ​ក្នុង​ក្រុមហ៊ុន​សម្បទាន​សេដ្ឋកិច្ច​ឈ្មោះ​ប៊ិ​ញ​ហ្វឿ​ក​០១​រយៈពេល​ជាង​១​ខែ ដើម្បី​ធ្វើ​ជា​កម្មករ​របស់​ក្រុមហ៊ុន​។ សមត្ថកិច្ច​ថា ពួក​គេ​មានស្រុក​កំណើត និង​ទីលំនៅ​ខេត្ត​តៃ​និ​ញ ប្រទេស​វៀតណាម មាន​អាយុ​ចន្លោះ​ពី​១៧​ទៅ​២០​ឆ្នាំ​។

ទោះជា​យ៉ាងណា​ក្រោយ​ការ​សាកសួរ​ពី​មន្ត្រី​អន្តោប្រវេសន៍ ពលករ​លួច​ឆ្លង​ដែន​ទាំង​០៦​នាក់ ត្រូវ​បាន​បញ្ជូន​ចេញពី​កម្ពុជា តាម​ច្រក​ទ្វេភាគី​ឡា​ប៉ា​ខេ ក្នុងស្រុក​កែវ​សីមា ខេត្តមណ្ឌលគិរី នា​ថ្ងៃ​ទី​២៨ មេ​សា​នេះ​។ ពាក់ព័ន្ធ​នឹង​ការ​ទទួល​ជនអន្តោប្រវេសន៍​មក​ធ្វើការ​ក្នុង​ក្រុមហ៊ុន ខុសច្បាប់ និង​នីតិវិធី​ច្បាប់​នេះ​ផង​ដែរ តំណាង​ក្រុមហ៊ុន​ប៊ិ​ញ​ហ្វឿ​ក អ្នកកាសែត​មិន​អាច​ស្វែងរក​ការ​បញ្ជាក់​បន្ថែម​បាន​នោះ​ទេ នា​ថ្ងៃ​២៨​មេ​សា​នេះ​៕