ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រុម​ញៀន​អាប៉ោង​៤​នាក់ ត្រូវ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ជា​ថ្នូរ​នឹង​លុយរាប់​ពាន់​ដុល្លារ

6 ឆ្នាំ មុន

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​យ៉ាងតិច​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ឧដុង្គ​ធ្វើ​ឃាត់ខ្លួន ខណៈ​កំពុង​អង្គុយ​ចាក់​អាប៉ោង​ក្នុង​ក្បែរ​គុម្ពោត​ព្រៃ​ជិត​មាត់​អូរ​មួយ​កន្លែង ដោយ​ដកហូត​បាន​អាប៉ោង​ចំនួន​៤​គ្រាប់

ខេត្តកំពង់ស្ពឺ ៖ មនុស្ស​យ៉ាងតិច​៤​នាក់​ត្រូវ​បាន​សមត្ថកិច្ច​ស្រុក​ឧដុង្គ​ធ្វើ​ឃាត់ខ្លួន ខណៈ​កំពុង​អង្គុយ​ចាក់​អាប៉ោង​ក្នុង​ក្បែរ​គុម្ពោត​ព្រៃ​ជិត​មាត់​អូរ​មួយ​កន្លែង ដោយ​ដកហូត​បាន​អាប៉ោង​ចំនួន​៤​គ្រាប់ លុយរាប់​ម៉ឺន​រៀល ព្រមទាំង​សម្ភារ​មួយ​ចំនួន​ជា​វត្ថុ​តាង​ធ្វើ​របាយការណ៍​បញ្ជូន​ទៅ​កាន់​ស្នងការដ្ឋាន​នគរបាល​ខេត្ត​ចាត់ការ​បន្ត​នោះ ពេល​នេះ​ត្រូវ​បាន​គេ​រត់ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​វិញ​ហើយ​ជា​ថ្នូរ​នឹង​លុយរាប់​រយ​ពាន់​ដុល្លារ​ឯណោះ​។

ការ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ក្រុម​ញៀន​ល្បែង​អាប៉ោង​ទាំងស្រី​ទាំងប្រុស​ចំនួន​៤​នាក់​នោះ​គឺ​ធ្វើ​ឡើង​កាលពី​ល្ងាច​ថ្ងៃ​ទី​២៧ ខែមេសា ឆ្នាំ​២០១៧ បន្ទាប់​ពី​នគរបាល​ស្រុក​ឧដុង្គ​បញ្ជូន​មក​ដល់​ស្នងការដ្ឋាន​នគរបាល​ខេត្តកំពង់ស្ពឺ​បាន​មួយ​យប់​ប៉ុណ្ណោះ​។ តាម​ការ​បង្ហើប​ឲ្យ​ដឹង​ពី​មន្ត្រី​នគរបាល​ខេត្តកំពង់ស្ពឺ​មួយ​រូប​និយាយ​ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ការ​ដោះ​លែង​ក្រុម​ញៀន​ល្បែង​អាប៉ោង​៤​នាក់​នេះ​ជា​ថ្នូរ​នឹង​លុយ​ជិត​១​ពាន់​ដុល្លារ​ឯណោះ ហើយ​ការ​ដោះ​លែង​នេះ​មាន​អ្នក​រត់ការ​ម្នាក់​ជា​អ្នកមាន​អំណាច និង​មាន​តួនាទី​ជា​នាយការិយាល័យ​ទៀត​ផង ដោយ​មនុស្ស​មាន​អំណាច​នោះ​គេ​ស្គាល់​អស់លោក​ថ្នាក់​ធំ​ៗ ក្នុង​ខេត្តកំពង់ស្ពឺ​ច្រើន ហើយ​រាល់​ការ​រត់ការ​របស់​លោកនាយ​នោះ​តែងតែបាន​សម្រេច​ជា​ច្រើន​លើក​មក​ហើយ ដោយ​គេ​ចេះ​លូន​ចេះ​ក្រាប​នឹង​ចេះ​ទ្រ​ទៀត​។

តាម​ប្រភព​ព័ត៌មាន​ពី​មន្ត្រី​នគរបាល​ស្រុក​ឧដុង្គ​ម្នាក់​បាន​លួច​បង្ហើប​ថា ក្រុម​ញៀន​ល្បែង​អាប៉ោង​ទាំង​៤​នាក់​នោះ មាន​ម្នាក់​ធ្លាប់​ត្រូវ​ឃាត់ខ្លួន​ធ្វើ​កិច្ចសន្យា​ម្តង​រួច​មក​ហើយ​មិន​រៀងចាល​ទាល់តែ​សោះ​គឺ​ឈ្មោះ នុ​ត ន​ន អាយុ​៥៧​ឆ្នាំ ជា​មេ​ទៀត​ផង​។​នគរបាល​នៅ​តាម​បណ្តា​ស្រុក​មួយ​ចំនួន​បាន​លួច​ខ្សឹប​ថា​ពួក​គាត់​លែង​ចង់​ធ្វើ​ការងារ​ហើយដោយ​សារ​តែ​ពួក​គាត់​ខិតខំ​ធ្វើការ​បង្ក្រាប​រាល់​បទល្មើស​ជា​ពិសេស​ល្បែងស៊ីសង​ខុសច្បាប់​ដែល​សម្តេច​ក្រឡាហោម ស ខេ​ង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ​ដាក់​បញ្ជា​ឲ្យ​ធ្វើការ​បង្ក្រាប​នោះ។

ប៉ុន្តែ​ដល់​ពួក​គាត់​នៅ​តាម​បណ្តា​ស្រុក​ជា​ច្រើន​ព្យាយាម​បង្ក្រាប​បាន​បញ្ជូន​មក​ដល់​ការិយាល័យ​ជំនាញ​ស្នងការ​ខេត្ត ស្រាប់តែ​ត្រូវ​ដោះ​លែង​ឲ្យ​មាន​សេរីភាព​ទៅ​វិញ តើ​ពួក​គាត់​មាន​កម្លាំង​ឯណា​ធ្វើការ​បង្ក្រាប​ទៀត​បើ​ធ្វើ​តែ​របៀប​នេះនោះ​។ ការ​ចុះ​បង្ក្រាប​នោះ​ពួក​គាត់​ចំណាយ​ពេលវេលា ចំណាយ​ទាំង​ថវិកា​ផ្ទាល់ខ្លួន​ទៀត ហើយ​ប្រឈម​មុខជា​មួយ​ក្រុម​ជនល្មើស​ទាំងនោះ​ទៀត​ផង តើ​ឯណា​ទៅ​ភូមិ ឃុំ​មាន​សុវត្ថិភាព​៩​ចំណុច ដែល​ថ្នាក់លើ​បាន​កំណត់​នោះ បើ​ថ្នាក់​បន្ទាប់​ដោះ​លែង​រហូត​ជា​ថ្នូរ​នឹង​លុយ​មិន​គិត​ពី​សុខទុក្ខ និង​សុវត្ថិភាព​របស់​ប្រជាពលរដ្ឋ​ផង​នោះ ហើយ​ក្រុម​ជនខិលខូច​ស្អប់​តែ​ពួក​គាត់​នៅ​តាម​មូលដ្ឋាន​នោះ​ទេ​។

គួរ​រំលឹក​ផង​ដែល​ថា កាលពី​វេលា​ម៉ោង​២​និង​៣០​នាទី​រសៀល ថ្ងៃ​ទី​២៥ ខែមេសា ឆ្នាំ​២០១៧ កម្លាំង​អធិការដ្ឋាន​ស្រុក​ឧដុង្គ​បាន​ឃាត់​ក្រុម​អ្នក​ញៀន​ល្បែង​អាប៉ោង​ប្រុស​ស្រី​ចំនួន​៤​នាក់ នៅ​ចំណុច​មាត់​អូរ​ខាងជើង​ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។ ដែល​មាន ទី​១-​ឈ្មោះ នុ​ត ន​ន ភេទ​ប្រុស អាយុ ៥៧​ឆ្នាំ មុខរបរ​មេអាប៉ោង រស់នៅ​ក្នុងភូមិ​តា​លីង ឃុំ​ក្សេមក្សាន្ត ស្រុក​ឧដុង្គ ទី​២-​ឈ្មោះ នៅ រិ​ទ្ធី ភេទ​ប្រុស អាយុ​៤៣​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ ទី​៣-​ឈ្មោះ យ៉ុ​ង រ៉ុ​ន ភេទ​ស្រី អាយុ​៣៧​ឆ្នាំ​មុខរបរ​មិន​ពិតប្រាកដ រស់​ក្នុង​នៅ​ភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ និង​ទី​៤-​ឈ្មោះ ប៉ន រ៉េ​ម ភេទ​ស្រី អាយុ​ជាង​៤០​ឆ្នាំ មុខរបរ​មិន​ពិតប្រាកដ រស់នៅ​ក្នុងភូមិ​ក្រាំង​ទំនប់ ឃុំ​ចាន់​សែន ស្រុក​ឧដុង្គ ខេត្តកំពង់ស្ពឺ​។

ក្រោយ​ឃាត់ខ្លួន​ក្រុម​ញៀន​ល្បែង​ខាងលើ​នេះ​សមត្ថកិច្ច​ដកហូត​វត្ថុ​តាង​ដើម្បី​ដាក់បន្ទុក​រួម​មាន មេអាប៉ោង​ចំនួន​៤​គ្រាប់ ចាន​១ ផ្តឹ​ល​១ លុយ​ដុល្លា​មាន​ចំនួន​(១០៥​ដុល្លារ​) លុយ​ខ្មែរ​ចំនួន​៣៦០.០០០​រៀល និង​ទូរ​សព្ទ័​ចាស់​ៗ​ចំនួន​៣​គ្រឿង​ទៀត​ផង​។ នៅ​ចំពោះ​មុខ​សមត្ថកិច្ច​មេ​បាញ់អាប៉ោង​ឈ្មោះ នុ​ត ន​ន បាន​និយាយ​បែប​មិន​ខ្លាចរអា​អស់លោក​សមត្ថកិច្ច​សោះ​ថា គាត់​មិន​ចេះ​ធ្វើស្រែ​នោះ​ទេ​ហើយ​ការ​លេង​អាប៉ោង​នេះ​មិនមែន​ទើបតែ​លេង​នោះ​ទេ គឺ​គាត់​លេង​តាំងពី​ឆ្នាំ​៧៩​មក​ម្លេះ​។

មេអាប៉ោង​រូប​នេះ​បន្ត​ថា បើ​ចង់​ឲ្យ​គាត់​ឈប់​លេង​ទាល់តែ​ដាក់គុក​គាត់​កុំ​លែង បើ​លែង​គាត់​នៅ​តែ​លេង​ដដែល​។ ឥឡូវ​ដូច​អ្វី​ដែល​លោក នុ​ត ន​ន ប្រាថ្នា​ហើយ​បាន​ដោះ​លែង​ឲ្យ​មាន​សេរីភាព​លេងល្បែង​អាប៉ោង​ទៀត ពិបាក​ដល់​សមត្ថកិច្ច​ស្រុក​ឧដុង្គ​ចាប់​ទៀត​ហើយ​មើលទៅ​។ ប៉ុន្តែ​មិនបាច់​ចាប់​ក៏​បាន​ដែរ​បើ​ចាប់​បាន​ហើយ​ថ្នាក់លើ​ដោះ​លែង​វិញ​នោះ ទុក​លោក នុ​ត ន​ន មេអាប៉ោង​តាំងពី​ឆ្នាំ​១៩៧៩ នៅ​ធ្វើ​គ្រូបង្រៀន​ដល់​កូនចៅ​ជំនាន់​ក្រោយ​ឲ្យ​ចេះ​លេងល្បែង​អាប៉ោង​ដូច​រូប​លោក​តទៅ​ទៀត​ដើម្បី​ឲ្យ​មាន​អ្នក​ស្នង​៕