ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

សម្រេច​ឃុំខ្លួន​ចុងភៅ​ចិន​ម្នាក់ ខ្មែរ​ម្នាក់​ជា​បណ្តោះអាសន្ន​ពី​បទ​ឃាតក.ម្ម​គិត​ទុកជា​មុន

6 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហេង កេស​រោ នៅ​ថ្ងៃ​ទី​២៦ មេ​សា ២០១៧ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្

រាជធានី​ភ្នំពេញ ៖ ទីបំផុត​ចៅក្រម​សាលាដំបូង​រាជធានី​ភ្នំពេញ លោក ហេង កេស​រោ នៅ​ថ្ងៃ​ទី​២៦ មេ​សា  ២០១៧ បាន​ចេញ​ដីកា​សម្រេច​ឃុំខ្លួន​បុរស​ជនជាតិ​ចិន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ក្រោម​ការ​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​គិត​ទុក​មុន តាម​មាត្រា​២០០​នៃ​ក្រមព្រហ្មទណ្ឌ ពាក់ព័ន្ធ​ការ​សម្លាប់​ថៅកែ​ហាង​ម្ហូប​ចិន​យក​សព​ទៅ​ទម្លាក់​ចោល​នៅ​ស្ពាន​អ្នក​លឿង​។ ចំណែក​បុរស​ជនជាតិ​ខ្មែរ​ម្នាក់​ទៀត​ដែល​ជួយ​ជ្រោមជ្រែង​ជន​ដៃដល់​ដឹក​សព​យក​ទៅ​បោះចោល ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន​។

ជន​ត្រូវ​ចោទ​ទាំង​២​នាក់​ត្រូវ​បាន​បញ្ជូន​ទៅ​កាន់​ពន្ធនាគារ​ព្រៃ​សរួច​ហើយ ។ សូម​រំលឹក​ថា នៅ​ព្រឹក​ថ្ងៃ​ទី​២១ មេ​សា ២០១៧ សមត្ថកិច្ច​បាន​នាំ​ជន​ដៃដល់​ទៅ​ចង្អុលបង្ហាញ​ទីកន្លែង​ដែល​ពួក​គេ​ទម្លាក់​សាកសព​ជន​រង​គ្រោះ​ចូល​ទឹកទន្លេ​ដើម្បី​បញ្ជាក់​ឲ្យ​ក្រុម​គ្រួសារ​សព​អស់​មន្ទិល​សង្ស័យ ព្រោះ​កន្លង​មកនេះ​គ្រួសារ​ជន​រង​គ្រោះ​មិន​ជឿ​ថា សាកសព​ជា​សមាជិកគ្រួសារ​របស់​ខ្លួន​ទេ ដោយសារ​សាកសព​ហើម​ស្អុយរលួយ​បាត់​ទ្រង់ទ្រាយ​ដើម​អស់​ទៅ​ហើយ​។

ជនសង្ស័យ​ដែល​សមត្ថកិច្ច​ចាប់ខ្លួន​ម្នាក់​ឈ្មោះ GAO KEYAN ភេទ​ប្រុស អាយុ​៤០​ឆ្នាំ ជា​ជនជាតិ​ចិន និង​មានមុខរ​បរជា​ចុងភៅ​នៅ​ហាង​អាហារ​របស់​ជន​រង​គ្រោះ ហើយ​ម្នាក់​ទៀត​ឈ្មោះ ម៉ុង ចំរើន ភេទ​ប្រុស អាយុ​២១​ឆ្នាំ ជនជាតិ​ខ្មែរ ជា​បក្ខពួក​របស់​ជន​ដៃដល់ ។ កាលពី​ថ្ងៃ​ទី​១២ មេ​សា ២០១៧ មាន​ករណី​ចាប់​ថៅកែ​ហាង​ភោ​ជនី​ដ្ឋា​ន​មួយ​កន្លែង ជា​ជនជាតិ​ចិន​ម្នាក់ នៅ​ខណ្ឌ​ពោធិ​សែន​ជ័យ ដើម្បី​ជំរិត​ទារប្រាក់ ប៉ុន្តែ​ក្រោយមក​ព័ត៌មាន​នោះ​បាន​ស្ងាត់បាត់​ឈឹង​ទៅ​វិញ​។

លុះដល់​វេលា​ម៉ោង​៥ និង​៤៥​នាទី​ព្រឹក ថ្ងៃ​ទី​១៣ មេ​សា ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ​សាកសព​ជនជាតិ​ចិន​ម្នាក់​ស្លាប់​អណ្តែត​ទឹកទន្លេ នៅ​ចំណុច​ភូមិ​ព្រែក​បាក់ ឃុំ​ព្រែក​ទន្លាប់ ស្រុក​លើក​ដែក ខេត្តកណ្តាល ដែល​សាកសព​នោះ​មិន​ត្រូវ​បាន​ស្គាល់​អត្តសញ្ញាណ​ទេ ។ ពាក់ព័ន្ធ​ករណី​នេះ បន្ទាប់​ពី​មាន​ព័ត៌មាន​អំពី​ករណី​ជំរិត​ទារប្រាក់ សមត្ថកិច្ច​នគរបាល​ព្រហ្មទណ្ឌ​កម្រិត​ធ្ងន់​រាជធានី​ភ្នំពេញ និង​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ក្រសួងមហាផ្ទៃ បាន​បើក​ការ​ស៊ើបអង្កេត​លើ​បទល្មើស​ជំរិត​ទារប្រាក់​នេះ ដោយ​យោង​ទៅ​លើ​ក្រុម​គ្រួសារ​ជនជាតិ​ចិន​ម្នាក់​បាន​បាត់​សមាជិក​របស់​ខ្លួន​។

ក្រោយ​ពី​សមត្ថកិច្ច​រួម​គ្នា​សហការ​បើក​ការ​ស៊ើបអង្កេត ទើប​ដឹង​ពីមុខ​សញ្ញា​ឧក្រិដ្ឋ​ដែល​ធ្វើ​សកម្មភាព​នោះ ហើយ​ក៏​ទទួល​បាន​បទបញ្ជា​ពី​លោកនាយ​ឧត្តមសេនីយ៍ កង សុ​ខន អគ្គស្នងការ​ង​នគរបាល​ជាតិ ទទួល​ការងារ​នគរបាល​ព្រហ្មទណ្ឌ និង​លោកនាយ​ឧត្តមសេនីយ៍​អគ្គស្នងការ​រង ទទួល​ស្នងការ​នគរបាល​រាជធានី​ភ្នំពេញ បាន​ចង្អុលបង្ហាញ​ទៅ​នាយកដ្ឋាន​នគរបាល​ព្រហ្មទណ្ឌ​ដែល​មាន​លោក​ឧត្តមសេនីយ៍ឯក សុខ ខេ​ម​រិ​ន្ទ ជា​ប្រធាន និង​បាន​អនុញ្ញាត​ឲ្យ​លោក​ឧត្តមសេនីយ៍ទោ ង៉េ​ង ជួរ អនុប្រធាន​នាយកដ្ឋាន​ចុះ​សហការ​ជាមួយ​នាយកដ្ឋាន​នគរបាល​សន្តិសុខ នគរបាល​ការិយាល័យ​ព្រហ្មទណ្ឌ​រាជធានី​ភ្នំពេញ និង​បាន​សហការ​ជាមួយ​លោក​ឧត្តមសេនីយ៍ទោ ជួន ណា​រិ​ន្ទ ស្នងការ​នគរបាល​ខេត្ត​ព្រះ​សីហ​នុ ក្រោម​ការ​សម្របសម្រួល​ពី​ស្ថាប័ន​អយ្យការ​បាន​ចាប់​ជនសង្ស័យ​នៅ​ក្រុងព្រះសីហនុ ហើយ​បញ្ជូន​មក​រាជធានី​ភ្នំពេញ​។

ចំណែក​រឿង​ពិត​ពាក់ព័ន្ធ​ការ​បាត់​ខ្លួន​ថៅកែ​ហាង​ជនជាតិ​ចិន​តាំងពី​មុន​ថ្ងៃ​ចូល​ឆ្នាំ​ខ្មែរ​រហូត​ប្រទះ​ឃើញ​សាកសព​នោះ ថៅកែ​ចិន​ដែល​ស្លាប់​បាន​ដេញ​ជនសង្ស័យ​ឈ្មោះ GAO KEYAN ឲ្យ​ឈប់​ធ្វើ​ចុងភៅ​នៅ​ហាង​នោះ​។ ដោយសារ​តែ​រឿង​នេះ​ជនសង្ស័យ​បាន​មានគំនិត​ខឹង​ថៅកែ​ចិន ក៏​ផ្តើមគំនិត​ចាប់​ថៅ​ចិន​យក​ទៅ​ឃុំ​ទុក​មួយ​កន្លែង ហើយ​គំរាម​ទារប្រាក់​ពី​ក្រុម​គ្រួសារ​។ ប៉ុន្តែ​ការ​ជំរិត​នោះ​មិន​បាន​ប្រាក់ ជន​ដៃដល់​បាន​សម្លាប់​ជន​រង​គ្រោះ ហើយ​រួម​គ្នា​ជាមួយ​ជនសង្ស័យ​ខ្មែរ​ម្នាក់​ដឹក​សាកសព​ជន​រង​គ្រោះ​តាម​រថយន្ត​ម៉ា​កវី​ស្តូ ជា​កម្មសិទ្ធិ​របស់​ជន​រង​គ្រោះ​យក​សព​ទៅ​ទម្លាក់​ចោល​នៅ​ទឹកទន្លេ​អ្នក​លឿង ទើបបាន​សព​នោះ​អណ្តែត​ទៅ​ដល់​ចំណុច​ខាងលើ ដែល​ប្រជាពលរដ្ឋ​បាន​ប្រទះ​ឃើញ តែ​មិន​ស្គាល់​អត្តសញ្ញាណ​។

លោក ខៀវ ផល្លា ព្រះរាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ កាលពី​ថ្ងៃ​ទី​២៥ មេ​សា ២០១៧ បាន​សម្រេច​ចោទប្រកាន់ GAO KEYAN ពី​បទ​ឃាតកម្ម​គិត​ទុកជា​មុន ចំណែក​ឈ្មោះ ម៉ុង ចំរើន ត្រូវ​បាន​ចោទប្រកាន់​ពី​បទ​សមគំនិត​ក្នុង​អំពើ​ឃាតកម្ម​គិត​ទុកជា​មុន តាម​មាត្រ​២៩​នៃ​ក្រមព្រហ្មទណ្ឌ​៕