ខេត្តបន្ទាយមានជ័យ ៖ យ៉ាងហោចណាស់មានមនុស្ស២នាក់បានស្លា.ប់បាត់បង់ជីវិត និង០៣នាក់ទៀត រងរបួសធ្ងន់-ស្រាលក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍រវាងម៉ូតូ០៣គ្រឿងបុកបន្តគ្នា បង្កឱ្យមានការភ្ញាក់ផ្អើលកាលពីវេលាម៉ោង០៩និង១០នាទីយប់ ថ្ងៃទី០៧ ខែវិច្ឆិកា ឆ្នាំ២០២២ នៅលើផ្លូវជាតិលេខ៥៩ ត្រង់ចំណុចចន្លោះបង្គោលគីឡូលេខ៧-៨ ស្ថិតនៅក្នុងភូមិរស្មីសាមគ្គី សង្កាត់និមិត្ត ក្រុងប៉ប៉ ខេត្តបន្ទាយមានជ័យ។
![Picture]()
នគរបាលបានបញ្ជាក់ថា នៅមុនពេលកើតហេតុ មានម៉ូតូហុងដាឌ្រីម០១គ្រឿង បើកបរពីកើតទៅលិច បានបុកជាមួយម៉ូតូអ៊ិចសិនទ័រ ដែលបើកបរពីលិចទៅកើតច្រាសទិសគ្នា បណ្តាលអោយដួល បន្ទាប់មកមានម៉ូតូម៉ាកហុងដាវ៉េវ០១គ្រឿងទៀតបើកបរពីកើតទៅលិច ក៏បានជ្រុលមកបុកបន្តគ្នាទៀត បណ្តាលឱ្យមនុស្ស២នាក់បានស្លា.ប់ និងមនុស្ស៣នាក់ទៀតរងរបួសធ្ងន់-ស្រាល។
នគរបាលបានបន្តថា ក្នុងហេតុការណ៍ខាងលើនេះ ម៉ូតូហុងដាឌ្រីមជិះគ្នា០២នាក់ស្លា.ប់ទាំង០២នាក់ រួមមាន៖ ១- ឈ្មោះ ហាក់ ជីចា ភេទស្រី អាយុ១៤ឆ្នាំ មុខរបរសិស្ស រស់នៅភូមិសូរិយា សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លា.ប់នៅកន្លែងកើតហេតុ), ២- ឈ្មោះ ផៅ ឃឹម ភេទស្រី អាយុ១៥ឆ្នាំមុខរបរសិស្ស រស់នៅភូមិអន្លង់ស្វាយ សង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (ស្លា.ប់នៅកន្លែងកើតហេតុ)។
![Picture]()
ប្រភពដដែលបន្តថា ចំណែកម៉ូតូម៉ាកអ៊ិចសិនទ័រ ជិះគ្នា០២នាក់រងរបួសធ្ងន់ទាំង០២នាក់ រួមមាន ៖ ១-ឈ្មោះ ដែន ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ និង២- ឈ្មោះ តិក ភេទប្រុស អាយុ១៩ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់អន្លង់ស្វាយ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ។ ជនរងគ្រោះទាំង០២នាក់ ត្រូវបានរថយន្តសង្គ្រោះដឹកយកទៅមន្ទីរពេទ្យ។ ចំណែកឯខាងម៉ូតូវ៉េវ រងរបួសស្រាលម្នាក់ មានឈ្មោះ ឃុន នី ភេទប្រុស អាយុ២២ឆ្នាំ មុខរបរកម្មករ រស់នៅភូមិអូរអំពិល សង្កាត់ទួលពង្រ ក្រុងប៉ោយប៉ែត ខេត្តបន្ទាយមានជ័យ (រងរបួសស្រាល) ត្រូវបានសាច់ញាតិដឹកយកទៅពេទ្យ។
![Picture]()
នគរបាលបានបញ្ជាក់ថា ក្នុងករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ នៅមិនដឹងពីមូលហេតុនោះទេ គឺស្ថិតក្នុងការស្រាវជ្រាវ ហើយចំពោះវត្ថុតាងម៉ូតូរងការខូចខូចធ្ងន់ចំនួន០២គ្រឿង (ម៉ាកហុងដាឌ្រីម និងម៉ូតូអ៊ិចសិនទ័រ) ចំណែកម៉ូតូម៉ាកវ៉េវ រងការខូចខាតស្រាល ហើយត្រូវបានយកមករក្សាទុកនៅប៉ុស្តិ៍រដ្ឋបាលសង្កាត់និមិត្ត ក្រុងប៉ោយប៉ែត ដើម្បីរង់ចាំធ្វើការស្រាវជ្រាវពីមូលហេតុ និងដោះស្រាយនៅពេលក្រោយ៕
ចែករំលែកព័តមាននេះ