ពិធីប្រណាំងទូករយៈពេល២ថ្ងៃ មានភ្ញៀវមកមើលកំសាន្តប្រមាណជិត៩ម៉ឺននាក់
- ស្វាយរៀង
ពិធីប្រណាំងទូករយៈពេល២ថ្ងៃនៅខេត្តបន្ទាយមានជ័យ មានភ្ញៀវមកមើលកំសាន្តប្រមាណជិត៩ម៉ឺននាក់ ដែលត្រូវបានបិទការប្រណាំងនៅល្ងាច
ពិធីប្រណាំងទូករយៈពេល២ថ្ងៃនៅខេត្តបន្ទាយមានជ័យ មានភ្ញៀវមកមើលកំសាន្តប្រមាណជិត៩ម៉ឺននាក់ ដែលត្រូវបានបិទការប្រណាំងនៅល្ងាច
ខេត្តបន្ទាយមានជ័យ ៖ ពិធីប្រណាំងទូករយៈពេល២ថ្ងៃនៅខេត្តបន្ទាយមានជ័យ មានភ្ញៀវមកមើលកំសាន្តប្រមាណជិត៩ម៉ឺននាក់ ដែលត្រូវបានបិទការប្រណាំងនៅល្ងាចថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ នៅដងស្ទឹង ក្រោយសាកលវិទ្យាល័យជាតិមានជ័យ ក្រុងសិរីសោភ័ណ។
ក្នុងពិធីបិទការប្រណាំងទូក ឯកឧត្តម អ៊ុរាត្រី អភិបាលខេត្តបន្ទាយមានជ័យ បានមានប្រសាសន៍ថា ប្រណាំងទូកខេត្តបន្ទាយមានជ័យ ដើម្បីអបអរសាទរពិធីប្រណាំងទូកបណ្តែតប្រទីប និងសំពះព្រះអកអំបុក ដែលបានរៀបចំការប្រណាំងរយៈពេល២ថ្ងៃ គឺចាប់ពីថ្ងៃ០៤ ដល់ថ្ងៃទី០៥ ខែវិច្ឆិកា ឆ្នាំ២០២២ ដែលមានចំនួន២៦ទូក មានចំណុះ៥នាក់រហូតដល់៧៥នាក់ ។
ឯកឧត្តមបានបញ្ជាក់ថា លទ្ធផលការប្រណាំងទូករយៈពេល២ថ្ងៃនេះ ទូកចំណុះ៧០នាក់ដែលជាប់ចំណាត់ថ្នាក់លេខ១ មានឈ្មោះថា «សុវណ្ណរាជសីហ៍បារមីបន្ទាយមហានគរ» លេខ២ បានទៅលើទូកឈ្មោះ «មង្គលបូរីមានជ័យបារមីនាយកនសន្តិភាព» និងលេខ៣ បានទៅលើទូកឈ្មោះ «ពិសីមានជ័យបារីស្រីស្អាត»។ ចំណែកទូកចំណុះ៤៥នាក់ លេខ១ បានទៅលើទូក «តេជោសែនជ័យបារមីនាគរាជ» លេខ២ បានទៅលើទូក «ព្រះពន្លាមានជ័យស្រីក្រឡេកញញឹម»។
ឯកឧត្តមបានបញ្ជាក់ថា រីឯទូកចំណុះ២២នាក់ លេខ១ បានទៅលើទូកឈ្មោះ «សាមគ្គីមានជ័យបារមីសារាយអណ្តែត» លេខទី២ បានទៅលើទូកឈ្មោះ «មហាលាភម៉ៅម៉ាល័យមានជ័យ» និងលេខ៣ បានទៅលើទូកឈ្មោះ «សន្ទុះនាគរាជសែនជ័យបារមីមានឬទ្ធិ» និងទូកចំណុះ៥នាក់ លេខ១ បានទៅលើទូកឈ្មោះ «កូនសារាយតូច» លេខ២ បានទៅលើទូកឈ្មោះ «បុប្ផាជាយដែន» និងលេខ៣ បានទៅលើទូកឈ្មោះ «មច្ឆាជ្រែកទឹក»។
ឯកឧត្តម កែ គឹមយ៉ាន ឧបនាយករដ្ឋមន្ត្រី និងជាប្រធានអាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀ.នបានមានប្រសាសន៍ថា ជាលទ្ធផលការប្រណាំងទូកចំណុះ៤៥នាក់មាន៣ទូក លេខ១ទទួលបានពាន១ ទង់១ ថវិការ៦លានរៀល, ចំណាត់ថ្នាក់លេខ២ ថវិកា៥លានរៀល និងចំណាត់ថ្នាក់លេខ៣ ថវិកា៤លានរៀល។ ទូកចំណុះ៤០នាក់ មាន២ទូក លេខ១ ទទួលពាន និងទង់១។ ទូកចំណុះ២២នាក់ មាន១៤ទូក លេខ១ ទទួលបានពាន១ ទង់១ ថវិការ៤លានរៀល។ ទូកចំណុះ៥នាក់ មាន៥ទូក លេខ១ ទទួលបានពាន១ ទង់១ ថវិការ៥សែនរៀល។
លោក ឈឿន សេរីវុធ ប្រធានមន្ទីរទេសចរណ៍ខេត្តបន្ទាយមានជ័យ បានប្រាប់ដែរថា ការប្រណាំងទូកនៅខេត្តបន្ទាយមានជ័យ គឺមានរយៈពេល២ថ្ងៃ ហើយក៏មានភ្ញៀវមកមើលកំសាន្តសរុបចំនួន ៨៨.៦២១នាក់ ក្នុងនោះមានភ្ញៀវបរទេសចំនួន២១នាក់ (នៅថ្ងៃទី០៤ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវមកមើលកំសាន្តចំនួន៣៦.២៤០នាក់ និងថ្ងៃទី៥ ខែវិច្ឆិកា ឆ្នាំ២០២២ មានភ្ញៀវមកមើលកំសាន្តចំនួន៥២.៣៨១នាក់)៕
ចែករំលែកព័តមាននេះ