រាជធានីភ្នំពេញ ៖ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាលោក សុខ ឥសាន បានអះអាងថា លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិកំពុងតែមួលបង្កាច់ប្រវត្តិសាស្ត្រ។
លោកសុខ ឥសាន អ្នកនាំពាក្យគណបក្សកាន់អំណាចបានឲ្យដឹងតាមប្រព័ន្ធតេឡេក្រាមថា អ្នកណាក៏បានដឹងហើយថា នៅពេលដែលប្រជាជនកម្ពុជាកំពុងរងទុក្ខវេទនាដោយសារសង្គ្រាម៥ឆ្នាំ ១៩៧០-១៩៧៥ និងរងការធ្វើទុក្ខទោសពីរបបខ្មែរក្រហមប្រល័យពូជសាសន៍ ៣ឆ្នាំ ៨ខែ និង២០ថ្ងៃ សម រង្សី កំពុងរស់នៅយ៉ាងសុខសាន្តឯប្រទេសបារាំងឯណោះ មិនបានដឹងសុខទុក្ខរបស់ប្រជាជនទាល់តែសោះ។ ហេតុនេះហើយបានជា សម រង្សី និយាយព្រាវ៍ៗ ពីរបបខ្មែរក្រហម ដោយមិនដឹងក្បាលកន្ទុយអ្វីទាំងអស់ ចេះតែប៉ាតណាប៉ាតណីយកម៉ាឈ្នះដៃ បោកប្រាស់បានប៉ុន្មានយកប៉ុននោះ តាមលទ្ធភាព ។
លោកបន្តថា ដោយសារខ្លួនមិនដែលដឹងការលំបាកវេទនាក្នុងរបបប៉ុលពត ហើយមកនាំគ្នាធ្វើបុណ្យបង្សុកូលរំលឹកវិញ្ញាណក្ខន្ធអ្នកដែលបានស្លាប់ទៅនោះ វាជាការឲ្យហួសចិត្តណាស់ ធ្វើនេះគ្មានអ្វីក្រៅពីបោកប្រាស់ចិត្តប្រជាជនទេ ។
ប្រវត្តិសាស្ត្រពិតគឺ ថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា គឺជាអ្នកមានស្នាដៃវាយផ្តួលរំលំពួកខ្មែរក្រហមប៉ុលពត ។ ដោយសារស្នាដៃនេះហើយបានជាអស់លោកអ្នកនយោបាយអាចមានមុខមកធ្វើនយោបាយនៅស្រុកខ្មែរ ហើយសម រង្ស៊ី អាចមានមុខមកក្រឡុកផ្ទៃក្នុងកម្ពុជាបានម៉ាសេរី ។ ប៉ុននឹងហើយនៅមិនអស់ចិត្តទៀត ធ្វើទាល់តែអស់តួនាទីរលីងពីខ្លួន នៅសល់តែគូថខោ បានសមមុខ ដូចឪពុកឈ្មោះ សម សារី ជាជនក្បត់ជាតិងាប់នៅក្រៅប្រទេសទើបអស់ចិត្ត ។
លោកសម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងក្នុងបណ្តាញសង្គមហ្វេសប៊ុកថា ថ្ងៃ១៧ មេសា ២០១៧ នេះ គឺជាខួបទី៤២ នៃថ្ងៃឡើងកាន់អំណាចរបស់ពួកខ្មែរក្រហម ដឹកនាំដោយ ប៉ុល ពត កាលពីឆ្នាំ១៩៧៥ ដែលជាថ្ងៃចាប់ផ្តើមការសម្លាប់រង្គាលមកលើប្រជារាស្ត្រខ្មែរ។ក្នុងរយៈពេល២០ឆ្នាំចុងក្រោយនេះ មានតែគណបក្ស សម រង្ស៊ី និង គណបក្សសង្គ្រោះជាតិទេ ដែលតែងតែប្រារព្ធពិធីស្មឹងស្មាធ និងឧទ្ទិសបុណ្យកុសលដល់ដួងវិញ្ញាណក្ខន្ធជនរងគ្រោះរាប់លាននាក់ ដែលបានបាត់បង់ជីវិត។
ចែករំលែកព័តមាននេះ