ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ស័ក្ដិ​4​បា.ញ់​ស័ក្ដិ​4​ធ្លាយ​ស្មា​នៅ​ច្រក​ទ្វារ​ព្រំដែន​ប៉ោយ​ប៉ែ​ត

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា លោកនាយ​ឧត្ដមសេនីយ៍​អគ្គនាយក បាន​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ឱ្យ​ដក​មន្ត្រី​

រាជធានី​ភ្នំពេញ ៖ តាម​ប្រភព​ពី​នាយកដ្ឋាន​អន្តោប្រវេសន៍ ឱ្យ​ដឹង​ថា លោកនាយ​ឧត្ដមសេនីយ៍​អគ្គនាយក បាន​ស្នើ​ទៅ​ក្រសួងមហាផ្ទៃ​ឱ្យ​ដក​មន្ត្រី​ក្រោម​ឱវាទ​ឈ្មោះ ឈាន ពិសិដ្ឋ ចេញពី​ក្របខ័ណ្ឌ​មន្ត្រី​នគរបាល​អន្តោប្រវេសន៍ បន្ទាប់​ពី​ប៉ូលិស​ស័ក្ដិ​៤​រូប​នោះ បាន​បាញ់​ប៉ូលិស​ស័ក្ដិ​៤​អន្តោប្រវេសន៍ ដែល​ធ្វើការ​ជាមួយ​គ្នា​ឲ្យ​របួស​ត្រង់​ស្មា ហើយ​បាន​គេចខ្លួន​បាត់ ។

បើ​រំលឹក​ពី​ឈ្មោះ ឈាន ពិសិដ្ឋ នេះ ត្រូវ​បាន​គេ​នឹក​ទៅ​ដល់​រឿង​ដួល​ធ្វើ​ជា​សន្លប់​កណ្ដាលផ្លូវ​មុខ​រថយន្ដ លោក ឌិន វុ​ទ្ធី ដែល​ជា​ប្រធាន​សមាគម​ពង្រឹង​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ ដោយ​ចោទ​ថា រថយន្ដ​បុក ។ សូ​ម្បី​លោក ឌិន វុ​ទ្ធី ខ្លួនឯង​ក៏​មិន​នឹក​ស្មានថា​រឿង​ដួល​មុខ​រថយន្ដ​ចោទ​ថា​បុក​ទៅ​វិញ​បែប​នេះ​ទេ ។ អ្វី​ដែល​គួរ​ឱ្យ​កត់សម្គាល់​ពេល​នោះ គឺ​លោក ឈាន ពិសិដ្ឋ ដែល​ជា​នាយ​រង​ប៉ូលិស​អន្ដោប្រវេសន៍​ច្រក​ប៉ោយ​ប៉ែ​ត ត្រូវ​បាន​អង្គភាព​តុលាការ រហូត​ដល់​មន្ដ្រីជាន់ខ្ពស់​នានា ចេញ​មុខ​គាំទ្រ​ពី​ការ​ដួល​មុខ​រថយន្ដ​នោះ​ទៀត​ផង ធ្វើ​ឱ្យ​លោក ឌិន វុ​ទ្ធី ត្រូវ​ចាប់ខ្លួន​ដាក់​ពន្ធនាគារ​ជា​បណ្ដោះអាសន្ន ហើយ​ក៏​ត្រូវ​បាន​ដោះ​លែងឱ្យ​នៅ​ក្រៅ​ឃុំ​បណ្ដោះអាសន្ន​របស់​សាលាឧទ្ធរណ៍ ។

ពេល​នេះ​កើត​មានរឿង​ថ្មី​ទៀត ដែល​ប្រព្រឹត្ដិ​ឡើង​ដោយ​នាយ​ប៉ូលិស​អន្ដោប្រវេសន៍​រូប​នេះ បាន​បង្ហាញ​ថា មន្ដ្រី​ប៉ូលិស​ម្នាក់​នេះ​បាន «​លក់​មុខ​» ថ្នាក់លើ​របស់​ខ្លួន​គួរ​ឱ្យ​អាម៉ាស​ណាស់ ។ អគ្គស្នងការ​រង​នគរបាល​ជាតិ និង​ជា​អគ្គនាយក​នៃ​អគ្គនាយកដ្ឋាន​អន្តោប្រវេសន៍ ក្រសួងមហាផ្ទៃ លោកនាយ​ឧត្ដមសេនីយ៍ សុខ ផល ត្រូវ​បាន​វិទ្យុ​អាស៊ី​សេរី​នៅ​ព្រឹក​ថ្ងៃ​ទី​១០ មេ​សា បាន​ផ្សាយ​ថា ការ​ស្នើ​ដក​មន្ត្រី​រូប​នេះ ជា​ការ​អនុវត្ត​តាម​វិន័យ​កងកម្លាំង និង​ដើម្បី​ឲ្យ​ជន​រង​គ្រោះ​ប្ដឹង​បុគ្គល​នោះ​ទៅ​តុលាការ​តាម​ច្បាប់ ។ លោក ឈាន ពិសិដ្ឋ ក៏​មិន​បាន​បង្ហាញខ្លួន​ដល់​ប្រធាន​អង្គភាព​ដែល​បាន​កោះហៅ​មក​បំភ្លឺ​នៅ​ព្រឹក​ថ្ងៃ​ដដែល​នេះ​ដែរ ដែល​តាម​ប្រភព​ថា លោក ពិសិដ្ឋ ទំនង​ដាក់​សាប៊ូ​គូទ​ផ្លោង​ខ្លួន​ចូល​ស្រុក​ថៃ​បាត់​ទៅ​ហើយ ។

មានរឿង​ធំ​មួយ​កើតឡើង​កាលពី​ថ្ងៃ​ទី​០៩ មេ​សា មានការ​ផ្ទុះអាវុធ​មួយ​ក្នុង​ប៉ុស្តិ៍​ប៉ូលិស​អន្តោប្រវេសន៍​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត​។ ហេតុការណ៍​កើតឡើង​នេះ​ត្រូវ​បាន​មន្ត្រី​នគរបាល​អន្តោប្រវេសន៍​ច្រក​ទ្វារ​ព្រំដែន​ប៉ោយ​ប៉ែ​ត ឲ្យ​ដឹង​ថា នាយរង​ប៉ុស្តិ៍​អន្តោប្រវេសន៍​លោក ឈាន ពិសិដ្ឋ បាន​បាញ់​មន្ត្រី​នគរបាល​ធ្វើការ​ជាមួយ​គ្នា គឺ​នាយ​ផ្នែក​សេនាធិការ លោក សេ​ម មក​រា ពីក្រោយ​បណ្ដាល​ឲ្យ​របួស​ត្រង់​ស្មា តែ​មិន​ប៉ះពាល់​ដល់​អាយុជីវិត​ទេ ដោយសារ​តែ​ការ​បាញ់​នេះ​មិន​ចំ​គោលដៅ ។

ចំណែក​មន្ត្រី​ប៉ូលិស​រង​គ្រោះ គឺ​លោក សេ​ម មក​រា ត្រូវ​បាន​ប្រភព​ដកស្រង់​សម្ដី​ថា នៅ​ថ្ងៃ​កើតហេតុ​នោះ លោក​បាន​ហៅ​បុគ្គល​ដែល​មាន​ជម្លោះ​នឹង​គ្នា គឺ​លោក ឈាន ពិសិដ្ឋ និង​មន្ត្រី​បំពេញបែបបទ​ឆ្លង​ដែន លោក គឹ​ម កែវ​រក្សា មក​ធ្វើការ​អប់រំ ។ ពេល​នោះ​ឈ្មោះ ឈាន ពិសិដ្ឋ បាន​ជិះ​រថយន្ត​មក​ដល់ ហើយ​ស្រែក​ជេរ​ខ្លាំង​ៗ ទៅ​លើ​រូប​លោក​តែ​ម្ដង ដោយ​មិន​បានដឹង​ពី​មូលហេតុ​អ្វី​ច្បាស់លាស់​ឡើយ ។

លោក​ក៏​បាន​ចេញពី​បន្ទប់​មក​សួរនាំ ហើយ ក៏​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​វិញ ស្រាប់តែ​ឈ្មោះ ឈាន ពិសិដ្ឋ ដក​កាំភ្លើង​បាញ់​មក​លើ​រូប​លោក​ពីក្រោយ​ក្នុង​ចេតនា​ប៉ុនប៉ង​សម្លាប់ តែ​សំណាងល្អ​គ្រាប់​ត្រូវ​ចំ​ស្មា ។ លោកនាយ​ផ្នែក​សេនាធិការ​រូប​នេះ​ប្រាប់​ទៀត​ថា លោក​នឹង​ដាក់​បណ្តឹង​ទៅ​ថ្នាក់ដឹកនាំ​ដេ​ី​ម្បី​ទាមទារ​រក​យុត្តិធម៌ ។

ករណី​រង​ការ​ចោទប្រកាន់​ខាង​លើ លោក​សក្ដិ​៤ ឈាន ពិសិដ្ឋ មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ ដោយ​ទូរស័ព្ទ​របស់​លោក​ចុច​មិន​ចូល​ជា​ច្រើ​ន​ដង​ខណៈ​ប្រភព​ពី​សមត្ថកិច្ច​និយាយ​ថា ក្រោយ​កើត​មាន​បញ្ហា​លោក ឈាន ពិសិដ្ឋ បាន​ចេញពី​កម្ពុជា​ទៅ​ប្រទេស​ថៃ មិន​ទាន់​វិល​ត្រឡប់​នៅឡើយ​ទេ គិត​ត្រឹម​ព្រលប់​ថ្ងៃ​ដដែល​នោះ ។
ជុំវិញ​បញ្ហា​ខាង​លើ លោក​ឧត្តមសេនីយ៍ត្រី ស៊ឹ​ម សំអាត នាយ​ប៉ុស្តិ៍​នគរបាល​អន្តោប្រវេសន៍​ព្រំដែន​ច្រក​ទ្វារ​អន្តរជាតិ​ប៉ោយ​ប៉ែ​ត មិន​អាច​ទាក់ទង​សុំ​ការ​បំភ្លឺ​បាន​ទេ​នៅ​រសៀល​ថ្ងៃ​ដដែល​នេះ ។

យោង​តាម​របាយការណ៍​បំភ្លឺ​ពី​ការ​ផ្ទុះអាវុធ​ចំនួន​មួយ​គ្រាប់​នៅ​ក្នុង​អង្គភាព គឺ​ប៉ុស្ដិ៍​នគរបាល​ច្រក​ទ្វារ​ព្រំដែន​អន្ដរជាតិ​ប៉ោយ​ប៉ែ​ត បានឱ្យ​ដឹង​ថា កាលពី​ថ្ងៃ​ទី​៧ ខែមេសា ឆ្នាំ​២០១៧ វេលា​ម៉ោង​១៩​និង​៣០​នាទី លោក​អនុសេនីយ៍ទោ នៅ លី​ដា ដែល​ជាម​ន្ដ្រី​ផ្នែក​រដ្ឋបាល បាន​យក​លិខិតឆ្លងដែន​ចំនួន​៦​ក្បាល ដែល​ជា​ភ្ញៀវ​របស់​អង្គភាព​ទៅ​ប្រថាប់ត្រា​ចូល​ប្រទេស ។ នៅ​ពេល​ទៅ​ដល់​ផ្នែក​បែបបទ ដែល​មាន​អនុសេនីយ៍ឯក កឹ​ម កែវ​រក្សា ដែល​ជាម​ន្ដ្រី​ប្រថាប់ត្រា បាន​ពោល​ពាក្យ​មិន​គួរ​គប្បី​ដែល​ធ្វើ​ឱ្យ​លោក​អនុសេនីយ៍ទោ នៅ លី​ដា ខឹង​នឹង​មិន​អាច​ទទួលយក​បាន​នោះ គឺ​ពាក្យ​ប្រមាថ​ថា «​អាក​ញ្ចៈ​គេ​» ។ បន្តា​ប់​ពី​ប្រថាប់ត្រា​រួចរាល់​ហើយ លោក​អនុសេនីយ៍ទោ នៅ លី​ដា បាន​និយាយ​តប​វិញ​ថា អញ​មិន​អាច​ទទួលយក​បាន​ទេ​នូវ​សម្ដី​របស់​ឯង ហើយ​ក៏​ដើរ​ចេញ​ត្រឡប់​មក​ផ្នែក​រដ្ឋបាល​វិញ​ទាំង​ឈឺចាប់ ។

លុះ​មក​ដល់​ព្រឹក​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៧ លោក​អនុសេនីយ៍ទោ នៅ លី​ដា បាន​យក​លិខិតឆ្លងដែន​ចំនួន​៤​ក្បាល​ទៀត ជា​ភ្ញៀវ​របស់​អង្គភាព​យក​ទៅ​ប្រថាប់ត្រា​ចូល​ប្រទេស ពេល​នោះ​លោក​អនុសេនីយ៍ឯក កឹ​ម កែវ​រក្សា បាន​ស្រែក​ទៅ​ក្រៅ​ថា នែ «​អាក​ញ្ចៈ​គេ​» មកនេះ ។ ពេល​នោះ​លោក​អនុសេនីយ៍ទោ នៅ លី​ដា ឮ​ពាក្យ​ប្រមាថ​ដដែល ក្នុង​ហ្វូង​មនុស្ស​ដ៏​ច្រើន ក៏​បាន​ជេរ​តប​វិញ រួច​ក៏​ដើរ​សំដៅ​ទៅ​រក​លោក​អនុសេនីយ៍ឯក កឹ​ម កែវ​រក្សា ក្នុង​គោលបំណង​វៃ​គ្នា ។ ពេល​នោះ​លោក​សក្ដិ​៤ ឈាន ពិសិដ្ឋ ស្រែក​ឱ្យ​លោក​អនុសេនីយ៍ទោ នៅ លី​ដា ថា ហ្អែ​ង​មក​ឡូឡា​ស្អី​នៅ​កន្លែង​នេះ? បន្ទាប់​មក​ត្រូវ​បាន​កម្លាំង​ប្រចាំការ​នៅ​ទីនោះ​ឃាត់ និង​បំបែក​ឱ្យ​ត្រឡប់​ទៅ​កាន់​កន្លែង​រៀង​ៗ​ខ្លួន ព្រោះ​ពួក​គេ​ក្រហម​មុខ​ដាក់​គ្នា​ពេក ។

ក្រោយមក​នៅ​វេលា​ម៉ោង​៨​និង​១៥​នាទី​ថ្ងៃ​ទី​៩ ខែមេសា ឆ្នាំ​២០១៧ លោក​សក្ដិ​៤ សេ​ម មក​រា នាយ​ផ្នែក​រដ្ឋបាល​បានដឹង​រឿង​នេះ ក៏​បញ្ជា​ឱ្យ​ហៅ​អ្នក​ទាំង​ពីរ (​លោក កឹ​ម កែវ​រក្សា និង​លោក នៅ លី​ដា​) មក​អង្គភាព​ដើម្បី​សួរនាំ​ក្នុង​គោលបំណង ឱ្យ​សម្របសម្រួល​គ្នា​ឡើង​វិញ ។ ស្រាប់តែ​ពេល​នោះ​លោក​សក្ដិ​៤ ឈាន ពិសិដ្ឋ បាន​បើករថយន្ដ​មក​ជាមួយ​លោក​អនុសេនីយ៍ឯក កឹ​ម កែវ​រក្សា ចូល​ក្នុង​អង្គភាព រួច​ក៏​ដើរ​សំដៅ​ទៅ​បន្ទប់​រដ្ឋបាល ។

ពេល​នោះ​លោក​សក្ដិ​៤ សេ​ម មក​រា ក៏​បើកទ្វារ​ចេញ​មក​ល្មម ហើយ​ត្រូវ​លោក​សក្ដិ​៤ ឈាន ពិសិដ្ឋ ដើរ​ចូល​ដក​កាំភ្លើង​ភ្ជង់​និង​ជេរ​ប្រមាថ ទៅ​លើ​លោក​សក្ដិ​៤ សេ​ម មក​រា ។ តែ​លោក​សក្ដិ​៤ សេ​ម មក​រា មិន​តបត​ទេ ក៏​ដើរទៅ​គោះ​ទ្វារ​បន្ទប់​លោកនាយ​ប៉ុស្ដិ៍ ដែល​នៅ​ជិត​បន្ទប់​រដ្ឋបាល​ឱ្យ​ជួយ​អន្ដរា​គន៍ ។ ភ្លាម​ៗ​នោះ​លោកនាយ​ប៉ុស្ដិ៍ បាន​បើកទ្វារ​ចេញ​មក​សួរ​ថា​មានរឿង​អ្វី? លោក​សក្ដិ​៤ សេ​ម មក​រា បាន​រាយការណ៍​ថា លោក​សក្ដិ​៤ ឈាន ពិសិដ្ឋ រក​បាញ់​គាត់ ហើយ​គាត់​ក៏​ដើរ​ត្រឡប់​មក​បន្ទប់​រដ្ឋបាល​វិញ ។

ប្រភព​ព័ត៌មាន​ដដែល​ប្រាប់​ទៀត​ថា នៅ​វេលា​ម៉ោង​៨​និង​៤៥​នាទី នៅ​ពេល​ដែល​គាត់​មក​ដល់​មុខ​បន្ទប់ ក៏​ត្រូវ​បាន​លោក​សក្ដិ​៤ ឈាន ពិសិដ្ឋ បាញ់​មួយ​គ្រាប់​ពីក្រោយ​ខ្នង​សំដៅ​លោក​សក្ដិ​៤ សេ​ម មក​រា ត្រូវ​ចំ​សក្ដិ​ដាច់​ធ្លាក់​លើ​ឥដ្ឋ ។ បន្ទាប់​ពី​ផ្ទុះអាវុធ​រួច​មក លោកនាយ​ប៉ុស្ដិ៍ និង​លោក​អនុសេនីយ៍ឯក កឹ​ម កែវ​រក្សា បាន​ចាប់ដក​យក​កាំភ្លើងខ្លី​ពី​លោក​សក្ដិ​៤ ឈាន ពិសិដ្ឋ ដោយ​ឱ្យ​លោក​សក្ដិ​៤ នួន ច័ន្ទ​សុ​ភ័​ក្រ ទៅ​សម្របសម្រួល​លោក​សក្ដិ​៤ សេ​ម មក​រា ព្រោះ​នៅ​ក្នុង​បន្ទប់​រដ្ឋបាល​ក៏​មាន​អាវុធ​AK៤៧ ចំនួន​២​ដើម​ផង​ដែរ ។ ភ្លាម​នោះ​លោកនាយ​ប៉ុស្ដិ៍​បាន​បញ្ជា​ឱ្យ​លោក​អនុសេនីយ៍ឯក កឹ​ម កែវ​រក្សា ជូន​លោក​សក្ដិ​៤ ឈាន ពិសិដ្ឋ ជា​ប៉ូលិស​ដៃដល់​ទៅ​លំនៅ​ឋាន ដើម្បី​បញ្ចៀស​រាល់​បញ្ហា​ដែល​អាច​កើតឡើង​ធ្ងន់ធ្ងរ​ជាង​នេះ ។

ក្រោយ​ពេល​កើតហេតុ​អង្គភាព​បាន​ប្រមូល​វត្ថុ​តាង​រួច​មាន កាំភ្លើងខ្លី​ប៉េអាកុល​មួយ​ដើម​លេខ ៤-៧៩៩៧ បង់​មួយ​មាន​គ្រាប់​ចំនួន​៧​គ្រាប់ សំបក​កា​ទុ​ស​១​គ្រាប់ ដែល​បាញ់​រួច ឯកសណ្ឋាន​នគរបាល​ជាតិ និង​សក្ដិ​របស់​លោក​សក្ដិ​៤ សេ​ម មក​រា ធ្លាក់​ពីលើ​ស្មា​ខាងឆ្វេង​មាន​ស្លាកស្នាម​ត្រូវ​គ្រាប់កាំភ្លើង ហើយ​បាន​ប្រមូល​និង​បញ្ជូន​ទៅ​ការិយាល័យ​ដើម្បី​ធ្វើ​វត្ថុ​តាង ។

ចំណែកឯ​លោក​សក្ដិ​៤ ឈាន ពិសិដ្ឋ និង​លោក​អនុសេនីយ៍ឯក កឹ​ម កែវ​រក្សា លោកនាយ​ប៉ុស្ដិ៍​បាន​បញ្ជា​តាម​ទូរស័ព្ទ​ឱ្យ​ឡើង​ទៅ​បំភ្លឺ​នៅ​ការិយាល័យ នៅ​ថ្ងៃ​ចន្ទ​ទី​១០ ខែមករា ឆ្នាំ​២០១៧ ហើយ​សា​មុ​ី​ខ្លួន​ក៏​បាន​ឯកភាព​ផង​ដែរ តែ​គេ​មិនឃើញ​វត្ដមាន​លោក ឈាន ពិសិដ្ឋ ចូល​បំភ្លឺ​នោះ​ទេ ទំនង​ភ័យ​ខ្លាច រត់​ទាំង​ខ្លួន រត់​ទាំង​ព្រលឹង​គេច​បាត់​ទៅ​ហើយ ៕