ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

ក្រសួងមហាផ្ទៃ​ច្រានចោល​សំណើ​រក្សា​ទុក​តួនាទី​ក្រុមប្រឹក្សា​ឃុំ​គណបក្ស សម រ​ង្ស៊ី រហូត​ដល់​មាន​មេឃុំ​ថ្មី

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ប្រកាស​ច្រានចោល​សំណើ​របស់​ប្រធាន​ស្តីទី​គណបក្ស សម រ​ង្ស៊ី ដែល​ចង់ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់

រាជធានី​ភ្នំពេញ ៖ ក្រសួងមហាផ្ទៃ បាន​ប្រកាស​ច្រានចោល​សំណើ​របស់​ប្រធាន​ស្តីទី​គណបក្ស សម រ​ង្ស៊ី ដែល​ចង់ឱ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ គណបក្ស សម រ​ង្ស៊ី បន្ត​ដល់​ចប់​អាណត្តិ​របស់​ខ្លួន​ជា​ធម្មតា ទោះបី​ទៅ​ឈរឈ្មោះ​គណបក្ស​ផ្សេង​ក៏​ដោយ ។

សម្តេច​ក្រឡាហោម ស ខេ​ង ឧបនាយក រដ្ឋមន្ត្រី រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​ផ្ញើ​លិខិត​ទៅ​លោក ទាវ វ​ណ្ណុ​ល ប្រធាន​ស្តីទី​គណបក្ស សម រ​ង្ស៊ី ដែល​សុំ​ឲ្យ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​របស់​គណបក្ស សម រ​ង្ស៊ី អាច​បន្ត​ និង​បញ្ចប់​អាណត្តិ​របស់​ខ្លួន​ជា​ធម្មតា និង​ស្នើ​សុំ មោឃភាព​លិខិត​លេខ​៣៧៣ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ថា​ជា​ការ​ផ្ទុយ​ពី​ច្បាប់ ។

យោង​តាម​លិខិត​របស់​ក្រសួងមហាផ្ទៃ ចុះ​ថ្ងៃ​ទី​៥ ខែមេសា បញ្ជាក់​ថា «​ដោយ​អនុលោម​តាម​មាត្រា​១៥ និង​មាត្រា​១៦​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ បាន​ចែង​ថា ប្រជាពលរដ្ឋ​ខ្មែរ​ម្នាក់ ​មិន​អាច​ជា​សមាជិក​គណបក្ស​នយោបាយ​លើស​ពី​មួយ​ក្នុង​ពេល​តែ​មួយ​បាន​ទេ​» ។

លិខិត​បន្ត​ថា «​ក្នុង​ករណី​ដែល​បុគ្គល​មួយ​រូប​ចូលរួម​ជា​សមាជិក​គណបក្ស​នានា​យ៉ាងច្រើន សមាជិកភាព​ក្នុង​គណបក្ស​នយោបាយ​ចុង​ក្រោយ​ត្រូវ​ចាត់ទុកជា​បានការ ។ ដូច្នេះ ប្រសិន​បើ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ណា​ម្នាក់​ទៅ​ឈរឈ្មោះ​នៅ​គណបក្ស​ផ្សេង សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់​នោះ នឹង​ត្រូវ​បាត់បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ​ដើម​របស់​ខ្លួន ​ស្រប​តាម​បទ​ប្បញ្ញត្តិ​នៃ​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ ហើយ​ផ្អែក​តាម​មាត្រា​១៦​នៃ​ច្បាប់ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់ ការ​បាត់បង់​សមាជិកភាព​ពី​គណបក្ស​នយោបាយ នឹងនាំ​ឲ្យ​សាមីខ្លួន​បាត់បង់​សមាជិកភាព​ពី​ក្រុមប្រឹក្សា​ឃុំ សង្កាត់​ផង​ដែរ​» ។

លិខិត​ដដែល​បាន​បន្ត​ទៀត​ថា ចំពោះ​ការ​ដាក់​ចេញ​នូវ​សេចក្តីជូនដំណឹង​លេខ​៣៧៣ ស​ជ​ណ ចុះ​ថ្ងៃ​ទី​១៤ ខែកុម្ភៈ ឆ្នាំ​២០១៧ ពាក់ព័ន្ធ​នឹង​ការ​អនុវត្ត​គោលការណ៍​ និង​នីតិវិធី ចំពោះ​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ ឬ​សមាជិក​ក្រុមប្រឹក្សា​ក្រុង ស្រុក ខណ្ឌ ដែល​បាន​ទៅ​ឈរឈ្មោះ​ជា​បេក្ខជន​ពេញ​សិទ្ធិ ឬ​បេក្ខជន​បម្រុង សម្រាប់​ការ​បោះ​ឆ្នោត​ជ្រើសរើស​ក្រុមប្រឹក្សា​ឃុំ សង្កាត់ អាណត្តិ​ទី​៤ គឺជា​ការ​អនុវត្ត​ច្បាប់​សុទ្ធសាធ​សម្រាប់​គ្រប់គ្រង​គណបក្ស​នយោបាយ ដែល​ធ្វើ​សកម្មភាព​ស្រប​តាម​ច្បាប់​កំណត់ ក្នុង​គោលបំណង​ពង្រឹង​នីតិរដ្ឋ ដោយ​មិន​សំដៅលើ​គណបក្ស​ណាមួយ​ឡើយ រួម​ទាំង​គណបក្ស សម រ​ង្ស៊ី ផង​ដែរ ។

លិខិត​របស់​ក្រសួងមហាផ្ទៃ​គូសបញ្ជាក់​ថា«​លើ​មូលដ្ឋាន​ដូច​បាន​គូសបញ្ជាក់​នេះ ក្រសួងមហាផ្ទៃ​សូម​ជម្រាប​លោក​ប្រធាន​ថា ក្រសួង​មិន​អាច​ទទួលយក​សំណើ​របស់​គណបក្ស​សម រ​ង្ស៊ី ព្រោះថា ករណី​នេះ​ជា​ការ​អនុវត្ត​ផ្ទុយ​នឹង​ច្បាប់​ស្តី​ពី​គណបក្ស​នយោបាយ និង​ច្បាប់​ស្តី​ពី​ការ​គ្រប់គ្រង​រដ្ឋបាល​ឃុំ សង្កាត់​» ។

ការ​លើក​ឡើង​របស់​ក្រសួងមហាផ្ទៃ​នេះ គឺបន្ទាប់​ពី​លោក ទាវ វ​ណ្ណុ​ល ប្រធាន​ស្តីទី​គណបក្ស សម រ​ង្ស៊ី ស្នើ​សុំ​ក្រសួង​បន្ត​រក្សា​ទុក​សមាជិក​ក្រុមប្រឹក្សា​ឃុំ សង្កាត់ គណបក្ស សម រ​ង្ស៊ី រហូត​ដល់​ថ្ងៃ​កំណត់ ៕