រាជធានីភ្នំពេញ ៖ នៅថ្ងៃទី២៥ តុលា ២០២២នេះ ក្រសួងចំនួន២របស់កម្ពុជា បានប្រកាសឲ្យក្រសួងស្ថាប័ន និងអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធ ចាត់វិធានការតាមផ្លូវច្បាប់ និងទប់ស្កាត់ឲ្យបានឆាប់រហ័សបំផុសលើក្រុមហ៊ុន OL Football Group ក្រោយពីលោក ផែង វណ្ណៈ បានបង្ហោះរូបភាព និងសារបកស្បែកមុខយ៉ាងច្បាស់ថា គឺជាក្រុមហ៊ុនខុសច្បាប់ ។
លោក ផែង វណ្ណៈ លើកឡើងថា មន្ត្រីរបស់គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្ម ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមន្ត្រីអគ្គស្នងការដ្ឋាននគរបាលជាតិ ទទួលបន្ទុកខាងល្បែងពាណិជ្ជកម្ម បានប្រាប់លោកច្បាស់ៗថា ក្រុមហ៊ុន OL Football Group ដែលកំពុងលែងល្បែងភ្នាល់បាល់តាមអនឡាញ ជ្រកក្រោមស្លាកវិនិយោគនោះ គឺជាក្រុមហ៊ុនខុសច្បាប់ ។ ដូច្នេះសូមបងប្អូនប្រជាពលរដ្ឋ មេត្តាឈប់ជឿតាមការអូសទាញរបស់ ក្រុមហ៊ុននេះ ដែលមានឈ្មោះ ចាប សារុន ជាមេខ្លោង ។
លោក ផែង វណ្ណៈ សូមឲ្យបងប្អូនត្រូវយល់ថា ក្រុមហ៊ុននេះ គ្មានទីស្នាក់ការ គ្មានការចុះបញ្ជីទេ ជាពិសេស ពេលសារព័ត៌មានផ្សាយប៉ះពាល់ដល់ក្រុមហ៊ុននេះ ជាទូទៅ ក្រុមហ៊ុនត្រូវធ្វើលិខិតបំភ្លឺ តែសម្រាប់ក្រុមហ៊ុនខុសច្បាប់ OL football Group អត់បំភ្លឺទេ តែបានរុញសមាជិក និងបណ្ដាញរបស់ពួកគេ ចូលមកជេរតែម្ដង ។ ហើយសមាជិក និងបណ្ដាញរបស់ពួកគេ សុទ្ធតែជាមនុស្សខ្វះការអប់រំ និងមនុស្សអវិជ្ជា ។
ក្រោយពីការបកស្បែកក្រុមហ៊ុន អោយមហាជនដឹងការពិត ស្រាប់តែនៅថ្ងៃដដែលនេះមានបុគ្គលឈ្មោះ ប៊ុន យ៉ុង បានប្រកាសប្រមូលមនុស្សមកធ្វើ បាតុកម្ម នៅមុខផ្ទះលោក ផែង វណ្ណៈ ដោយសារតែខឹងលោក ផែង វណ្ណៈ ផ្សាយអំពើខុសច្បាប់របស់ក្រុមហ៊ុន OL Football Group ។
សេចក្តីបដិសេធរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ចំពោះលិខិតដែលបានផ្សព្វផ្សាយដោយក្រុមហ៊ុន French OL Group ។ លោក ផែង វណ្ណៈ បានបញ្ជាក់ប្រាប់ហើយថា ក្រុមហ៊ុន OL Football Group ជាក្រុមហ៊ុនខុសច្បាប់ទេ ក្រុមហ៊ុននេះ បានកំពុងធ្វើសកម្មភាពជាចំហរតែម្ដង ដោយគ្មានសមត្ថកិច្ច ឬ អាជ្ញាធរណា ស្រាវជ្រាវបង្ក្រាបទេ ។ ជាពិសេសអ្នកដឹកនាំលេងល្បែងស៉ីសងខុសច្បាប់នេះ គឺ ជា មន្ត្រីយោធានៅ សាកលវិទ្យាល័យការពារជាតិ ឈ្មោះ ចាប សារុន ថែមទៀត ។
សូមបញ្ជាក់ថា អគ្គលេខាធិការដ្ឋាន គណៈកម្មការគ្រប់គ្រងល្បែងពាណិជ្ជកម្មកម្ពុជា នៅថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២នេះ បានចេញសេចក្តីបដិសេធ មិនទទួលស្គាល់ ក្រុមហ៊ុន OL Group ឬ Football Club ដោយចាត់ទុក ទង្វើក្រុមហ៊ុននេះ កំពុងធ្វើខុសច្បាប់ ។
ជាមួយគ្នានេះ ក្រសួងពាណិជ្ជកម្មកម្ពុជា បានសេចក្តីប្រកាសព័ត៌មានស្តីពី ការបដិសេធលិខិតផ្សព្វផ្សាយរបស់ក្រុមហ៊ុន FRENCH OL GROUP យោងសេចក្តីបដិសេធ ចុះថ្ងៃទី២៥ ខែតុលា ឆ្នាំ២០២២ របស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ ស្តីពីការបដិសេធទាំងស្រុង ចំពោះលិខិតផ្សព្វផ្សាយរបស់ក្រុមហ៊ុន FRENCH OL GROUP ដោយបានប្រើប្រាស់ Logo និងត្រាក្លែងបន្លំរបស់ក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ និងបន្ទាប់ពីបានពិនិត្យផ្ទៀងផ្ទាត់ឯកសារដែលក្រុមហ៊ុន និងសាខាក្រុមហ៊ុនបរទេសទាំងអស់ បានតម្កល់នៅក្រសួងពាណិជ្ជកម្ម ក្រសួងសូមជម្រាបជូនសាធារណជនទាំងអស់មេត្តាជ្រាបថា ក្រុមហ៊ុន FRENCH OL GROUP ពុំបានចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្ម នោះទេ ។
ចែករំលែកព័តមាននេះ