ខេត្តតាកែវ ៖ ជនសង្ស័យចំនួន៣នាក់ ដែលសុទ្ធសឹងជាមុខសញ្ញាក្រុមចោរ ឆក់ និងកា.ប់ប្លន់យ៉ាងសកម្ម នៅភូមិសាស្ត្រផ្លូវជាតិលេខ២ និងលេខ៣នោះ ត្រូវបានកម្លាំងជំនាញអធិការដ្ឋាននគរបាលស្រុកបាទី បានធ្វើការស្រាវជ្រាវឃាត់ខ្លួនជនសង្ស័យជាបន្តបន្ទាប់ កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២២ ក្រោយពីធ្វើសកម្មភាពកា.ប់ប្លន់យកម៉ូតូនៅតាមផ្លូវជាតិលេខ៣ ស្ថិតក្នុងភូមិសាស្ត្រស្រុកបាទី ស្រុកសំរោង និងស្រុកត្រាំកក់ ព្រមទាំងដកហូតបានម៉ូតូចំនួន០៤គ្រឿង និងផ្លាកលេខម៉ូតូចំនួន០៣ផ្លាកផងដែរ។
ប្រតិបត្តិការខាងលើនេះ បន្ទាប់ចុះស្រាវជ្រាវយ៉ាងយកចិត្តទុកដាក់អស់មួយរយៈ ពាក់ព័ន្ធករណីកា.ប់ប្លន់តាមផ្លូវ ដោយមានការចូលរួមពីស្នងការ និងសម្របសម្រួលនីតិវិធីពីសំណាក់លោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ។
លោកវរសេនីយ៍ឯក ឆាយ កែវមុន្នី អធិការ នៃអធិការដ្ឋាននគរបាលស្រុក បានអោយដឹងថាលោកបានចុះសហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលពាក់ព័ន្ធ បានធ្វើការកំណត់មុខសញ្ញា រហូតដល់ឈានដល់ឃាត់ខ្លួនបានជនសង្ស័យចំនួន០៣នាក់ រួមមាន ៖ ១- ឈ្មោះ រ៉េត ចិត្រា ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិច្បារមន ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ ២- ឈ្មោះ វ៉ន ចន្ថា ហៅវ៉ិត ភេទប្រុស អាយុ២០ឆ្នាំ នៅភូមិព្រៃស្លែង ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។ និង៣- ឈ្មោះ លោ ភារ័ត្ន ហៅបូរី ភេទប្រុស អាយុ១៧ឆ្នាំ រស់នៅភូមិក្រាំងពង្រ ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ។

ប្រភពដដែលបន្តថា ជនសង្ស័យទាំង៣នាក់ខាងលើនេះ ត្រូវបានឃាត់ខ្លួននៅត្រង់ចំណុច ឃុំកុមារាជា ស្រុកបាទី ខេត្តតាកែវ ចំណែកបក្សពួកមួយចំនួនទៀត បានរត់គេចខ្លួនបាត់ ហើយកម្លាំងជំនាញក៏បានកំណត់អត្តសញ្ញាណ និងបន្តស្រាវជ្រាវបន្ថែមទៀតហើយ។
លោកអធិការនគរបាលស្រុកបាទី បានបញ្ជាក់ថា មុខសញ្ញាទាំងនេះ តែងតែធ្វើសកម្មភាព កា.ប់ប្លន់យកម៉ូតូ និងឆក់យ៉ាងសកម្មក្នុងភូមិសាស្ត្រស្រុកបាទី ដូចជាបណ្តោយផ្លូវជាតិលេខ៣,ផ្លូវជាតិលេខ២, ផ្លូវលេខ១២២A (ចាប់ពីវត្តអង្គរោង រហូតដល់សាលាវិទ្យាល័យបាទី), ផ្លវលេខ១២២ (ចាប់ពីផ្សារសំរោងយ៉ោង រហូតដល់ផ្សារត្រាំខ្នារ) ។
ហើយក្រោយពេលឃាត់ខ្លួន ក្រុមជនសង្ស័យបាននិយាយសារភាពថា «ពួកគេពិតជាបានធ្វើសម្មភាពកា.ប់ប្លន់ ឆក់ នៅតាមបណ្តោយផ្លូវ ស្ថិតក្នុងភូមិសាស្ត្រខាងលើពិតប្រាកដមែន»។
បើតាមលោកវរសេនីយ៍ឯក យ៉ាង ញីវ នាយការិយាល័យព្រហ្មទណ្ទកំរិតស្រាលខេត្ត បានអោយដឹងផងដែរថា ក្រុមជនសង្ស័យ ត្រូវបានកម្លាំងជំនាញយើងកសាងសំណុំរឿងបញ្ជូនទៅសាលាដំបូងខេត្តតាកែវ ចាត់ការតាមច្បាប់ហើយនៅល្ងាចថ្ងៃទី២៤ ខែតុលា ឆ្នាំ២០២២ និងបន្តស្រាវជ្រាវស្វែងរកចាប់ខ្លួនបក្សពួកជនសង្ស័យដែលកំពុងរត់គេចខ្លួនយកមកផ្តន្ទាទោសឱ្យខានតែបាន។ ចំណែកម៉ូតូរបស់ជនរងគ្រោះវិញ ដោយបានការឯកភាពពីលោកព្រះរាជអាជ្ញាអមសាលាដំបូងខេត្តតាកែវ កម្លាំងជំនាញក៏បានប្រគល់ជូនជនរងគ្រោះ ដើម្បីយកទៅប្រើប្រាស់វិញអស់ហើយ៕
ចែករំលែកព័តមាននេះ