បក្សប្រឆាំងជួបព្យុះ បើក្រសួងមហាផ្ទៃរំលាយ CNRP គ.ជ.ប នឹងលុបចេញពីបញ្ជី
រាជធានីភ្នំពេញ ៖ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤របស់គណបក្សសង្គ្រោះជាតិ អាចប្រឈមនឹងការរំលាយចោល ប្រសិនបើក្រសួងមហាផ្ទៃមិន
រាជធានីភ្នំពេញ ៖ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤របស់គណបក្សសង្គ្រោះជាតិ អាចប្រឈមនឹងការរំលាយចោល ប្រសិនបើក្រសួងមហាផ្ទៃមិន
រាជធានីភ្នំពេញ ៖ បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤របស់គណបក្សសង្គ្រោះជាតិ អាចប្រឈមនឹងការរំលាយចោល ប្រសិនបើក្រសួងមហាផ្ទៃមិនទទួលស្គាល់ការធ្វើសមាជវិសាមញ្ញកន្លងមក ដែលថាខុសពីលក្ខន្ដិកៈនោះ ។
លោកហង្ស ពុទ្ធា សមាជិកគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតហៅកាត់ថា គ.ជ.ប និងជាអ្នកនាំពាក្យបានឲ្យកោះសន្តិភាពដឹងតាមទូរស័ព្ទនៅថ្ងៃទី២៦ មីនា ដោយបានបញ្ជាក់ថា «ប្រសិនបើក្នុងករណីដែលក្រសួងមហាផ្ទៃសម្រេចលុបឈ្មោះគណបក្សសង្គ្រោះជាតិចេញពីបញ្ជីដែលចុះនៅក្រសួងមហាផ្ទៃនោះ គ.ជ.ប ក៏សម្រេចលុបឈ្មោះ គណបក្សនិងបេក្ខជនដែលឈរឈ្មោះចេញដែរ» ។ ការឲ្យដឹងរបស់អ្នកនាំពាក្យ គ.ជ.ប នេះខណៈដែលតំណាងក្រសួងមហាផ្ទៃ និងភាគីគណបក្សសង្គ្រោះជាតិ នឹងជួបពិភាក្សានៅថ្ងៃទី២៩ ខែមីនាខាងមុខនេះនៅទីស្តីការក្រសួងមហាផ្ទៃ ដើម្បីជជែកគ្នាពីការធ្វើសមាជវិសាមញ្ញក្នុងការជ្រើសរើសក្បាលម៉ាស៊ីនកាលពីថ្ងៃទី២ មីនាកន្លងទៅ ។
លោកហង្ស ពុទ្ធា បានឲ្យដឹងក្នុងករណីដែលគ.ជ.ប សម្រេចលុបចោលគណបក្សសង្គ្រោះជាតិ ក៏ដូចជាបេក្ខជនឈរឈ្មោះនោះថា កម្ពុជាជាប្រទេសដែលអ្នកទាំងអស់គ្នានិយមហៅថា នីតិរដ្ឋ អញ្ចឹងបើមានចែងក្នុងលក្ខន្ដិកៈក្នុងច្បាប់ត្រូវតែអនុវត្តឲ្យបានល្អ ។
មុននឹងឈានដល់ការរំលាយគណបក្សសង្គ្រោះជាតិ ត្រូវបានអ្នកនាំពាក្យថ្លែងថា រង់ចាំលទ្ធផលនៃកិច្ចពិភាក្សារវាងគណបក្សសង្គ្រោះជាតិ និងភាគីក្រសួងមហាផ្ទៃនៅពេលខាងមុខនេះសិន ។
សូមជម្រាបថា សម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សឃុំ សង្កាត់ខាងមុខនេះ គណបក្សសង្គ្រោះជាតិបានដាក់បេក្ខភាពឈរឈ្មោះទូទាំងឃុំ សង្កាត់ ទូទាំងប្រទេសសរុបចំ១៦៤៦ឃុំសង្កាត់ទៅកាន់ គ.ជ.ប រួចហើយ ។
ជាងនេះការបោះឆ្នោតឃុំសង្កាត់ដែលនឹងឈានមកដល់នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧ ខាងមុននេះ គណបក្សសង្គ្រោះជាតិបានជ្រើសរើសលោក កឹម សុខា ជាប្រធាន និងអនុប្រធានចំនួន៣រូបមាន លោក ប៉ុល ហំម លោកអេង ឆៃអ៊ាង និងលោកស្រី មូរ សុខហួរ ។
ចំពោះការជ្រើសរើសក្បាលម៉ាស៊ីដឹកនាំថ្មីរបស់គណបក្សប្រឆាំងនេះត្រូវបានក្រសួងមហាផ្ទៃអះអាងថា ខុសលក្ខន្តិកៈរបស់គណបក្ស ប៉ុន្តែភាគីគណបក្សសង្គ្រោះជាតិថា មិនខុសនោះទេ ។
កាលពីថ្ងៃទី២២ ខែមីនា សម្តេចក្រឡា ហោម ស ខេង ឧបនាយករដ្ឋមន្ត្រី និងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានសរសេរលិខិតមួយច្បាប់ទៅកាន់លោក យឹម សុវណ្ណ ប្រធានប្រតិបត្តិគណបក្សសង្គ្រោះជាតិ ស្តីពីការជូនដំណឹងអំពីលទ្ធផលនៃសមាជវិសាមញ្ញរបស់គណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ថាផ្ទុយនឹងប្រការ៤៧ ត្រេទី២នៃលក្ខន្តិកៈគណបក្ស ។
សម្តេចក្រឡាហោម ស ខេង ក្នុងលិខិតនោះដែរ ក្រសួងមហាផ្ទៃបានស្នើឲ្យគណបក្សសង្គ្រោះជាតិធ្វើការដកចេញនូវចំណងជើង «ដូរមេឃុំបម្រើបក្ស ដាក់មេឃុំបម្រើរាស្ត្រ» ដែលមានចែងនៅក្នុងគោលនយោបាយអាទិភាព៥ ចំណុចរបស់គណបក្សសង្គ្រោះជាតិសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ អាណត្តិទី៤ឆ្នាំ២០១៧ ដោយសារចំណងជើងនេះ មានខ្លឹមសារផ្ទុយនឹងស្មារតីរដ្ឋធម្មនុញ្ញឆ្នាំ១៩៩៣ ច្បាប់ស្តីពីគណបក្សនយោបាយ ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ សង្កាត់ និងច្បាប់ស្តីពីការគ្រប់គ្រងរដ្ឋបាល ឃុំ សង្កាត់ ពិសេសរបបប្រជាធិបតេយ្យ សេរីពហុបក្សនៅកម្ពុជា និងគោលការណ៍នៃប្រព័ន្ធបោះឆ្នោតសមាមាត្រ ។
លោក ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្លាប់បានឲ្យដឹងថា ក្រសួងមហាផ្ទៃនៅតែប្រកាន់ជំហរតាមលិខិតដែលដាក់ទៅកាន់គណបក្សសង្គ្រោះជាតិកន្លងមក ។
យ៉ាងណាក្តីចំពោះលទ្ធផល និងជោគវាសនាគណបក្សសង្គ្រោះជាតិនឹងទៅជាយ៉ាងណានោះ លទ្ធផលនឹងដឹងនៅថ្ងៃទី២៩ ខែមីនា ឆ្នាំ២០១៧ខាងមុខនេះ ដោយភាគីគណបក្សសង្គ្រោះជាតិចំនួន៥នាក់ នឹងជជែកជាមួយតំណាងក្រសួងមហាផ្ទៃពាក់ព័ន្ធនឹងលក្ខន្តិកៈគណបក្សសង្គ្រោះជាតិ ក្នុងការជ្រើសរើសក្បាលម៉ាស៊ីនកន្លងមកនេះ ។
សម្រាប់អ្នកវិភាគមើលឃើញថា ការប្រកាសឱ្យរំលាយគណបក្សសង្គ្រោះជាតិ ប្រសិនបើកើតឡើងមែន ប្រហែលជាការបោះឆ្នោតទាំងមូលមិនអាចដំណើរការបាននោះទេ ពីព្រោះថា បើឈានដល់ដំណាក់កាលនោះសមាជិកគ.ជ.ប ដែលតែងតាំងដោយបក្សសង្គ្រោះជាតិ ក៏អស់សុពលភាពដែរ ដូច្នេះសូម្បីតែ គ.ជ.ប ក៏ដំណើរការមិនបានផង ហើយជាមួយគ្នានោះ បេក្ខភាពដែលត្រូវបានជ្រើសរើសដោយបក្សសង្គ្រោះជាតិ នៅទូទាំងប្រទេសក៏ច្របូកច្របល់ដែរ ។ អ្នកវិភាគនិយាយថា រាជរដ្ឋាភិបាលដែលប្រកាសយកការបោះឆ្នោតដើម្បីរក្សាបាននូវនយោបាយប្រជាធិបតេយ្យនោះ ពិតជាមិនចង់ឃើញវិបត្ដិ ដោយសារតែការរំលាយបក្សសង្គ្រោះនោះទេ ។
ស្របពេលជាមួយគ្នានេះដែរ មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជា បានបញ្ជាក់ជំហរថាមិនបានធ្វើការយាយីគណបក្សប្រឆាំងនោះទេ និងថាគឺគណបក្សប្រឆាំងជាអ្នកយីយាខ្លូនឯងតែប៉ុណ្ណោះ ។
លោក អេង ឆៃអ៊ាង អនុប្រធានគណបក្សសង្គ្រោះជាតិ បានថ្លែងមិនឲ្យចំឈ្មោះទៅលើថ្នាក់ដឹកនាំគណបក្សនយោបាយណាមួយ បានអះអាងនៅថ្ងៃទី២៥ មីនាថា មានអ្នកនយោបាយមួយចំនួនតែងតែប្រើប្រាស់អំណាចរបស់ខ្លួន បង្កើតពាក្យចចាមអារ៉ាម បំភ្លៃការពិត ប្រឌិតព័ត៌មាន បំភ័ន្តព័ត៌មាន… ។
លោក អេង ឆៃអ៊ាង បញ្ជាក់៖ «កាលពីដប់ឆ្នាំមុន ពេលទៅធ្វើការងារឆ្ងាយពីរាជធានី ឬទៅក្រៅប្រទេស ចាំបាច់ត្រូវប្រគល់ភារកិច្ចឲ្យជំនួយការម្នាក់ ទិញកាសែត ឬស្គែនអត្ថបទសំខាន់ៗនៃសារព័ត៌មាននានាផ្ញើមកឲ្យ។ តែបច្ចុប្បន្ន ទោះស្ថិតនៅទីណាក៏ដោយ ឲ្យតែមានស្មាតហ្វូនមួយគឺទទួលបានព័ត៌មានទាំងអស់គ្រប់ពេលវេលា ។ កត្តានេះហើយ បានធ្វើឲ្យអ្នកនយោបាយទុច្ចរិតដែលតែងតែប្រើប្រាស់អំណាចរបស់ខ្លួន បង្កើតពាក្យចចាមអារ៉ាម បំភ្លៃការពិត ប្រឌិតព័ត៌មាន បំភ័ន្តព័ត៌មាន ដើម្បីយកប្រៀបឈ្នះលើគូប្រកួតរបស់ខ្លួន តែទង្វើទាំងនោះត្រូវទទួលបរាជ័យជាបន្តបន្ទាប់ តាមរយៈការបាត់បង់ជំនឿគាំទ្រពីប្រជាពលរដ្ឋ» ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាបានបញ្ជាក់ថា៖ «សូមកុំយល់ច្រឡំ គ្មានអ្នកណាយាយីយើងទេ គឺយើងយាយីខ្លួនឯងទេតើ ។ លក្ខន្តិកៈគណបក្សសាង្គ្រោះជាតិ ចុះថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៣ និងលក្ខន្ដិកៈចុះថ្ងៃទី២ ខែមីនា ឆ្នាំ២០១៧ ត្រង់ប្រការ៤៧ចែងថា អាណត្តិនៅតិចជាង១៨ខែ អនុប្រធានគណបក្សមួយរូប ដែលមានអាយុច្រើនជាងគេត្រូវទទួលនាទីជាប្រធានគណបក្សស្តីទីហើយបើគ្មានអនុប្រធានគណបក្ស គណៈកម្មាធិការនាយកត្រូវជ្រើសរេីសអនុប្រធានថ្មីយ៉ាងតិចមួយរូប ក្នុងរយៈពេល៣០ថ្ងៃយ៉ាងយូរពីក្នុងចំណោមសមាជិករបស់ខ្លួន ដោយសំឡេងភាគច្រើនដាច់ខាត៥០ភាគរយបូក១ នៃសមាជិកគណៈកម្មាធិការនាយកទាំងមូល ដើម្បីជួយសម្រួលការងារប្រធានគណបក្សរហូតដល់ចប់អាណត្តិ » ។
លោកបន្ថែមថា អាណត្តិនៅលើស១៨ខែ គណៈកម្មាធិការអចិន្ត្រៃយ៍ ត្រូវកំណត់ពេលរៀបចំធ្វើសមាជវិសាមញ្ញ ដើម្បីជ្រើសរើសប្រធានគណបក្ស និងអនុប្រធានគណបក្សថ្មីក្នុងរយៈពេលយ៉ាងយូរ៣០ថ្ងៃ ដើម្បីដឹកនាំគណបក្សរហូតដល់ចប់អាណត្តិ ។ បើគិតពីថ្ងៃ ដែលប្រធានចាស់លាលែងពីតួនាទីប្រធាន ឃើញថា នៅសល់ពេលវេលាត្រឹម១៤ខែ នឹងចប់អាណត្តិ។ ដូច្នេះគណបក្សសាង្គ្រោះជាតិ មិនអាចរៀបចំធ្វើសមាជវិសាមញ្ញបានទេ តែត្រូវជ្រើសរើស អនុប្រធានដែលមានស្រាប់ធ្វើជាប្រធានស្តីទី និងអនុប្រធានចូលកាន់ការងាររហូតដល់ចប់អាណត្តិ ។ ដូច្នេះការធ្វើសមាជវិសាមញ្ញនៅថ្ងៃទី២ ខែមីនាឆ្នាំ២០១៧ របស់គណបក្សសាង្គ្រោះជាតិ គឺខុសខ្លឹមសារប្រការ៤៧ នៃលក្ខន្តិកៈបក្សទាំងស្រុង មិនអាចប្រកែកបានឡើយ ។
ជាមួយគ្នានោះដែរ អ្នកនាំពាក្យបក្សកាន់អំណាច ក៏បានលើកឡើងថា ការដែលក្រសួងមហាផ្ទៃមិនផ្តល់សុពលភាពឲ្យមេដឹកនាំគណបក្សសង្ក្រោះជាតិ គឺជាការត្រឹមត្រូវតាមគោលការណ៍មិនមានអ្នកណាគាបសង្កត់ ឬយាយីគណបក្សសង្គ្រោះជាតិទេ តែគឺគណបក្សសង្គ្រោះជាតិទេដែលគាបសង្កត់ខ្លួនឯងនោះ ៕
ចែករំលែកព័តមាននេះ