រាជធានីភ្នំពេញ ៖ តារាសម្តែង២ដួង គឺលោក ជា លាងឈែ និងកញ្ញា នួន ណត្ថិយា បានចេញមុខព្រមគ្នាបញ្ជាក់រឿងភ្ជាប់ដោយស្ងាត់ៗ បន្ទាប់ពីអ្នកទាំងពីរបានផ្តើមទំនាក់ទំនងស្នេហាក្រៅឆាកអស់រយៈពេលប្រមាណមួយឆ្នាំចុងក្រោយមកនេះ។
អ្នកទាំងពីរបានធ្វើការបដិសេធចំពោះការយល់ឃើញពីមហាជន ក៏ដូចជាបណ្តាសារព័ត៌មានដែលបានចុះផ្សាយថា អ្នកទាំងពីរបានសម្រេចភ្ជាប់ពាក្យរួចហើយ ខណៈពេលដែលអ្នកទាំងពីរនៅមិនទាន់ធ្វើរឿងមួយនេះនៅឡើយទេ។

ការចេញមុខបដិសេធរបស់តារាទាំងពីរខាងលើនេះ បានធ្វើឡើង បន្ទាប់ពីគេបានឃើញរូបភាពរបស់អ្នកទាំងពីរគ្រងឈុតអាពាហ៍ពិពាហ៍ ហើយរូបភាពទាំងនោះ ត្រូវបានគេផ្សព្វផ្សាយពេញបណ្តាញសង្គមហ្វេសប៊ុក បង្កឲ្យមានការភ្ញាក់ផ្អើល។ រូបភាពទាំងអស់នេះហើយ បាននាំអោយគេសន្មត់ថា អ្នកទាំងពីរពិតជាបានរៀបចំពិធីភ្ជាប់ពាក្យជាមួយគ្នាដោយស្ងៀមស្ងាត់ មិនមានការហៅអ្នកសិល្បៈអោយចូលរួមច្រើននោះឡើយ ក្រៅពីក្រុមគ្រួសារ និងសាច់ញាតិដែលជិតស្និតប៉ុណ្ណោះ។
យ៉ាងណាបញ្ជៀសការយល់ច្រឡំអំពីបញ្ហាខាងលើនេះ ទាំងលោក ជា លាងឈែ និងកញ្ញា នួន ណត្ថិយា បានចេញមុខមកបញ្ជាក់ការពិត ដោយនៅក្នុងនោះអ្នកទាំងពីរបានធ្វើការបដិសេធនូវការយល់ឃើញពីមហាជន ក៏ដូចជាការចុះផ្សាយពីបណ្តាសារព័ត៌មាននានាដែលថា អ្នកទាំងពីរបានរៀបចំពិធីភ្ជាប់ពាក្យរួចហើយ។
តាមរយៈវីដែអូ Live គណនីហ្វេសប៊ុក អ្នកទាំងពីរបានលើកឡើងថា អ្វីដែលមហាជនបានឃើញរូបភាពរបស់ពួកគេដែលត្រូវបានផ្សព្វផ្សាយនៅតាមបណ្តាញសង្គមនោះ គឺមិនមែនអ្នកទាំងពីរភ្ជាប់ពាក្យនោះឡើយ។ ជា លាងឈែ និង នួន ណត្ថិយា បានបញ្ជាក់ថា រូបភាពរបស់អ្នកទាំងពីរបានគ្រងឈុតអាពាហ៍ពិពាហ៍នោះ គឺគ្រាន់ជាការថតប្រូម៉ូតអោយសម្អាងការមួយប៉ុណ្ណោះ។

អ្នកទាំងពីរបន្ថែមថា អំឡុងនៃការថតនោះ គឺមានការរៀបចំដូចនឹងពិធីពិតប្រាកដដែរ ដោយមានការពាក់ចិញ្ចៀន សូម្បីតែអ្នកទាំងពីរក៏មិនបានដឹងរឿងនេះដូចគ្នា ពោលគឺភ្ញាក់ផ្អើលយ៉ាងខ្លាំង។
បើតាម ជា លាងឈែ និង នួន ណត្ថិយា ថា ប្រសិនបើអ្នកទាំងពីរពិតជារៀបចំពិធីភ្ជាប់ពាក្យពិតប្រាកដមែននោះ អ្នកទាំងពីរនឹងធ្វើដោយបើកចំហរ ពោលគឺមិនមានការលួចលាក់ និងបាំងបិទពីភ្នែកទស្សនិកជនឡើយ។
យ៉ាងណាបើតាមតារាសម្តែងលោក ជា លាងឈែ ថា ការសម្រេចចូលរោងការជាមួយ នួន ណត្ថិយា នាពេលណានោះ លោកនៅមិនទាន់កំណត់នៅឡើយទេ ដោយអ្នកទាំងពីរត្រូវទុកពេលរកស៊ីអោយបានច្រើនជាមុនសិន។
ជាការកត់សម្គាល់តារាសម្តែងលោក ជា លាងឈែ បានទទួលស្គាល់ពីទំនាក់ទំនងរវាងរូបលោកនិង ណត្ថិយ៉ា លើសពីដៃគូសម្តែង ក្រោយពេលបានចាប់ដៃគូសម្តែងកាលពីកន្លងមក។ លោក ជា លាងឈែ ធ្លាប់លើកឡើងថា លោកបានចាប់អារម្មណ៍ទៅលើ ណត្ថិយ៉ា ក្រោយពីលោកនិងនាងបានធ្វើការរួមគ្នា កាលពីប៉ុន្មានកន្លងទៅ។ លោកបញ្ជាក់ថា លោកចូលចិត្តនាង ដោយសារតែនាងមានអត្តចរិតស្រដៀងនឹងលោក គឺមិនចូលចិត្តនិយាយច្រើន និងមិនចេះលាក់លៀមឡើយ៕





ចែករំលែកព័តមាននេះ