ADផ្ទាំងផ្សព្វផ្សាយពាណិជ្ជកម្ម

Picture

តើ​គួរ​ថែទាំ​និង​សម្អាត​ត្រចៀក​បែប​ណា?

7 ឆ្នាំ មុន

រាជធានី​ភ្នំពេញ ៖ តើ​លោក​អ្នក​ជ្រាប​ដែល​ឬទេ​ថា អាចម៍ត្រចៀក និង​រោម​នៅ​ខាងក្នុង​ត្រចៀក​មាន​លក្ខណៈ​ពិសេស​បែប​ណាខ្លះ? តើ​គួរតែ​សម្អាត និង​ថែទាំ​យ៉ាងដូចម្តេច​ខ្លះ?

បើ​តាម​លោក​វេជ្ជបណ្ឌិត​អ៊ុ​ង នរិន្ទ អនុប្រធាន

រាជធានី​ភ្នំពេញ ៖ តើ​លោក​អ្នក​ជ្រាប​ដែល​ឬទេ​ថា អាចម៍ត្រចៀក និង​រោម​នៅ​ខាងក្នុង​ត្រចៀក​មាន​លក្ខណៈ​ពិសេស​បែប​ណាខ្លះ? តើ​គួរតែ​សម្អាត និង​ថែទាំ​យ៉ាងដូចម្តេច​ខ្លះ?

បើ​តាម​លោក​វេជ្ជបណ្ឌិត​អ៊ុ​ង នរិន្ទ អនុប្រធាន​ផ្នែក​ត្រចៀក ច្រមុះ បំពង​ក E3(​អគា​ទី​៣)​នៃ​មន្ទីរពេទ្យ​ព្រះ​អង្គឌួង និង​ជា​សមាជិកសមាគម ត្រចៀក ច្រមុះ បំពង់ក ក្បាល​កម្ពុជា រៀបរាប់ប្រាប់​កោះសន្តិភាព​ឱ្យ​ដឹង​កាលពី​ពេល ថ្មី​ៗ​កន្លង​មក​ថា នៅ​ក្នុង​ត្រចៀក​គឺ​មាន​ក្រពេញ​ប្រព័ន្ធ​ការពារ ហើយ​ក្រពេញ​នោះ​បាន​បញ្ចេញ​ទឹក សើម​ៗ​ដែល​យើង​ហៅ​ថា​អាចម៍ត្រចៀក ។

អាចម៍ត្រចៀក មាន​តួនាទី​ការពារ​មិន​ឱ្យ​ធូលី​ដី សត្វល្អិត និង​មេរោគ​ចេញ​ទៅ​ដល់​ក្រដាសត្រចៀក​បាន​ទេ ។ ចំណែក​រោម​ខាងក្នុង​ត្រចៀក​មាន​តួនាទី​បក់​អាចម៍ត្រចៀក​មក​ខាងក្រៅ​ដូច្នេះ​គេ​មិន​ឱ្យ​ខ្វេះ កាយ​អាចម៍ត្រចៀក​ឬ​ក៏​កោរ​រោម​ត្រចៀក​ទេ ព្រោះ​វា​ជា​ប្រព័ន្ធ​ការពារ​ត្រចៀក ។ ត្រចៀក មិន​ថា​មនុស្ស​ធំ​ក្តី ឬ​ក្មេង​តូច​ក្តី ការ​ថែទាំ​គឺ​មាន​លក្ខណៈ​សាមញ្ញ​ដូច​គ្នា ដោយ​លោក​អ្នក​គ្រាន់តែ​អនុវត្ត​តាម​វិធី​ដូច​ខាងក្រោម​នេះ ៖

១-​ការពារ​កុំឱ្យ​សើម និង​ត្រូវ​ជូត​ផ្តិត​ឱ្យ​បាន​ស្អាត ព្រោះ​កាលណា​ត្រចៀក​សើម អាច​ធ្វើ​ឱ្យ​ដុះ​ផ្សិត ហើយ​រមាស់​ធ្វើ​ឱ្យ​លោក​អ្នក​ទ្រាំ​មិន​បាន រហូត​ដល់​យក​របស់​មិន​ស្អាត ខ្វារ ឆ្កឹះ ដែល​អាច​ធ្វើ​ឱ្យ​មេរោគ​ឆ្លង​ចូល​នាំ​ឱ្យ​កើត​មាន​បញ្ហា​រលាក​ត្រចៀក​បាន​យ៉ាង​ងាយ ។

២-​ត្រូវ​តែ​សម្អាត និង​អនាម័យ​ទាំង​ក្រៅ​ស្លឹកត្រចៀក និង​ខាងក្នុង​ត្រចៀក ។

៣-​ជា​ទូទៅ​តាម​ច្បាប់​ក្បួន​ពេទ្យ​អាចម៍ត្រចៀក គេ​មិន​ឱ្យ​លាង​សម្អាត ខ្វេះ កាយ ត្បារ​នោះ​ទេ ព្រោះ​វា​ជា​លក្ខណៈ​ធម្មជាតិ និង​ជា​ប្រព័ន្ធ​ការពារ និង​អាច​ចេញ​មក​ខាងក្រៅ​ដោយ​ខ្លួនឯង ។ អ្នកជំងឺ​ភាគច្រើន​ដែល​មាន​បញ្ហា​រលាក​ត្រចៀក ច្រើន​តែ​បណ្តាល​មក​ពី​ការ​ខ្វេះ កាយ​អាចម៍ត្រចៀក ដូច្នេះ​ទម្លាប់​ទាំងនេះ​គួរតែ​កែប្រែ​ដោយ​ការ​ជូត​សម្អាត​វិញ ។

អាចម៍ត្រចៀក​របស់​លោក​អ្នក កម្រ​បង្ក​ជា​បញ្ហា​ធ្ងន់​ដល់​សុខភាព​ខ្លាំង​ណាស់ ដូច្នេះ​បើ​មិន​ចាំបាច់​ទេ ឬ​មិន​មាន​ផល​រំខាន​ទេ អ្នក​មិន​គួរ​ឆ្កឹះ ឬ​ត្បារ​វា​ចេញ​នោះ​ទេ ។ ការ​មាន​អាចម៍ត្រចៀក គឺជា​រឿង​ធម្មតា​ទេ ហើយ​អ្នក​មិន​ចាំបាច់​បារម្ភ ឬ​ខ្វាយខ្វល់​ពី​វា​ច្រើន​ពេក​ទេ ប៉ុន្តែ​សូម​ប្រញាប់​ទាក់ទង​ទៅ​គ្រូពេទ្យ​ភ្លាម ប្រសិនបើ​អ្នក​សង្កេត​ឃើញ​ត្រចៀក​លោក​អ្នក និង​កូនលោក​អ្នកមាន​បញ្ហា​មួយ​ចំនួន ដូច​ជា ស្តាប់​មិនសូវ​ច្បាស់​អាចម៍ត្រចៀក​មាន​លក្ខណៈ​រឹង ឈឺ​ក្នុង​ត្រចៀក រមាស់​ត្រចៀក​ខ្លាំង មាន​ទឹករងៃ​ហូរ មាន​ខ្ទុះ មាន​ឈាម មាន​ក្លិនស្អុយ និង​លាយឡំ​ជាមួយនឹងសញ្ញា​ក្តៅខ្លួន​ទៀត​នោះ​គួរ​ប្រញាប់​ទៅ​ពិភាក្សា​ជាមួយ​គ្រូពេទ្យ​ទើប​ជា​ការ​ប្រសើរ ៕​