ទីក្រុងហ្សាការតា ៖ ក្រសួងសម្របសម្រួលកិច្ចការផ្លូវទឹករបស់ឥណ្ឌូណេស៊ីបាននិយាយថា ប្រទេសនេះកំពុងរៀបចំប្តឹងក្រុមហ៊ុន PTTEPរបស់ថៃ ពីការប៉ះពាល់បរិស្ថាន បន្ទាប់ពីបានកំពប់ប្រេងនៅ Montara កាលពីឆ្នាំ២០០៩ ។
ការសម្រេចចិត្តនេះកើតមានឡើងបន្ទាប់ពីការព្យាយាមចរចាលើរឿងនេះដែលបានផ្អាកតាំងពីឆ្នាំ២០១២មក និងក្រោយមានបណ្តឹងមួយទៀតពីក្រុមកសិករសារ៉ាយសមុទ្រឥណ្ឌូណេស៊ីប្រមាណ១ម៉ឺន៥ពាន់នាក់ ដោយទាមទារប្រាក់១៥៤លានដុល្លារពី PTTEP Australasia ដើម្បីជាសំណងសម្រាប់ផលប៉ះពាល់ពីការកំពប់ប្រេង ។
មានប្រេងប្រមាណ៣ម៉ឺនធុងត្រូវបានកំពប់ចូលក្នុងសមុទ្រ Timor ក្នុងរយៈពេល៧៤ថ្ងៃ បន្ទាប់ពីមានករណីផ្ទុះក្នុងកន្លែងជីកប្រេង Montara របស់ PTTEP នៅជិតឆ្នេរប៉ែកពាយ័ព្យប្រទេសអូស្ត្រាលី ក្នុងឆ្នាំ២០០៩ ។
លោក Basilio Dias Araujo ជំនួយការអនុរដ្ឋមន្ត្រីផ្នែកសុវត្ថិភាព និងសន្តិសុខឥណ្ឌូណេស៊ី បានថ្លែងក្នុងសេចក្តីថ្លែងការណ៍ចេញផ្សាយលើគេហទំព័ររបស់ក្រសួងថា ៖ « បញ្ហានេះទាក់ទិនដល់អធិបតេយ្យភាព និងសហគមន៍ក្រីក្រដែលរស់នៅពឹងផ្អែកលើវិស័យផ្លូវទឹក។ ដូច្នេះ ពួកយើងត្រូវតែប្រឆាំងនឹងវាដោយហ្មត់ចត់ » ។
សេចក្តីថ្លែងការណ៍បន្តថា រដ្ឋាភិបាល និងរដ្ឋអាជ្ញាឥណ្ឌូណេស៊ីកំពុងប្រមូលភស្តុតាង និងកោះហៅសាក្សីជាអ្នកជំនាញប្រមាណ៥០នាក់ផងដែរ ។
លោកបន្ថែមថា ៖ « រដ្ឋាភិបាលឥណ្ឌូណេស៊ី បានស្នើឲ្យ PTTEP សងប្រាក់សំណងក្រៅផ្លូវច្បាប់រួចមកហើយ ប៉ុន្តែការចរចាមិនអាចតទៅមុខបានក្នុងឆ្នាំ២០១២ ។ ដូច្នេះ គ្មានការព្រមព្រៀងណាមួយត្រូវបានសម្រេចចេញឡើយ » ។
ប្រេងដែលចេញពី Montara បានចូលមកក្នុងទឹករបស់ឥណ្ឌូណេស៊ី និងជាឧបទ្ទេវហេតុការជីកប្រេងលើទឹកធំជាងគេរបស់ប្រទេសអូស្ត្រាលី ។
PTTEP Australasia បាននិយាយលើគេហទំព័ររបស់ពួកគេថា ៖ « ប្រេងពីឧបទ្ទេវហេតុ Montara មិនបានចូលទៅកាន់ដែនដីរបស់ប្រទេសអូស្ត្រាលី និងឥណ្ឌូណេស៊ីឡើយ។ វាបានប៉ះពាល់តិចតួច ឬមិនប៉ះពាល់ពីការកំពប់ប្រេងនេះលើប្រព័ន្ធអេកូឡូស៊ី និងសត្វក្នុងសមុទ្រ Timor ឡើយ » ។
PTTEP ត្រូវបានកាត់ក្តីឲ្យសងប្រាក់៣៩ម៉ឺន៤ពាន់ដុល្លារដោយតុលាការ Darwin កាលពីឆ្នាំ២០១១ផងដែរ បន្ទាប់ពីជាប់ទោសទាក់ទិននឹងរឿងផ្សេងទៀតដូចជា សុខភាព សុវត្ថិភាពកន្លែងធ្វើការ និងការបរាជ័យក្នុងការរក្សាសណ្តាប់ធ្នាប់នៅតំបន់ប្រេងឲ្យបានល្អទៀតផង។
កសិករសារ៉ាយសមុទ្រឥណ្ឌូណេស៊ីមកពីខេត្ត Nusa Tenggara Timur បានចាប់ផ្តើមសកម្មភាពរបស់ពួកគេកាលពីខែសីហា មុន ៕
ចែករំលែកព័តមាននេះ