កុម្មង់បទ «រាំអញ្ចេកៗ» ចេញបទ «បុណ្យភូមិ» វ៉ៃអ្នកភ្លេង
រាជធានីភ្នំពេញ ៖ កម្មវិធីមង្គលការមួយដែលបានដំណើរការជិតចប់ទៅហើយ នៅសល់តែការរាំកម្សាន្ត ក៏បានក្លាយទៅជាការប្រទូសរ៉ាយនឹងគ្នាបង្កហិង្សា
រាជធានីភ្នំពេញ ៖ កម្មវិធីមង្គលការមួយដែលបានដំណើរការជិតចប់ទៅហើយ នៅសល់តែការរាំកម្សាន្ត ក៏បានក្លាយទៅជាការប្រទូសរ៉ាយនឹងគ្នាបង្កហិង្សា
រាជធានីភ្នំពេញ ៖ កម្មវិធីមង្គលការមួយដែលបានដំណើរការជិតចប់ទៅហើយ នៅសល់តែការរាំកម្សាន្ត ក៏បានក្លាយទៅជាការប្រទូសរ៉ាយនឹងគ្នាបង្កហិង្សា ធ្វើឱ្យរងរបួសតន្ត្រីករ២នាក់ ព្រមទាំងប្រកែកគ្នារឿងមិនព្រមឱ្យប្រាក់ថ្លៃប្រគំតន្ត្រីផងដែរ ។ ជម្លោះដែលបានកើតឡើង ដោយគ្មានការព្រាងទុកនេះ គឺបន្ទាប់ពីម្ចាស់ដើមការកុម្មង់ឱ្យច្រៀងបទ រាំអញ្ចេក! ឬរាំអញ្ចេះៗ ដែលបទនេះកំពុងល្បីយ៉ាងខ្លាំងនោះ បែរជាតន្ត្រីករចេញបទ «បុណ្យភូមិ» ទើបបង្កឱ្យមានការភ្ញាក់ផ្អើលឈុលដល់ សមត្ថកិច្ចកាលពីវេលាម៉ោង១១ និង៣០នាទីយប់ថ្ងៃទី១៩ មីនា នៅក្នុងរោងការ ក្នុងភូមិរំដួល សង្កាត់ស្នោ ខណ្ឌពោធិ៍សែនជ័យ ។
តន្ត្រីករដែលត្រូវវាយដំដោយក្រុមម្ចាស់ដើមការ ទី១-មានឈ្មោះ នៅ វី ភេទប្រុស អាយុ៣៤ឆ្នាំ ជាអ្នករៀបឆាកអកកាដង់ ស្នាក់នៅភូមិអង្គ សង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ និងទី២-ឈ្មោះ គឹម សី ភេទប្រុស អាយុ៣៦ឆ្នាំ ជាមេការអកកាដង់ ស្នាក់នៅភូមិអង្គសង្កាត់ចោមចៅ ខណ្ឌពោធិ៍សែនជ័យ មានស្រុកកំណើតនៅភូមិជ្រោយស្វាយ ឃុំជ្រោយស្វាយ ស្រុកស្រែអំបិល ខេត្តកោះកុង ។ តន្ត្រីករទាំង២បានរបួស ដោយគេទះកំផ្លៀងច្រើនដៃ ។
តាមសំដីផ្ទាល់ពីតន្ត្រីករបានប្រាប់កោះសន្តិភាពថា ម្ចាស់ដើមការបានជួលក្រុមអកកាដង់របស់គាត់មកលេងក្នុងកម្មវិធីមង្គលការកូន ខណៈពេលភ្ញៀវហូបចុកដល់យប់ ក៏មានកម្មវិធីរាំកម្សាន្ត មានបុរសម្នាក់បានទៅកុម្មង់សុំឱ្យច្រៀងបទបុណ្យភូមិ រួចហើយក៏ដើរចេញទៅបាត់ ហើយក្រុមអ្នកភ្លេងក៏រៀបចំចេញបទ បុណ្យភូមិដែលជាបទមួយល្បីផងដែរ ។ ស្រាប់តែមានស្ត្រីវ័យចំណាស់ម្នាក់ដែលអះអាងថា ជាបងប្អូនម្ចាស់ដើមការ បានមកកុម្មង់បទរាំអញ្ចេក! រាំអញ្ចេក! លុះពេលក្រុមតន្ត្រីចេញបទ បុណ្យភូមិ ធ្វើឱ្យខាងម្ចាស់ដើមការខឹងសម្បា បាននាំគ្នាមកព្រួតវាយក្រុមគាត់ចំនួន២នាក់ បណ្តាលឱ្យរងរបួសក្រហមមុខមាត់ដែរ ។
ជនរងគ្រោះដែលជាក្រុមតន្ត្រីករបានបន្តទៀតថា ខណៈពេលដែលគេព្រួតវាយពួកគាត់ឱ្យរងរបួសហើយ គាត់បានសំពះសុំទោស ដោយនិយាយទៅកាន់ខាងម្ចាស់ដើមការថា ដោយសារគេសុំកុំម៉ង់បទបុណ្យភូមិមុន ទើបគាត់ចាក់បទនឹងមុន ហើយចាំដាក់បទ រាំអញ្ចេក… រាំអញ្ចេក… ជាបន្តបន្ទាប់ ។ ជាមួយនោះដែរ ជនរងគ្រោះបានបន្តទៀតថា គាត់មានគ្នា៨នាក់ ក្នុងនោះមានស្រី៤នាក់ បានជួលក្នុងតំលៃ៣៥០ដុល្លារ ឱ្យលេងចាប់ពីម៉ោង៦ល្ងាចដល់ម៉ោង១១យប់ ។ រហូតដល់ម៉ោងចប់កម្មវិធីពួកគេបានសុំថ្លៃឈ្នួលឱ្យទៅខាងអ្នករាំ ដែលត្រូវការលុយប្រញាប់ទៅផ្ទះតែភាគីខាងម្ចាស់កម្មវិធីមិនឱ្យលុយទេ ដោយនិយាយថាយកលុយចាយអីទាំងយប់ ចាំព្រឹកអត់បានទេឬ? ។ រីឯម្ចាស់អកកាដង់ឆ្លើយទៀតថា ពួកគាត់នៅផ្ទះផ្សេងៗគ្នា ត្រូវការប្រាក់ឈ្នួលចែកគ្នាឱ្យហើយ ។ ពេលនោះម្ចាស់កម្មវិធីនិយាយទៀតថា លុយមិនទាន់ឱ្យទេ ទៅប្តឹងដល់ណាក៏ប្តឹងទៅ ទើបភាគីខាងតន្ត្រីករបានប្តឹងទៅសមត្ថកិច្ច ។ លុះម្ចាស់កម្មវិធីឃើញសមត្ថកិច្ចមកនិងសារព័ត៌មានទៅដល់ ក៏រឹតតែខឹងសម្បាទ្វេឡើង ។ ពេលឃើញអ្នកសារព័ត៌មានថតផងនោះ បាននិយាយបញ្ច្រាស់មកវិញថា ទៅយកលុយពីសមត្ថកិច្ចនិងអ្នកសារព័ត៌មានទៅ រួចហើយបានបិទទ្វារចូលផ្ទះអស់ ។
មន្ត្រីសាលាសង្កាត់ស្នោរមួយរូបសុំមិនបញ្ចេញឈ្មោះបានឱ្យកោះសន្តិភាពដឹងតាមទូរស័ព្ទថា នៅវេលារសៀលថ្ងៃទី២០ មីនា នគរបាលប៉ុស្ដិ៍ស្នោរ បានអញ្ជើញគូជម្លោះទាំងពីរ ទៅជួបធ្វើការដោះស្រាយគ្នា ដើម្បីសម្របសម្រួលកុំឱ្យមានអំពើហិង្សាកើតឡើងជាបន្តទៀត ហើយការឱ្យជួបដោះស្រាយគ្នានោះធ្វើឡើង តាមពាក្យបណ្ដឹងរបស់ខាងតន្ត្រីករដែលបានប្ដឹងទាមទារសុំថ្លៃឈ្នួលការប្រគុំតន្ត្រី និងសំណងជម្ងឺចិត្តចំនួន១ពាន់ដុល្លារ ។ ប៉ុន្តែខាងអ្នកដើមការមិនបានចូលខ្លួនទៅនោះឡើយ គឺបានឱ្យប្អូនស្រីរបស់ខ្លួនជាតំណាងចូលទៅជួបដោះស្រាយជាមួយភាគីតន្ត្រីករ ។
ការដោះស្រាយគ្នានោះបានប្រព្រឹត្តទៅជាច្រើនម៉ោងរហូតដល់វេលាម៉ោង៣ និង៤០នាទីរសៀល ថ្ងៃដដែលនោះទើបចប់ ប៉ុន្តែលទ្ធផលគឺសូន្យ ។
ប្រភពដដែលបានបន្តទៀតថា ទាំងនគរបាលប៉ុស្ដិ៍ និងអាជ្ញាធរសង្កាត់បានធ្វើការសម្របសម្រួលមិនចង់ឱ្យមានរឿងវែងឆ្ងាយតទៅទៀតឡើយ ហើយខាងក្រុមតន្ត្រីកររងគ្រោះបានប្រកាន់ជំហរទាមទារថ្លៃឈ្នួល និងសំណង ជម្ងឺចិត្តដោយគ្មានការលើកលែងដដែល ។
ចំណែកឯភាគីម្ចាស់ដើមការបានបដិសេធន៍ថា ខ្លួនមិនព្រមសងអ្វីទាំងអស់ សូម្បីតែមួយរៀល មិនតែប៉ុណ្ណោះ បានសំណូមពរសុំឱ្យនគរបាលបញ្ជូនសំណុំរឿងឡើងទៅលើទៀត គឺប្ដឹងដល់ណាដល់ទៅ ក៏គាត់មិនខ្លាចញញើតនោះទេសំខាន់គឺគាត់មិនសងអ្វីទាំងអស់ ៕
ចែករំលែកព័តមាននេះ