ខេត្តតាកែវ ៖ លោកឧត្តមសេនីយ៍ត្រី សេង មហា មេបញ្ជាការកងរាជអាវុធហត្ថខេត្តតាកែវ បានប្រាប់កោះសន្តិភាពឱ្យដឹងថា កាលពីថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២២ ក្រោមការសម្របសម្រួលនីតិវិធីដោយលោក ស៊ឹម ជុំសុខហេង ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត លោកបានអោយលោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ដឹកនាំកម្លាំងកងរាជអាវុធហត្ថ ចុះបង្ក្រាបករណីគ្រឿងញៀ.នជាក់ស្តែង នៅចំណុចភូមិត្រពាំងខ្ចៅ ឃុំរាមអណ្ដើកស្រុកគីរីវង់ ខេត្តតាកែវ។

លោកមេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានបន្តទៀតថា ជាលទ្ធផលប្រតិបត្តិការខាងលើនេះ ឃាត់ខ្លួនបានមនុស្សចំនួន០៤នាក់ រួមមាន៖ ទី១- ឈ្មោះ គឹម លីហួ ភេទប្រុស អាយុ២៨ឆ្នាំមានមុខរបមិនពិតប្រាកដ ហើយជាអ្នកជួញដូរ និងរក្សាទុកគ្រឿងញៀ.ន, ទី២- ឈ្មោះ រិន ស្រីល័យ ភេទស្រី អាយុ២០ឆ្នាំ មុខរបរលក់គ្រឿងក្រអូប (ត្រូវជាប្រពន្ធរបស់ គឹម លីហួ) អ្នកទាំង២នាក់រស់នៅភូមិ-ឃុំខាងលើ, ទី៣- ឈ្មោះ អ៊ិត សំអាត ភេទប្រុស អាយុ៣១ឆ្នាំ អ្នកប្រើប្រាស់ រស់នៅភូមិត្រពាំងរុង ឃុំរាមអណ្តើក និងទី៤- ឈ្មោះ ធាន ឧត្តម ភេទប្រុស អាយុ២៦ឆ្នាំ រស់នៅភូមិគោកព្រិច ឃុំគោកព្រិច ស្រុកគីរីវង់ មានមុខរបរមិនពិតប្រាកដ ហើយជាអ្នកប្រើប្រាស់។

ប្រភពដដែលបន្តថា ប្រតិបត្តិការខាងលើនេះ បានដករហូតវត្ថុតាងរួមមាន ៖ ១- ម្សៅក្រាម ពណ៌សថ្លា ចំនួន១៨កញ្ចប់ (ធំ១១កញ្ចប់ និងតូច០៧កញ្ចប់) ទម្ងន់ស្មើនឹង ៦១៧.២៧ក្រាម (ថ្លឹងទាំងសំបក់ថង់), ២- ថ្នាំគ្រា.ប់ប្រភេទ WY ពណ៌ឈាមជ្រូក ចំនួន០៨កញ្ចប់ (ធំ០៧កញ្ចប់ និងតូច១កញ្ចប់) ដែលមានចំនួន ១៣២០គ្រា.ប់ ទម្ងន់ស្មើនឹង ១៤៥.៩៣ក្រាម (ថ្លឹងទាំងសំបក់ថង់), ៣- ប្រាក់ដុល្លារចំនួន ២៤០០ដុល្លារ និងប្រាក់រៀលចំនួន ២ ៦៥៥ ០០០រៀល, ៤- ដបទឹកសុទ្ធធំចំនួន០១ (មានផ្ទុកដោយទឹកសារធាតុញៀ.ន), ៥- ទូរស័ព្ទចំនួន០៣គ្រឿង (ម៉ាកViVO, iPhone និង iPhone11 ProMaX) និង៦- ម៉ូតូចំនួន០២គ្រឿង (ម៉ាកហុងដា C125 ពណ៌ក្រហម ស្លាកលេខតាកែវ 1F2238 និងម៉ាក BeaT ពណ៌សខៀវ ស្លាកលេខ តាកែវ 1Y2809 ព្រមទាំងសម្ភារៈវេចខ្ចប់ថ្នាំញៀ.នមួយចំនួនទៀត។

ក្រោយពេលឃាត់ខ្លួនជនសង្ស័យទាំង៤នាក់ខាងលើ នៅចំពោះមុខកម្លាំងកងរាជអាវុធហត្ថខេត្ត ក្រុមជនសង្ស័យសារភាពថា «ពួកគេពិតជាបានរកស៊ីជួញដូរគ្រឿងញៀ.នពិតប្រាកដមែន»។
លោកវរសេនីយ៍ឯក ង៉ែត ចាន់ធី មេបញ្ជាកររងកងរាជអាវុធហត្ថខេត្ត បានបញ្ជាក់ថា ជនសង្ស័យទាំង៤នាក់ខាងលើ យើងកំពុងតែសាកសួរបន្ត ហើយកសាងសំណុំរឿង ដើម្បីបញ្ជូនក្រុមជនសង្ស័យ រួមជាមួយវត្ថុតាង ទៅកាន់សាលាដំបូងខេត្ត ដើម្បីចាត់ការទៅតាមផ្លូវច្បាប់។






ចែករំលែកព័តមាននេះ